ប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋសភាកម្ពុជា លោក ឈាង វុន មានប្រសាសន៍នៅព្រឹកថ្ងៃច័ន្ទ ទី១០ ខែមិថុនា ថា នៅពេលច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យបានចូលជាធរមាន នឹងត្រូវអនុវត្តមិនរើសមុខ។
ថ្លែងក្នុងសន្និសីទកាសែតនាមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមិថុនា លោក ឈាង វុន បានបញ្ជាក់ថា ការបង្កើតច្បាប់ថ្មីនេះ មិនមែនសំដៅដាក់ទោសលើបុគ្គល លោក កឹម សុខា ឬមន្ត្រីបក្សប្រឆាំងទេ។ លោកថា ច្បាប់នេះនឹងត្រូវអនុវត្តចំពោះគ្រប់ជនទាំងឡាយណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម។
ច្បាប់ប្រឆាំងជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ មាន ៥មាត្រា ត្រូវបានបង្កើតឡើងយ៉ាងតក់ក្រហល់ក្នុងរយៈពេល ២សប្ដាហ៍ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសស្នើច្បាប់នេះ។ ច្បាប់ថ្មីនេះ ក៏ត្រូវបានសមាជិកសភាគណបក្សប្រជាជនកម្ពុជា អនុម័តនៅថ្ងៃទី៧ ខែមិថុនា ក្នុងសំឡេងគាំទ្រ ៨៦ លើ ៨៦សំឡេង។
អ្នកវិភាគបញ្ហាសង្គម និងសាធារណជនបានចាត់ទុកច្បាប់នេះ ថាទំនងជាបង្កើតឡើងសម្រាប់ដាក់សម្ពាធទៅលើគណបក្សប្រឆាំង ឬប្រឆាំងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលតែងតែរិះគន់ឥតសំចៃមាត់ចំពោះមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ដោយភ្ជាប់ទៅនឹងរបបខ្មែរក្រហម។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា លោកមិនព្រួយបារម្ភចំពោះការបង្កើតច្បាប់ប្រឆាំងជនដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលស្នើបង្កើតដោយលោក ហ៊ុន សែន នោះទេ និងបានគាំទ្រច្បាប់នេះ។ ប៉ុន្តែអ្វីដែលលោកសោកស្តាយ គឺការបង្កើតច្បាប់នេះ បក្សកាន់អំណាចបង្កើតឡើងមានភាពតក់ក្រហល់ និងគ្មានការចូលរួមពីបក្សប្រឆាំង។
ច្បាប់ស្ដីពីការប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រង់ត្រា ២ ចែងថា រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្ដន្ទាទោសជននោះដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ១លានរៀល ទៅ ៤លានរៀល។ បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ទោះតាមមធ្យោបាយណាមួយក៏ដោយ ដូចជាតាមរូបភាពសម្ដី តាមលិខិត ឬគំនូរ និងតាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សាធារណជន។
លោក កែម ឡី អ្នកវិភាឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ក៏បានរិះគន់ការបង្កើតច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលមានភាពតក់ក្រហល់នេះដែរ។ លោកថា ការបង្កើតច្បាប់អ្វីមួយគួរមានការសិក្សាស្រាវជ្រាវពីប្រទេសផ្សេងៗ ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ លោកមានការព្រួយបារម្ភចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ឬយុវជនជុំវិញការកកើតឡើងនៃរបបខ្មែរក្រហម។
លោក ឈាង វុន ថ្លែងព្រមានថា ប្រសិនបើលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ឬបុគ្គលណាមួយដែលហានរិះគន់ក្រោយពីច្បាប់នេះចូលជាធរមាន ដែលថាមិនមានរបបកម្ពុជា ប្រជាធិបតេយ្យនៅកម្ពុជានោះ ពួកគេនឹងត្រូវប្រឈមចំពោះមុខច្បាប់ចៀសមិនផុតទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
