ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកលលើកដំបូងនៅកម្ពុជា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ក្នុងខែឧសភា ឆ្នាំ១៩៩៣ តាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ចាប់តាំងពីពេលនោះមក កម្ពុជាតែងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជារៀងរាល់ ៥ឆ្នាំម្ដង ទៅតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោតគឺជាមូលដ្ឋានគ្រឹះសម្រាប់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យការគោរពសិទ្ធិសេរីភាព និងសេចក្ដីថ្លៃថ្នូររបស់ពលរដ្ឋក្នុងនាមជាមនុស្សជាតិ។
គោលការណ៍ចម្បងនៃការបោះឆ្នោត គឺអនុញ្ញាតឱ្យពលរដ្ឋអាចប្រើសិទ្ធិរបស់ខ្លួនជ្រើសរើសតំណាងរបស់ខ្លួន ជ្រើសរើសអ្នកដឹកនាំស្រុកទេសទៅតាមការពេញចិត្តរបស់ខ្លួន ដោយមិនផ្អែកលើសែស្រឡាយ ឬក៏ដោយសារតែបុគ្គល ឬក្រុមបក្សណាមួយដែលយល់ឃើញថា ពួកគេស័ក្ដិសមនឹងដឹកនាំប្រទេសជាតិនោះឡើយ។
ទន្ទឹមគ្នានឹងមានសិទ្ធិពេញលេញក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដើម្បីបង្កើតជារដ្ឋាភិបាលដឹកនាំប្រទេសជាតិហើយនោះ ការបោះឆ្នោតគឺជាមធ្យោបាយមួយដែលពលរដ្ឋអាចចាប់តំណាងរាស្ត្រ និងអ្នកដឹកនាំប្រទេសឱ្យទទួលខុសត្រូវចំពោះទង្វើ ឬសកម្មភាពទាំងឡាយរបស់ខ្លួនក្នុងការគ្រប់គ្រងសង្គមជាតិ។
ទាក់ទងនឹងចំណុចនេះ អ្នកសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) លោក គឹម ឈន បញ្ជាក់ថា ពលរដ្ឋអាចពិនិត្យសកម្មភាពរបស់អ្នកតំណាងដែលខ្លួនបានបោះឆ្នោតឱ្យហើយនោះ ថាតើបានបំពេញតួនាទីរបស់ខ្លួនស្របតាមឆន្ទៈរបស់ពលរដ្ឋដែរឬទេ?
លោក គឹម ឈន៖ «តំណាង បើនិយាយពីតំណាងរាស្ត្រ គឺពាក់ព័ន្ធនឹងការធ្វើច្បាប់ និងអនុម័តច្បាប់ និងឃ្លាំមើលរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ដែលបានអនុម័ត។ ការទទួលខុសត្រូវ គឺបង្កើតច្បាប់ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ កុំឱ្យមានការរំលោភបំពានដោយសារការធ្វើច្បាប់ដែលមិនត្រឹមត្រូវ ឬការអនុវត្តច្បាប់មិនត្រឹមត្រូវដោយរដ្ឋាភិបាល ហើយទទួលខុសត្រូវក្នុងការដោះស្រាយរាល់បញ្ហាដែលប្រជាពលរដ្ឋកើតមាន ដោយរៀបចំឱ្យមានបែបផែនដោះស្រាយបញ្ហាតាមផ្លូវច្បាប់»។
ក្នុងករណីដែលតំណាងរាស្ត្រ ឬប្រមុខដឹកនាំរដ្ឋាភិបាលពុំបានបំពេញតួនាទីត្រឹមត្រូវ ក្បត់ការសន្យា និងសេចក្ដីទុកចិត្តរបស់ពលរដ្ឋដែលបានបោះឆ្នោតឱ្យនោះ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) លោក សួន ប៊ុនស័ក្តិ បញ្ជាក់ថា ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋមានមធ្យោបាយចម្បងពីរ ដើម្បីចាប់អ្នកតំណាង និងរដ្ឋាភិបាលឱ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
