មេភូមិបក្សប្រជាជននៅកំពង់ចាមរងការចោទថារើសអើងពលរដ្ឋគាំទ្របក្សប្រឆាំង
2013.07.05
ប្រជាពលរដ្ឋនៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ បានចោទប្រកាន់មេភូមិថាមានការរើសអើងចំពោះប្រជាពលរដ្ឋគាំទ្របក្សប្រឆាំង ក្នុងការចែកអណ្ដូងទឹកប្រើប្រាស់ ដែលផ្ដល់ជូនដោយអង្គការក្រៅរដ្ឋាភិបាល។
ប្រជាពលរដ្ឋនៅភូមិព្រែកផ្ដៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ឈ្មោះ ចេង ហុង បានឲ្យដឹងនៅថ្ងៃទី៤ កក្កដា ថា មេភូមិព្រែកផ្ដៅ លោក ចាប អេងឃីម បានព្រមានគាត់ថា បើចង់បានអណ្ដូងទឹកប្រើ ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ អ្នកស្រីបន្តថា ការប្រើពាក្យដូច្នេះរបស់មេភូមិ គឺនៅពេលអ្នកស្រីទៅប្រជុំជាមួយអង្គការ កេតហ្សាណា កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៣៖ «សមាជិកប្រធានស្រីគេហ្នឹង បានហៅខ្ញុំថា កឹមៗ កឹមឯងមានបញ្ហាហើយ នែ កឹមឯងទាល់តែចូលគណបក្សប្រជាជន បានគេឲ្យអណ្ដូង និងបង្គន់។ នៅពេលខ្ញុំឮសូរអ៊ីចឹងភ្លាម ខ្ញុំទៅផ្ទះវិញ ហើយម្នាក់ស្រីនោះថាកុំអាលទៅ នៅពេលជួបប្រធានភូមិប្រុសគេហ្នឹងឈ្មោះថា អេង ឃីម ក៏ថា អ្នកឯងអត់ចូលគណបក្សប្រជាជន គេមិនឲ្យអណ្ដូងទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិព្រែកផ្ដៅ លោក ចាប អេងឃីម ទទួលស្គាល់ថា លោកបានប្រាប់ប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មែន។ ប៉ុន្តែ លោកអះអាងថា លោកមិនទាន់បានដកហូតអណ្ដូងពីប្រជាពលរដ្ឋណាម្នាក់នៅឡើយ រហូតមកទល់ពេលនេះ។ លោកបដិសេធថា លោកមិនបានគំរាមកំហែងប្រជាពលរដ្ឋដែលមាននិន្នាការទៅរកគណបក្សផ្សេងនោះទេ តែលោកបាននិយាយថា ការដែលលោកប្រាប់ប្រជាពលរដ្ឋនោះ គ្រាន់តែលោកធ្វើតាមការបញ្ជាអំពីថ្នាក់លើតែប៉ុណ្ណោះ ហើយលោកមិនបានបង្ខំឲ្យប្រជាពលរដ្ឋត្រូវតែគាំទ្រគណបក្សប្រជាជនកម្ពុជា ជាដាច់ខាតនោះដែរ៖ «ខ្ញុំបាននិយាយមែន តែខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យដឹងថា គេថ្នាក់លើគេនិយាយហ្នឹង ប៉ុន្តែខ្ញុំថ្នាក់ក្រោមនេះគ្រាន់តែប្រាប់ឲ្យដឹង។ ខ្ញុំមិនមានដកអណ្ដូងពីនណាម្នាក់បានទេ។ ខ្ញុំថាហើយ គឺឲ្យហើយ»។
មេឃុំពាមជីលាំង លោក ជា ម៉េងហួត បានបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហានេះថា គោលការណ៍របស់អង្គការដែលបានផ្តល់អណ្ដូងជូនប្រជាពលរដ្ឋប្រើប្រាស់នេះ មិនបានគិតអំពីគោលនយោបាយ ឬនិន្នាការគាំទ្ររបស់គណបក្សណាមួយនោះទេ។ លោកបានបន្តថា ក្នុងនាមលោកជាថ្នាក់ដឹកនាំ លោកពុំបានបញ្ជាដល់កូនចៅ ឬសកម្មជនគណបក្សប្រជាជនឲ្យប្រាប់ដល់អ្នកដែលមានឈ្មោះទទួលបានអណ្ដូងទឹក ឲ្យបោះឆ្នោតជូនគណបក្សប្រជាជននោះដែរ៖ «បើសិនជាគេនិយាយក្រៅ ដូចមានប្រសាសន៍ហ្នឹង ខ្ញុំក៏ក្តាប់មិនបានដែរបញ្ហាហ្នឹងណា។ ប៉ុន្តែ ខ្ញុំជាអ្នកដឹក ហើយប្រជុំពីរបីលើក អ្នកដែលគេចុះមកផ្តល់អណ្ដូងអោយភ្នាក់ងារគេមកផ្សព្វផ្សាយ គេមិនដែលនិយាយភាសាអស់នេះទេ។ អាហ្នឹង គឺខ្ញុំអត់ដឹងដែរ មិនដឹងបញ្ជាពីថ្នាក់ណា ខ្ញុំក្នុងការគ្រប់គ្រងឃុំ ខ្ញុំអត់មានបញ្ជាទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងអង្គការ កេតហ្សាណា ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី៤ កក្កដា នេះ។
គោលការណ៍របស់អង្គការក្រៅរដ្ឋាភិបាលផ្ដល់អំណោយផ្សេងៗជូនប្រជាពលរដ្ឋនោះ គឺផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រទូទៅ មិនប្រកាន់ពូជសាសន៍ និងរើសអើងគណបក្សនយោបាយទេ។ បន្ថែមពីលើនេះទៀត ច្បាប់បោះឆ្នោតកំណត់ថា ប្រជាពលរដ្ឋមានសិទ្ធិក្នុងការសម្រេចចិត្តបោះឆ្នោតជូនគណបក្សណាដែលខ្លួនពេញចិត្តដោយសេរី គ្មានការទិញទឹកចិត្ត និងការបង្ខិតបង្ខំពីបុគ្គលណាម្នាក់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។