គម្រោងការសាកល្បងចុះវាយតម្លៃសមត្ថភាពរបស់មន្រ្តីចុះឈ្មោះបោះឆ្នោតតាមបែបទំនើប ឬហៅថា អឹម.វី.អ (MVR) នៅថ្នាក់មូលដ្ឋានរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) ត្រូវផ្អាកជាបណ្តោះអាសន្នចំពោះខេត្តកំពង់ចាម ដោយសារកំហុសមួយចំនួន។
មន្រ្តីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា គម្រោងនេះនឹងត្រូវចុះសាកល្បងនៅក្នុងខែមករានេះ នៅឃុំចំនួនបី ក្នុងខេត្តចំនួនបីដែរ គឺខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តរតនគិរី។ ប៉ុន្តែចំពោះខេត្តកំពង់ចាម ដែលនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី១៤ មករា នោះ គឺសម្រេចផ្អាកបណ្ដោះអាសន្នសិន ដោយសារមានបញ្ហាច្រើន ប៉ុន្តែលោកមិនបានបញ្ជាក់ពីបញ្ហាទាំងនោះទេ៖ «ឥឡូវសុំបិទតែម្ដង សុំមិនបង្ហាញ។ ចាំខ្ញុំជម្រាបពេលក្រោយ ប៉ុន្តែនៅកំពង់ចាម ហ្នឹង ខ្ញុំអាចផ្អាកសិន ហើយខ្ញុំនឹងជជែកគ្នាថាតើបញ្ហាដែលខាងខ្ញុំធ្វើជួបប្រទះហ្នឹងត្រូវបន្តនៅឃុំផ្សេងទៀត ឬមួយក៏ត្រូវបិទនៅកំពង់ចាមតែម្ដង»។
គម្រោងសាកល្បងវាយតម្លៃសមត្ថភាពមន្ត្រីចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានតាមបែបទំនើបគឺក្នុងគោលបំណងដើម្បីស្ទាបស្ទង់សមត្ថភាពរបស់មន្ត្រីនៅតាមឃុំ ឬសង្កាត់ ថាតើពួកគាត់អាចមានសមត្ថភាពធ្វើការជាមួយប្រព័ន្ធបច្ចេកវិទ្យាថ្មីបានប៉ុណ្ណា? និងចង់ដឹងថា មន្ត្រីទាំងនោះត្រូវចំណាយពេលប៉ុន្មាន ដើម្បីបញ្ចូលឈ្មោះ ឬព័ត៌មានអ្នកបោះឆ្នោតម្នាក់ក្នុងការប្រើប្រព័ន្ធបច្ចេកវិទ្យានេះ? និងចុងក្រោយយកសម្ភារៈមួយចំនួនទៅសាកល្បងប្រើនៅតាមមូលដ្ឋានទាំងនោះ ដើម្បីធានាថានៅតាមឃុំ ឬ សង្កាត់អាចប្រើបានឬយ៉ាងណា?
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
