ការ​ចំណាយ​របស់​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម

បាតុករ​ម្នាក់ៗ​បាន​ចំណាយ​លើ​ចំណី​អាហារ និង​ភេសជ្ជៈ​នៅ​ពេល​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៣ តុលា គឺ​មាន​ចន្លោះ​ប្រមាណ ៨​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល។ ការ​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​នេះ ជា​ថ្នូរ​នឹង​ការ​ទាមទារ​យុត្តិធម៌ និង​ដោះស្រាយ​បញ្ហា​នានា ចំពោះ​លទ្ធផល​បោះឆ្នោត​ដែល​បាន​ប្រកាស​រួច​ហើយ​នោះ។

0:00 / 0:00

ក្រុម​បាតុករ​​រាប់​ម៉ឺន​នាក់​មក​ពី​បណ្ដា​ខេត្ត​នានា ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​មក​ចូល​​រួម​​ធ្វើ​បាតុកម្ម​អហិង្សា​​នៅ​ថ្ងៃ​ទី​២៣ តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​ទទួល​បន្ទុក​លើ​ការ​ចំណាយ​លើ​ចំណី​អាហារ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​​ដោយ​ខ្លួន​ឯង។

បាតុករ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ចំណាយ​​​ខុសៗ​គ្នា​ទៅ​តាម​ធនធាន​របស់​គេ។ បាតុករ​មួយ​ចំនួន​បាន​ត្រៀម​របស់​របរ ឬ​ចំណី​អាហារ​រួច​ជា​ស្រេច ដើម្បី​ធ្វើ​ដំណើរ​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នៅ​រាជធានី​ភ្នំពេញ។ ទោះ​ជា​យ៉ាង​ណា បាតុករ​ភាគ​ច្រើន​បាន​ចំណាយ​ថវិកា ចំណាយ​លើ​ចំណី​អាហារ​ប្រចាំ​ថ្ងៃ​អំឡុង​ពេល​ធ្វើ​បាតុកម្ម​នេះ មាន​ចន្លោះ​ពី ៨​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល។ បន្ថែម​លើ​នេះ ​​​​​ក្រុម​បាតុករ​បាន​អះអាង​ថា គេ​ពេញ​នឹង​ការ​​លះបង់​​នេះ ដើម្បី​ទាមទារ​យុត្តិធម៌​​នៅ​ក្នុង​សង្គម។

អ្នក​វិភាគ​អាជីវកម្ម​​វិញ​បាន​អះអាង​​ថា អាជីវកម្ម​និង​ការ​ធ្វើ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ពិបាក​នឹង​សន្មត​ថា អ្នក​ណា​ចំណេញ ឬ​អ្នក​ណា​ខាត​បង់​ណាស់ ដោយសារ​តែ​អ្នក​ធ្វើ​បាតុកម្ម​ជា​សកម្មជន​នយោបាយ។ ការ​​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ គឺ​ជា​ការ​បង្ហាញ​អំពី​ឆន្ទៈ​របស់​អ្នក​គាំទ្រ​ជា​ជាង​​ ការ​ជះ​ឥទ្ធិពល​ដល់​សកម្មភាព​សេដ្ឋកិច្ច​ និង​អាជីវកម្ម​ផ្សេង។

អ្នក​វិភាគ​អាជីវកម្ម​លោក ឌិន វីរៈ មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ជា​ការ​ស្ម័គ្រ​ចិត្ត​របស់​អ្នក​គាំទ្រ​របស់​បក្ស​មួយ​ដែល​​ក្រុម​បាតុករ​ពេញ​ចិត្ត​នឹង​ការ​ចំណាយ​ទាំង​អស់។ ប៉ុន្តែ​ការ​វិភាគ​ផ្នែក​សេដ្ឋកិច្ច​វិញ គឺ​ជា​រឿង​ពិបាក​សន្និដ្ឋាន​ថា ក្រុម​អ្នក​ណា​ខាត ហើយ​អ្នក​ណា​ចំណេញ​​​បាន​​ណាស់។ ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​នេះ អាច​ធ្វើ​ឲ្យ​អាជីវកម្ម​តូច​តាច​នៅ​តាម​ផ្លូវ​ដែល​ធ្វើ​បាតុកម្ម​​ចំណេញ​ច្រើន​​​​ពី​ការ​ចំណាយ​របស់​ក្រុម​បាតុករ។

យ៉ាង​ណា​ក៏​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​​នានា មិន​អាច​ប៉ាន់​ស្មាន​ថា ចំនួន​បាតុករ​ដែល​បាន​ចូល​រួម​បាតុកម្ម​អហិង្សា​នៅ​ថ្ងៃ​ទី​២៣ តុលា មាន​ចំនួន​​ប៉ុន្មាន​នាក់​នោះ​ឡើយ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ក្រុម​បាតុករ​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​​អហិង្សា​នៅ​ថ្ងៃ​ដំបូង​នេះ មាន​ចំនួន ៧​ម៉ឺន​នាក់ ដែល​បរិមាណ​នេះ​ ក្រុម​បាតុករ​ទាំង​អស់​អាច​ចំណាយ​​ថវិកា​លើ​ចំណី​អាហារ​យ៉ាង​ហោច​ណាស់​​ចន្លោះ​ពី ១០​ម៉ឺន ទៅ ១៥​ម៉ឺន​ដុល្លារ​អាមេរិក នា​ថ្ងៃ​​ធ្វើ​បាតុកម្ម​នា​ថ្ងៃ​ដំបូង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។