សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគិរី មកពីគណបក្សសង្គ្រោះជាតិ និងមន្ត្រីក្រុមប្រឹក្សាមកពីគណបក្សប្រជាជនកម្ពុជា កើតមានជម្លោះនឹងគ្នាទាក់ទិនការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។
សមាជិកក្រុមប្រឹក្សាទាំងពីរបក្ស ចោទប្រកាន់គ្នាទៅវិញទៅមកថា រំលោភបទបញ្ជាផ្ទៃក្នុងទាក់ទិនកិច្ចប្រជុំសាមញ្ញប្រចាំខែ។ ការចោទប្រកាន់នេះ កើតមានឡើងបន្ទាប់ពីកិច្ចប្រជុំសាមញ្ញប្រចាំខែវិច្ឆិកា របស់ក្រុមប្រឹក្សាស្រុកកែវសីមា ប្រព្រឹត្តឡើងដោយគ្មានវត្តមានសមាជិកក្រុមប្រឹក្សាមកពីគណបក្សសង្គ្រោះជាតិ មួយរូប។
សមាជិកក្រុមប្រឹក្សាស្រុកកែវសីមា មកពីគណបក្សសង្គ្រោះជាតិ លោក អ៊ីវ វ៉ន ចោទប្រធានក្រុមប្រឹក្សាស្រុកមកពីគណបក្សប្រជាជនកម្ពុជា ថារើសអើងគណបក្សនយោបាយ មិនជូនដំណឹងពីកាលវិភាគប្រជុំប្រចាំខែរបស់ក្រុមប្រឹក្សា ផ្ទុយទៅនឹងបទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សាបានកំណត់។
លោកថ្លែងថា ទង្វើនេះធ្វើឲ្យដំណើរការដឹកនាំនៅមូលដ្ឋាន ឋិតក្រោមឥទ្ធិពលរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា តែម្នាក់៖ «មានបទបញ្ជាផ្ទៃក្នុង មានលិខិតអញ្ជើញ មានរបៀបវារៈ ដើម្បីឲ្យក្រុមប្រឹក្សាហ្នឹងពិនិត្យ និងពិចារណាមុន។ ថ្ងៃ២៨ អត់ឃើញ ឥឡូវថ្ងៃប៉ុន្មានហើយអត់ឃើញ អ៊ីចឹងចំណុចហ្នឹងគេអត់គោរពយើង»។
បទបញ្ជាផ្ទៃក្នុងក្រុមប្រឹក្សាស្រុកចែងថា រាល់កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកប្រចាំខែ ត្រូវធ្វើលិខិតជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាបីថ្ងៃមុន ឬអាចជូនដំណឹងតាមទូរស័ព្ទ ប្រសិនករណីចាំបាច់។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា មកពីគណបក្សប្រជាជនកម្ពុជា លោក ម៉ែន សាវេត អះអាងថា មន្ត្រីរដ្ឋបាលក្រុមប្រឹក្សាស្រុក បានជូនដំណឹងរួចហើយទៅ លោក អ៊ីវ វ៉ន ក៏ប៉ុន្តែលោកមិនមកប្រជុំ ហើយចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាគ្មានហេតុផល។ លោកបន្តថា មន្ត្រីរដ្ឋបាលបានជូនដំណឹងគ្រប់សមាជិកក្រុមប្រឹក្សាមុនពេលកំណត់ថ្ងៃប្រជុំ៖ «ទេ! ខ្ញុំមានទាំងអស់ មានទាំងប្រតិទិនចែកទាំងអស់ រាល់ដងអញ្ជើញរហូតមានលិខិតអញ្ជើញ ប៉ុន្តែក្នុងបទបញ្ជាផ្ទៃក្នុងមានចែងច្បាស់ ហើយស្ថានភាពភូមិសាស្ត្រ និងធាតុអាកាសជាក់ស្តែង»។
ទាក់ទិនជម្លោះនេះដែរ លេខាអង្គការខុមហ្វ្រែល (Comfrel) ខេត្តរតនគិរី លោក ជួន ភីនដារ៉ា មានប្រសាសន៍ថា ប្រសិនបើប្រធានក្រុមប្រឹក្សាស្រុកណាមួយបើកកិច្ចប្រជុំ ដោយមានចេតនាមិនអញ្ជើញសមាជិកក្រុមប្រឹក្សាពីគណបក្សដៃគូក្នុងក្រុមប្រឹក្សាឲ្យចូលរួមនោះ គឺជាការរើសអើងគណបក្សនយោបាយ ឬអនុវត្តខុសនីតិវិធីកំណត់របស់ក្រុមប្រឹក្សាស្រុក។ ដូច្នេះ សមាជិកក្រុមប្រឹក្សាពាក់ព័ន្ធ អាចប្ដឹងទៅក្រុមប្រឹក្សាខេត្ត ដើម្បីណែនាំ ឬព្រមានមន្ត្រីក្រុមប្រឹក្សាដែលបានប្រព្រឹត្តខុសឆ្គង៖ «ច្បាប់គ្រប់គ្រងរដ្ឋបាល គឺត្រូវដាក់បណ្ដឹងទៅក្រុមប្រឹក្សាខេត្តទៅ ដើម្បីឲ្យគាត់មានអំណាចទៅថ្នាក់ស្រុកវិញ ថារាល់ការប្រជុំមិនត្រូវរើសអើងគណបក្សនយោបាយ»។
ក្រុមប្រឹក្សាស្រុកកែវសីមា អាណត្តិទី២មានសមាជិក ៩នាក់ ក្នុងនោះសមាជិក ៧នាក់មកពីគណបក្សប្រជាជនកម្ពុជា និង ២នាក់ មកពីគណបក្សសង្គ្រោះជាតិ។ បទបញ្ជាផ្ទៃក្នុងចែងថា ប្រសិនសមាជិកអវត្តមានគ្មានមូលហេតុចំនួនបីខែ ប្រធានក្រុមប្រឹក្សាអាចដាក់សំណើសុំប្ដូរបេក្ខភាពសមាជិកនោះចេញពីបេក្ខភាពសមាជិកក្រុមប្រឹក្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
