ជំទប់​ឃុំ​នៅ​កំពង់ឆ្នាំង​ត្អូញត្អែរ​ពី​ការ​រើសអើង​បក្ខពួក​ក្នុង​ការិយាល័យ

ការ​ប្រកាន់​និន្នាការ​នយោបាយ​នៅ​ឯ​ឃុំ​ដាច់​ស្រយាល​មួយ​ក្នុង​ខេត្ត​កំពង់ឆ្នាំង បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មិន​អាច​ទទួល​បាន​សេវា​សាធារណៈ​ផ្សេងៗ​បាន​ទាន់​ពេល​វេលា។ មន្ត្រី​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​វិមជ្ឈការ​ថ្នាក់​មូលដ្ឋាន ចាត់​ទុក​ថា​បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ។

0:00 / 0:00

ជំទប់​ទី១ និង​ជំទប់​ទី២ មក​ពី​គណបក្ស​ប្រឆាំង​នៃ​ឃុំ​កោះថ្កូវ ស្រុក​ជលគីរី ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ប្រកាន់​មេ​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​បិទ​ទ្វារ​សាលា​ឃុំ មិន​ឲ្យ​ពួក​គាត់​ចូល​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​លោក​មេ​ឃុំ​មិន​នៅ។

ជំទប់​ទី១ ឃុំ​កោះថ្កូវ មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោក ជឹម ស៊ីយុត បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី៣១ ឧសភា ថា ជាច្រើន​លើក​ច្រើន​សារ​ហើយ​ដែល​លោក​ទៅ​សាលា​ឃុំ លោក​មិន​អាច​ចូល​អង្គុយ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​បាន​ទេ ដោយសារ​លោក​មេ​ឃុំ​បាន​ចាក់​សោ​ទ្វារ ពេល​ដែល​លោក​មេ​ឃុំ​មិន​នៅ។

ជំទប់​ឃុំ​រូប​នេះ​បន្ត​ថា ក្នុង​នាម​លោក​ជា​ជំទប់ តែ​លោក​មេ​ឃុំ​មិន​ដែល​ចាត់​តាំង​ការងារ​អ្វី​មួយ​ឲ្យ​លោក​ធ្វើ​នោះ​ទេ ហើយ​សូម្បី​តែ​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ខែ ក៏​លោក​មេ​ឃុំ​មិន​ឲ្យ​លោក​ដឹង​ដែរ៖ «ការ​រើសអើង​នៅ​សាលា​ឃុំ គឺ​មាន​តាំង​ពី​ចូល​ធ្វើ​ការ​ដំបូង​មក​ម្ល៉េះ គេ​មិន​ដែល​ឲ្យ​ខ្ញុំ​ធ្វើ​ការ​អី​ទេ។ បើ​ចូល​មក​អង្គុយ​ក្នុង​សាលា​ឃុំ ក៏​ដូច​ជា​ទីងមោង​ដែរ។ ហើយ​នៅ​ពេល​គាត់​មិន​នៅ ទោះ​ជា​ច្រើន​ថ្ងៃ ក៏​គាត់​មិន​ដែល​ផ្ទេរ​សិទ្ធិ​ការងារ​ឲ្យ​ជំទប់​ទី១ ឬ​ជំទប់​ទី២ បម្រើ​ប្រជាពលរដ្ឋ​ដែរ»

លោក សូ យ៉េត ជា​ជំទប់​ទី២ ឃុំ​មក​ពី​គណបក្ស សិទ្ធិ​មនុស្ស ក៏​បាន​ឲ្យ​ដឹង​ប្រហាក់​ប្រហែល​គ្នា​ថា លោក​ពុំ​ដែល​ទទួល​បាន​ការ​ចាត់​តាំង​ការងារ​អ្វី​ក្នុង​ឃុំ​ទេ បើ​ទោះ​បី​ជា​ក្នុង​រចនាសម្ព័ន្ធ​ចែង​ថា ជំទប់​ទី២ ទទួល​បន្ទុក​ជួយ​មេ​ឃុំ​លើ​កិច្ចការ​រដ្ឋបាល សង្គម​កិច្ច សេវា​សាធារណៈ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក៏ដោយ។

ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ជំទប់​ឃុំ​ទាំង ២​រូប មក​ពី​គណបក្ស​ប្រឆាំង មេ​ឃុំ​កោះថ្កូវ លោក ចិន ផាន់ណា បន្ទោស​ថា មក​ពី​លោក​ជំទប់​ទាំង ២​រូប​នេះ គិត​តែ​ពី​ធ្វើ​ការងារ​ផ្ទាល់​ខ្លួន និង​ការងារ​គណបក្ស មិន​មក​ធ្វើ​ការងារ​នៅ​សាលា​ឃុំ​ឲ្យ​ទៀងទាត់ ហើយ​បែរ​ជា​យក​លេស​បន្ទោស​លោក​ទៅ​វិញ៖ «ខ្ញុំ​មិន​ដឹង​ថា​គាត់​មក​ថ្មើរ​ណា​ទេ គាត់​ថា​សាលា​ឃុំ​បិទ​ទ្វារ។ រាល់​ថ្ងៃ​ម៉ោង ៨​ជាង​ហើយ​គាត់​នៅ​មិន​ទាន់​មក​ដល់​ទៀត។ អ៊ីចឹង សាលា​ឃុំ​ដែល​មាន​មន្ត្រី​ឃុំ​ត្រូវ​ចុះ​ទៅ​តាម​ភូមិ​នោះ មិន​អាច​បើក​ទ្វារ​ចោល​បាន​ទេ ព្រោះ​គ្មាន​មនុស្ស​ចាំ ហើយ​នៅ​ក្នុង​ឃុំ​មាន​ឯកសារ​ច្រើន ឃុំ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ គាត់​មិន​សូវ​មក​ធ្វើ​ការ គាត់​គិត​តែ​ធ្វើ​ការងារ​ផ្ទាល់​របស់​គាត់»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) ដែល​ជា​អង្គការ​មួយ​តែង​តែ​តាម​ឃ្លាំ​មើល​ការ​វិវឌ្ឍន៍​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​បញ្ហា​បែប​នេះ​កើត​មាន​ម្ដង​ម្កាល​នោះ វា​គ្រាន់​តែ​ជា​បញ្ហា​កង្វះ​ខាត​ផ្នែក​រដ្ឋបាល។ ប៉ុន្តែ បើ​បញ្ហា​នេះ​កើត​មាន​ញឹកញាប់ ឬ​ជា​ប្រចាំ​នោះ គឺ​វា​ជា​បញ្ហា​រើសអើង​ផ្នែក​នយោបាយ​ហើយ៖ «ជំទប់​ទាំង​២ គាត់​អាច​ធ្វើ​របាយការណ៍​រាប់​បញ្ហា​នេះ​ឲ្យ​អ្នក​សម្រប​សម្រួល​ថ្នាក់​ស្រុក ឬ​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ ឬ​ទៅ​ក្រសួង​មហាផ្ទៃ ព្រោះ​បើ​សាលា​ឃុំ​បិទ​ញឹកញាប់​អ៊ីចឹង ធ្វើ​ឲ្យ​សេវា​សាធារណៈ​ត្រូវ​ស្ទះ ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​មិន​អាច​ទទួល​សេវា​តាម​តម្រូវ​ការ​បាន»

មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ ចែង​ថា ជំទប់ ចៅ​សង្កាត់​រង​ជា​ជំនួយ​ការ​របស់​មេ​ឃុំ ចៅ​សង្កាត់ ក្នុង​ការ​អនុវត្ត​ភារកិច្ច​ដែល​មេ​ឃុំ ចៅ​សង្កាត់​ប្រគល់​ឲ្យ និង​ជំនួស​មេ​ឃុំ ចៅ​សង្កាត់​ទៅ​តាម​ឋានានុក្រម​នៃ​ជំទប់ ចៅ​សង្កាត់​រង នៅ​ពេល​ដែល​ចៅ​សង្កាត់​អវត្តមាន។ មាត្រា​ដដែល​នេះ ក៏​ចែង​ថា ជំទប់​ទី១ ឬ​ចៅ​សង្កាត់​រង​ទី១ ទទួល​ជួយ​មេ​ឃុំ ចៅ​សង្កាត់​លើ​កិច្ចការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ឯ​ជំទប់​ទី២ ឬ​ចៅ​សង្កាត់​រង​ទី២ ទទួល​បន្ទុក​ជួយ​មេ​ឃុំ​លើ​កិច្ចការ​រដ្ឋបាល សង្គម​កិច្ច សេវា​សាធារណៈ និង​សណ្ដាប់ធ្នាប់​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។