ចំណុច​ផ្ទុយ​គ្នា​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​លើ​នយោបាយ​ជាប់​គាំង

0:00 / 0:00

ការ​ចរចា​រក​ដំណោះស្រាយ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ ទោះ​បី​ជា​ពេល​ខ្លះ គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​អះអាង​ថា ការ​ចរចា​ជិត​ឈាន​ដល់​ដំណាក់​កាល​ត្រូវរ៉ូវ​គ្នា​ហើយ​ក៏ដោយ តែ​ធាតុ​ពិត គណបក្ស​ទាំង​ពីរ​នៅ​តែ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ដដែល។

បញ្ហា​នេះ អ្នក​វិភាគ​លើក​ឡើង​ថា ការ​ចរចា​មិន​ត្រូវរ៉ូវ​គ្នា​នេះ ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គិត​ពី​ផល​ប្រយោជន៍​របស់​គណបក្ស​ជា​ធំ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដូច​ជា​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជាង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ។

ការ​ចរចា​គ្នា​រក​ដំណោះស្រាយ​នយោបាយ​រួម​មួយ​របស់​គណបក្ស​ទាំង​ពីរ ហាក់​ដូច​ជា​កំពុង​លិច​អណ្ដែតៗ មិន​ទាន់​មាន​លទ្ធផល​ជា​ផ្លែផ្កា​នៅ​ឡើយ ទោះ​បី​ជា​គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា​លើ​គោលការណ៍​រួម​ចំនួន ១៤​ចំណុច​ក៏ដោយ។

អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា ការ​អូស​ពេល​វេលា​ជិត ១​ឆ្នាំ​នេះ គណបក្ស​ទាំង​ពីរ​គួរ​តែ​ពិចារណា​លើ​វិបត្តិ​នយោបាយ ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម និង​វិបត្តិ​សង្គម​កំពុង​តែ​កើត​ឡើង​ជា​បន្តបន្ទាប់ ដូចជា វិបត្តិ​ដីធ្លី កម្មករ​ធ្វើ​បាតុកម្ម​សុំ​ដំឡើង​ប្រាក់​ខែ បញ្ហា​ចំណាក​ស្រុក ភាព​អត់​ការងារ​ធ្វើ និង​វិបត្តិ​ផ្សេងៗ​ទៀត។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ការ​ចរចា​នេះ គណបក្ស​ទាំង​ពីរ​នៅ​តែ​គិត​ពី​ផល​ប្រយោជន៍​របស់​បក្ស​រៀងៗ​ខ្លួន។ លោក​បាន​ប្រៀបធៀប​គណបក្ស​ប្រជាជន​កម្ពុជា ជា​មនុស្ស​កំណាញ់ និង​ប្រៀបធៀប​គណបក្ស​សង្គ្រោះ​ជាតិ ដូចជា​មនុស្ស​លោភ។

«សំឡេង»

គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា​រក​ដំណោះស្រាយ​នយោបាយ​នេះ​ជាច្រើន​លើក​ច្រើន​សា មាន​ទាំង​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​ផ្លូវ​ការ និង​ជួប​ក្រៅ​ផ្លូវ​ការ។ នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ តំណាង​គណបក្ស​ទាំង​ពីរ​បាន​ជួប​គ្នា និង​បាន​ផ្លាស់​ប្ដូរ​ឯកសារ​គ្នា ដែល​ជា​ក្របខ័ណ្ឌ​មុន​នឹង​ជួប​គ្នា​ចរចា​បន្ត ក៏ប៉ុន្តែ​ជា​លទ្ធផល គណបក្ស​ទាំង​ពីរ​ហាក់​បី​ដូច​ជា​នៅ​ឆ្ងាយ​ពី​គ្នា​វិញ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ចរចា​ពិត​ប្រាកដ​ទេ ពីព្រោះ​ថា តំណាង​គណបក្ស​ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ​ឯកសារ ស្ដីពី​សេចក្ដី​ព្រាង​ចរចា​បន្ត កាល​ពី​ថ្ងៃ​សុក្រ ទី​៦ មិថុនា។ តែ​មក​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆ្លើយ​តប​អំពី​ការ​ចរចា​នោះ​ឡើយ។

លោក កឹម សុខា ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​រូបភាព​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សភា​ជា​ជាង​ចង់​ចរចា​រក​ដំណោះស្រាយ​រួម។ លោក​បាន​លើក​ពី​អាជ្ញាធរ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​ប្រើ​ទាហាន​ឲ្យ​បន្លំ​ធ្វើ​ជា​ប្រជាពលរដ្ឋ រារាំង​មិន​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ទៅ​ធ្វើ​វេទិកា​សាធារណៈ​នៅ​ស្រុក​អន្លង់វែង បាន កាល​ពី​ថ្ងៃ​ទី​៨ មិថុនា។

«សំឡេង»

នៅ​ក្នុង​បរិបទ​នេះ គណបក្ស​ទាំង​ពីរ​ហាក់​កំពុង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក អំពី​បញ្ហា​គ្មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត​រដ្ឋ ជាម យៀប និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ច្រាន​ចោល​ថា គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ​ទេ​ដែល​មិន​គោរព​លក្ខខណ្ឌ​ក្នុង​ការ​ចរចា។ លោក ជាម យៀប បាន​លើក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​គោរព​ទៅ​លើ​លក្ខខណ្ឌ ១៤​ចំណុច ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង និង​ការ​ចរចា​តាម​ទូរស័ព្ទ​រវាង លោក សម រង្ស៊ី និង​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៩ មេសា កន្លង​ទៅ។ លោក ជាម យៀប បញ្ជាក់​ថា បើ​សិន​ជា​ចង់​ធ្វើ​ការ​កែ​ទម្រង់​ណា​មួយ​នោះ គឺ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វែក​ញែក​គ្នា​នៅ​ក្នុង​សភា។