លោក សួន ប៊ុនស័ក្តិ៖ «ទី១ គឺប្រជាពលរដ្ឋអាចធ្វើញត្តិយ៉ាងទូលំទូលាយមួយ ហើយបញ្ជាក់ក្នុងញត្តិនោះថា កាលពីឃោសនាបោះឆ្នោតបានសន្យាជាសាធារណៈថាយ៉ាងដូច្នេះ យ៉ាងដូច្នោះ ហើយអាចយកញត្តិហ្នឹងទៅដាក់ឱ្យរដ្ឋសភា ដាក់ឱ្យរដ្ឋាភិបាល ដើម្បីឱ្យគេពិចារណាឡើងវិញ រំលឹកឡើងវិញ។ ទី២ បើសិនជាអ្នកនយោបាយ យើងនិយាយជារួមថា អ្នកនយោបាយដែលបានសន្យាថា នឹងបម្រើជូនប្រជាពលរដ្ឋ ហើយមិនបានធ្វើតាមកិច្ចសន្យា ប្រជាពលរដ្ឋអាចពិចារណាបោះឆ្នោតផ្លាស់ប្ដូរអ្នកនយោបាយនោះចេញនៅអាណត្តិក្រោយ»។
ប៉ុន្តែវិធីនេះនឹងពុំមានប្រសិទ្ធភាពអ្វីឡើយក្នុងករណីដែលគណបក្សមួយមានអំណាច ឬឥទ្ធិពលគ្របដណ្ដប់យ៉ាងខ្លាំងរហូតដល់ធ្វើឱ្យពលរដ្ឋគ្មានជម្រើសអ្វីផ្សេងក្រៅតែពីបោះឆ្នោតឱ្យ ទោះបីជាមិនពេញចិត្តក៏ដោយ។
ទោះបីជាយ៉ាងណាក្តី ចំពោះការដែលប្រជាពលរដ្ឋមានលទ្ធភាពបញ្ចេញមតិ និងឆន្ទៈរបស់ខ្លួនក្នុងការផ្លាស់ប្ដូរតំណាង និងអ្នកដឹកនាំប្រទេសតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌យ៉ាងទៀងទាត់នោះ គឺជួយដោះស្រាយដំណើរការផ្ទេររចនាសម្ព័ន្ធ និងសមាសភាពរដ្ឋាភិបាលដោយសន្តិវិធី។ ប្រការនេះនឹងចូលរួមចំណែកគាំទ្រដំណើរការប្រជាធិបតេយ្យក្នុងប្រទេស ព្រោះថា គោលការណ៍សំខាន់ និងចម្បងនៃលទ្ធិប្រជាធិបតេយ្យ គឺអំណាចរបស់ពលរដ្ឋ ការយកពលរដ្ឋជាធំ ជាពិសេសក្នុងការធ្វើសេចក្ដីសម្រេចចិត្តនយោបាយក្នុងការជ្រើសរើសមេដឹកនាំ។
លោក សួន ប៊ុនស័ក្តិ បញ្ជាក់បន្ថែមអំពីគោលចម្បងមួយនៃទំនាក់ទំនងរវាងការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យដែលមិនអាចខ្វះបាន៖ «បើសិនជារដ្ឋហ្នឹងអះអាងប្រកាន់គោលនយោបាយថា ខ្លួនដឹកនាំរដ្ឋដោយប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែមិនឱ្យមានការបោះឆ្នោតទូលំទូលាយពីប្រជាពលរដ្ឋក្នុងការជ្រើសតាំងតំណាងរាស្រ្ត ជ្រើសតាំងអ្នកនយោបាយរបស់ខ្លួននោះទេ ក៏មិនអាចថា រដ្ឋនោះមានលក្ខណៈប្រជាធិបតេយ្យដែរ។ ដូច្នេះការដែលតម្រូវឱ្យមានការបោះឆ្នោត គឺវាជួយបំពេញបង្គ្រប់ខ្លឹមសារនៃរបបលទ្ធិប្រជាធិបតេយ្យ រីឯការដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ គឺវាជួយបង្កលក្ខណៈឱ្យមានការបោះឆ្នោត គឺវាបំពេញបង្គ្រប់គ្នាទៅវិញទៅមកយ៉ាងដូច្នេះឯង»។
