ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ មិថុនា គ.ជ.ប នឹងចែកចាយប័ណ្ណព័ត៌មានអ្នកបោះឆ្នោតប្រមាណជាង ៧លានសន្លឹក ឲ្យដល់ដៃអ្នកបោះឆ្នោតទៅតាមការគ្រោងទុករបស់ខ្លួន។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និយាយថា នៅពីរថ្ងៃទៀតប៉ុណ្ណោះ ប័ណ្ណព័ត៌មានសម្រាប់អ្នកបោះឆ្នោតនឹងត្រូវផ្ដល់ជូនដល់ដៃអ្នកដែលមានសិទ្ធិបោះឆ្នោត ហើយយុទ្ធនាការនេះធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌ ដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយ និងអ្នកសង្កេតការណ៍។
លោក ឯម សុផាត សមាជិករបស់ គ.ជ.ប និងជាអ្នកធ្វើសន្និសីទកាសែតនៅព្រឹកថ្ងៃទី៣០ ឧសភា និយាយថា តាមការគ្រោងទុក ចំនួនប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលនឹងត្រូវចែកចាយនៅទូទាំងប្រទេស គឺស្នើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១២ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣។ លោកបន្តថា សន្លឹកប័ណ្ណព័ត៌មាន និងអ្នកបោះឆ្នោតមានចំនួនជាង ៩លានសន្លឹក ក្នុងឆ្នាំ២០១៣។ តួលេខនេះបានកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០០៨ គឺមានត្រឹមតែជិត ៧លានសន្លឹកប៉ុណ្ណោះ៖ «ជាបទពិសោធន៍ គឺការចែកប័ណ្ណដោយសមាសភាពចម្រុះនេះ ទទួលបានលទ្ធផលល្អជាង មានប្រសិទ្ធភាពជាង ហើយមានតម្លាភាពជាង ហើយការរិះគន់ហ្នឹង គឺមានតិចតួច»។
សន្និសីទកាសែតដែលធ្វើឡើងនៅទីស្ដីការ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ ដោយមានតំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលចូលរួមផងនោះ លោក ឯម សុផាត បញ្ជាក់ថា យុទ្ធនាការផ្ដល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ដែលនឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី១ មិថុនា នឹងបញ្ចប់ទៅវិញនៅថ្ងៃទី២៥ មិថុនា ខាងមុខ។ ចំពោះអ្នកផ្ដល់ប័ណ្ណនេះ ជាមន្ត្រីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងមានប្រធានភូមិ ក្នុងឃុំ សង្កាត់នីមួយៗនោះជាជំនួយការ។
មន្ត្រី គ.ជ.ប និយាយថា ប័ណ្ណព័ត៌មានសម្រាប់ឆ្នាំ២០១៣ នេះ ពុំមានការប្រែប្រួលជាដុំកំភួនច្រើននោះឡើយ។ អ្វីដែលខុសប្លែកពីអាណត្តិនៃការបោះឆ្នោតកន្លងទៅ គ្រាន់តែកែប្រែផ្នែកខាងខ្នងពណ៌ផ្ទៃមេឃស្រាល និងអក្សរពណ៌ផ្ទៃមេឃដិត។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គិតថា បើទោះជាយ៉ាងណា អ្នកបោះឆ្នោតនៅតែត្រូវគេរកឃើញថា មានបញ្ហាមិនចេះចប់មិនចេះហើយកើតចេញពីការចែកប័ណ្ណព័ត៌មាននេះ។ លោកគិតថា តួលេខរបស់ គ.ជ.ប នេះ មិនស្របទៅនឹងចំនួនអ្នកដែលបាត់ឈ្មោះ និងជួបឧបសគ្គក្នុងអាណត្តិនៃការបោះឆ្នោតកន្លងទៅនោះឡើយ៖ «យើងសម្លឹងឃើញប្រជាពលរដ្ឋដែលទៅបោះឆ្នោតម្តងៗ គាត់រកការិយាល័យមិនឃើញ គាត់អត់មានឯកសារប័ណ្ណព័ត៌មាននៅក្នុងដៃ។ ហើយចំនួននេះច្រើនណាស់។ ឥឡូវ យើងមើលឃើញកាលពីបោះឆ្នោតឃុំ អ្នកដែលចេញទៅបោះឆ្នោត មិនដល់ ៦០% ផង។ អត្រានៃអ្នកចេញទៅបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិ កាន់តែតិចទៅៗ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការ ខុមហ្វ្រែល (Comfrel) រកឃើញថា អ្នកបោះឆ្នោតប្រមាណ ២០% នៅតែមានបញ្ហាពីការទទួលបានប័ណ្ណព័ត៌មាននេះ។ លោកបន្តថា ការចែកប័ណ្ណព័ត៌មានទៀតសោត គឺជាមន្ត្រីឃុំ សង្កាត់ របស់បក្សគ្រប់គ្រងអំណាចជាអ្នកចែក។ នេះគឺជាហេតុផលដែលជំរុញឲ្យមានផលប៉ះពាល់ដល់ដំណើរការសម្រាប់អ្នកបោះឆ្នោត ដោយសារកន្លងមក មន្ត្រីឃុំ សង្កាត់ ដែលមាននិន្នាការគាំទ្របក្សប្រជាជនកម្ពុជា មិនចែកប័ណ្ណព័ត៌មានដល់អ្នកណាដែលមិនគាំទ្រគណបក្សប្រជាជនកម្ពុជា នោះទេ។
លោក គល់ បញ្ញា៖ «ភាគច្រើន យើងឃើញការងាររបស់គណបក្សប្រជាជន គាត់ខ្លាំងនៅមូលដ្ឋាន។ ហើយជាមួយមេភូមិ គាត់ធ្វើច្រើនជាមួយសមាជិកគាត់បានច្រើន។ ប៉ុន្តែសមាជិកដែលបោះឆ្នោតឲ្យគណបក្សផ្សេង អាចមិនត្រូវបាន អើទទួលបាននៅកិច្ចការងាររបស់គណបក្ស។ មេភូមិក៏គណបក្សប្រជាជន ក៏ច្រើន ឃុំស្អីៗហ្នឹងក៏ច្រើន ក្រុមប្រឹក្សាឃុំភាគច្រើនខាងគណបក្សប្រជាជន ធ្វើការខ្លាំងនៅមូលដ្ឋាន»។
ទោះជាបែបណា មន្ត្រី គ.ជ.ប និយាយថា ខ្លួននឹងអនុវត្តកិច្ចការនេះដោយឯករាជ្យ និងមានតម្លាភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