«សំឡេង»

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចរចា និង​មាន​ឆន្ទៈ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត តែ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ​ទេ​ដែល​គ្មាន​ឆន្ទៈ និង​មិន​ហ៊ាន​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ពិត​ប្រាកដ ដូច​ដែល​ខ្លួន​បាន​អះអាង​ថា ​ចង់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ។ លោក សម រង្ស៊ី សង្កត់​ធ្ងន់​ថា ការ​ចូល​សភា​ទៅ​បាន លុះត្រា​ណា​មាន​យន្តការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន។

«សំឡេង»

អ្នក​វិភាគ​លើក​ឡើង​ថា ការ​មិន​ត្រូវរ៉ូវ​គ្នា​លើ​ការ​ចរចា​ម្ដង​ហើយ​ម្ដង​ទៀត​នេះ គឺ​ដោយសារ​តែ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។ នៅ​ក្នុង​បរិបទ​នេះ គណបក្ស​ទាំង​ពីរ​ហាក់​កំពុង​គិត​ពី​ផល​ប្រយោជន៍​បក្ស​ជា​ធំ។ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​កំពុង​គិត​ថា បើ​សិន​ជា​ធ្វើ​ការ​កែ​ទម្រង់​តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ អាច​ថា​នឹង​បាត់​សំឡេង​ឆ្នោត​ពេល​ខាង​មុខ​ក៏​ថា​បាន។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ វិញ បើ​ចូល​សភា​ដោយ​គ្មាន​ការ​ព្រមព្រៀង​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ច្បាស់​លាស់​នោះ គឺ​ខ្លាច​បាត់​បង់​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ដើម្បី​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ ឬ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នោះ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ផល​ប្រយោជន៍​ចម្បង​ដែល​បក្ស​ទាំង​ពីរ​ដណ្ដើម​គ្នា​នោះ គឺ​អំណាច។ បញ្ហា​នេះ លោក​បញ្ជាក់​ថា បើ​កាល​ណា​គណបក្ស​ទាំង​ពីរ​គិត​ពី​អំណាច​ជា​ធំ​នោះ ការ​ចរចា​នឹង​មិន​ត្រូវ​គ្នា​ទេ។ ម្យ៉ាង​ទៀត ការ​ចរចា​នេះ ហាក់​នៅ​លាក់លៀម​មិន​បាន​លាត​ត្រដាង​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ធ្វើ​ជា​សាក្សី​ដឹង​ឮ​នោះ​ទេ។

«សំឡេង»

លោក កែម ឡី បន្ថែម​ថា មូលហេតុ​ចម្បង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​មាន​បំណង​ចង់​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មាន​ឆន្ទៈ​ក្នុង​ការ​ចរចា គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​ប្រជា​មតិ​ប្រជាពលរដ្ឋ​អំពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ។

«សំឡេង»

សេចក្ដី​ព្រាង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ចរចា​បន្ត​នោះ​មាន​ពីរ​ចំណុច​សំខាន់ៗ​ក្នុង​ចំណោម​ទាំង ១៤​ចំណុច ដែល​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​កន្លង​មក​នោះ ទី​១ ត្រូវ​ដាក់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ធម្មនុញ្ញ ដែល​មាន​អំណាច​ឯករាជ្យ អព្យាក្រឹត្យ និង​មាន​សមត្ថកិច្ច​ធានា​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ប្រកប​ដោយ​សេរី និង​យុត្តិធម៌។ ទី​២ ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំងអស់ មាន​សិទ្ធិ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា។

អ្នក​វិភាគ​លើក​ឡើង​ថា បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​នៅ​ក្រៅ​សភា​រហូត ហើយ​គណបក្ស​ប្រជាជន​កម្ពុជា អាច​ស្ដារ​យក​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ​វិញ​បាន លុះ​ណា​គណបក្ស​នេះ​ធ្វើ​ការ​កែ​ទម្រង់​រដ្ឋាភិបាល​ពិត​ប្រាកដ បំបាត់​អំពើ​ពុក​រលួយ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​តម្លាភាព សេវា​សុខាភិបាល​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​ឲ្យ​បាន​ច្បាស់​លាស់ ទើប​រដ្ឋាភិបាល​ឯក​បក្ស ប្រជាពលរដ្ឋ​នឹង​គាំទ្រ​បន្ត​ទៀត។

តែ​បើ​សិន​ជា​បញ្ហា​សង្គម​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ​ដូច​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទាញ​យក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កាន់​តែ​កើន​ឡើង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា លំបាក​នឹង​ទប់ស្កាត់។ តែ​អ្វី​ជា​ឧបសគ្គ​នោះ បើ​សិន​ជា​ស្ថានភាព​ជាប់​គាំង​នយោបាយ​អូស​បន្លាយ​កាន់​តែ​យូរ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ប្រឈម​នឹង​បញ្ហា​ថវិកា​ទ្រទ្រង់​គណបក្ស​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។