ត្រង់ប្រការនេះ មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍ (CLEC) លោក គិត ទូច គូសបញ្ជាក់ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាលក្ខខណ្ឌចម្បង និងចាំបាច់មុនគេបង្អស់ដែលនឹងជួយដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងសង្គមជាតិមួយឲ្យកាន់តែមានភាពសុក្រឹត ហើយដែលកត្តានេះក៏នឹងជួយដល់ដំណើរការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌វិញដែរ។
លោក គិត ទូច៖ «បើសិនការបោះឆ្នោតមិនមានយុត្តិធម៌ទេ ឆន្ទៈសង្គម ក្រុមដែលមាននិន្នាការនៅក្នុងសង្គម ជាពិសេសអ្នកដែលមានទំនោរចង់ផ្លាស់ប្ដូរសង្គម គាត់មិននៅសុខ គាត់បង្កើតជាចលនា ជាកម្លាំងអ្វីផ្សងៗ។ ស្ថានភាពខ្លះទៀត រហូតដល់បង្កើតជាក្រុមប្រដាប់អាវុធ ក្រុមឧទ្ទាមកម្មទៀត ធ្វើឲ្យសង្គមអត់មានលំនឹងទេ។ បើសិនជាបោះឆ្នោតមានយុត្តិធម៌ ធ្វើឲ្យបណ្ដុះបាននូវវប្បធម៌គោរពសំឡេងប្រជាពលរដ្ឋ ហើយយើងអាចមានគំរូរបបដឹកនាំកាន់តែល្អទៅ កាន់តែសុក្រឹតទៅ»។
ចំពោះទំនាក់ទំនងគ្នារវាងការបោះឆ្នោត ហើយនិងប្រជាធិបតេយ្យនេះដែរ អ្នកសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា គឺលោក គឹម ឈន បញ្ជាក់បន្ថែមទៅលើគោលសំខាន់មួយ គឺដំណើរការនៃការបោះឆ្នោត ដែលទាមទារឱ្យមានលក្ខណៈត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប្រកបដោយភាពឯករាជ្យ តម្លាភាព គ្មានការគំរាមកំហែង និងបំភិតបំភ័យ។
លោក គឹម ឈន៖ «អ៊ីចឹងវាចាំបាច់ត្រូវតែមានការបោះឆ្នោត។ ប៉ុន្តែការបោះឆ្នោតមិនមែនគ្រាន់តែជានិមិត្តរូបទេ គឺការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ សម្ងាត់ និងទៀងទាត់។ នេះជាចំណុចស្នូលនៃប្រជាធិបតេយ្យ ហើយដែលជាលក្ខខណ្ឌចាំបាច់ ដើម្បីឱ្យប្រជាធិបតេយ្យសមស្រប ហើយការបោះឆ្នោត គឺទាក់ទងគ្នាទៅវិញទៅមករវាងប្រជាធិបតេយ្យ និងការបោះឆ្នោត។ មានន័យថា បើគ្មានការបោះឆ្នោតទេ វាក៏គ្មានប្រជាធិបតេយ្យដែរ ហើយបើមានការបោះឆ្នោតដែរ តែការបោះឆ្នោតហ្នឹងវាអត់ត្រឹមត្រូវ អត់សេរី អត់យុត្តិធម៌ អត់ទៀងទាត់ទេ អាហ្នឹងក៏អត់ប្រជាធិបតេយ្យដែរ»។
ទន្ទឹមគ្នានេះ ការចូលរួមការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ដោយស្វែងយល់ពីគោលនយោបាយរបស់គណបក្សនីមួយៗ តាមឆន្ទៈពិតប្រាកដរបស់ខ្លួន គឺជាកត្តាសំខាន់ និងចាំបាច់បំផុត ដែលញ៉ាំងឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតចំរើនជឿនលឿន និងរីកលូតលាស់ទៅមុខបាន។
រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលសភាបានអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ បានផ្ដួចផ្ដើមឱ្យមានការបោះឆ្នោត ៤ប្រភេទ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។