សមត្ថកិច្ច​ឃាត់​អ្នក​កាសែត​និង​សាធារណជន​មិន​ឲ្យ​ទៅ​តាម​គណៈប្រតិភូ​ពិនិត្យ​ព្រំដែន

0:00 / 0:00

គណៈកម្មការ​ព្រំដែន​កម្ពុជា-​វៀតណាម សំណូមពរ​អោយ​ប្រជាពលរដ្ឋ​រៀងខ្លួន​មាន​ការ​អត់ធ្មត់​ដើម្បី​រក​ដំណោះស្រាយ។ សំណូមពរ​នេះ​ត្រូវ​លើក​ឡើង​អំឡុង​ពេល​ភាគី​ទាំង​ពីរ​ចុះ​ពិនិត្យ​មើល​តំបន់​ប៉ះទង្គិច​គ្នា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ ដែល​ស្ថិត​នៅ​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា។ យ៉ាង​ណា​ក្នុង​ដំណើរ​ទៅ​ពិនិត្យ​ព្រំដែន​នោះ​ពុំ​អនុញ្ញាត​អោយ​អ្នក​សារព័ត៌មាន​បាន​តាមដាន និង​យក​ព័ត៌មាន​ឡើយ។

កម្លាំង​អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​គេ​រៀបចំ​បណ្ដាក់​គ្នា​តាម​ផ្លូវ​ទៅ​កាន់​ព្រំដែន រារាំង​មិន​អោយ​អ្នក​សារ​ព័ត៌មាន​អាច​ទទួល​បាន​ព័ត៌មាន​ពី​ការ​ចុះ​ពិនិត្យ​ព្រំដែន​នោះ​ឡើយ។

​ប្រភព​ជា​មន្ត្រី​ប៉ូលិស​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ដែល​ដឹង​ហេតុការណ៍​នោះ អោយ​ដឹង​ថា ជំនួប​ពិភាក្សា​គ្នា​រវាង​គណៈ​ប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស លោក ឡុង វិសាលោ និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​អនុប្រធាន​គណៈកម្មការ​ព្រំដែន​ជាតិ​វៀតណាម លោក វៀង អាញ យ៉ុង នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា បាន​សួរ​ដេញដោល​បញ្ជាក់​បន្ថែម​អំពី​ហេតុការណ៍​ប៉ះ​ប្រយុទ្ធ​គ្នា​ចន្លោះ​បង្គោល​ព្រំដែន​លេខ​២០២ និង​២០៣ ស្ថិត​នៅ​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

​ប្រភព​ដដែល​បញ្ជាក់​ថា ប្រធាន​ប៉ុស្តិ៍​វៀតណាម ឆ្លើយ​បំភ្លឺ​ប្រាប់​គណៈប្រតិភូ​កម្ពុជា ដែល​ចុះ​ពិនិត្យ​តំបន់​នោះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​បើក​ការ​វាយ​ប្រហារ​ជា​មុន​ដោយ​ប្រើ​ដងទង់​ជាតិ ខណៈ​ដែល​ប្រជាពលរដ្ឋ​វៀតណាម គ្មាន​អាវុធ​ក្នុង​ដៃ ហើយ​ព្យាយាម​ពន្យល់​ពលរដ្ឋ​ខ្មែរ ឲ្យ​ដឹង​ថា ដី​នៅ​ទី​នោះ​គឺ​ជា​កម្មសិទ្ធិ​របស់​វៀតណាម។

​ដោយឡែក​អាជ្ញាធរ​កម្ពុជា ដែល​ជា​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​វៀតណាម ប្រដាប់​ដោយ​ដំបង​គ្រប់​ដៃ បាន​ចូល​មក​វាយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ។

យ៉ាង​ណា​ក៏ដោយ ភាគី​ទាំង​ពីរ​ក៏​សម្រុះសម្រួល​គ្នា ហើយ​សំណូមពរ​អោយ​ណែនាំ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​អោយ​យល់​ដឹង​អំពី​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥ ដែល​អោយ​រក្សា​ស្ថានភាព​ដើម​ដដែល មិន​អោយ​មាន​ការ​សាងសង់​អ្វី​ឡើយ​រហូត​ដល់​មាន​ដំណោះស្រាយ​ត្រឹមត្រូវ។

​វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ឡុង វិសាលោ និង​មន្ត្រី​ជំនាញ​ព្រំដែន​ដែល​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​នោះ ប៉ុន្តែ​មិន​បាន​ការ​ឆ្លើយ​តប​ឡើយ។

តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​មើល​ព្រំដែន​នោះ បញ្ជាក់​ឡើង​វិញ​ថា ប្រជាពលរដ្ឋ​វៀតណាម ទេ ដែល​ចូល​មក​វាយ​ខ្មែរ​នៅ​លើ​ទឹកដី​ខ្មែរ។

លោក​ចោទ​ថា វៀតណាម​បាន​រំកិល​ព្រំដែន​ចូល​ដី​ខ្មែរ​ប្រមាណ​កន្លះ​គីឡូម៉ែត្រ និង​បាន​សាងសង់​ផ្លូវ​ចូល​តំបន់​ស ដែល​រំលោភ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៥ ទៀត​ផង៖ «ខ្មែរ​យើង​គ្មាន​អាវុធ​ក្នុង​ដៃ​ទេ ហើយ​ទាហាន​ខ្មែរ​យើង​នៅ​ទី​នោះ​មិន​ដល់ ១០​នាក់​ផង ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​សុទ្ធតែ​ដំបង ហើយ​ដំ​ដែកគោល​ជាប់​ទៀត​ផង ហើយ​ទាហាន​គេ​ជា​ច្រើន​ដែរ មាន​សុទ្ធតែ​អាវុធ បាន​ចូល​មក​វាយ​ខ្មែរ​លើ​ដី​ខ្មែរ គឺ​ខុស​ធ្ងន់​ណាស់»

​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​ដឹកនាំ​យុវជន ព្រះសង្ឃ និង​ពលរដ្ឋ​ប្រមាណ ២០០​អង្គ និង​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ កន្លះ​គីឡូម៉ែត្រ​ពី​បង្គោល​ចាស់។ ចំណុច​ព្រំដែន​នេះ គឺ​នៅ​ទល់មុខ​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An province) ប្រទេស​វៀតណាម។

​កាល​ណោះ គឺ​ពេល​ដែល​ពលរដ្ឋ និង​កងទ័ព​វៀតណាម រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ទី​នោះ ទើប​បណ្ដាល​អោយ​មាន​ការ​ប៉ះទង្គិច​ដោយ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ពលរដ្ឋ​ខ្មែរ​រង​របួស​ជាង ១០​នាក់ និង​វៀតណាម របួស ៨​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។