នៅរាល់ពេលបោះឆ្នោតម្ដងៗ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ក្រុមអង្គការឃ្លាំមើលការបោះឆ្នោត តែងលើកឡើងអំពីបញ្ហាភាពមិនប្រក្រតីផ្សេងៗ ដែលជាក្ដីកង្វល់ដ៏ធំចំពោះស្ថានភាពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិលើគន្លងប្រជាធិបតេយ្យ។ តើភាពមិនប្រក្រតីដែលតែងកើតមានជាទូទៅនៅក្នុងដំណើរការបោះឆ្នោតមានអ្វីខ្លះ?
ភាពមិនប្រក្រតីដ៏ចម្បងដែលតែងកើតមានក្នុងដំណើរការបោះឆ្នោត គឺការប្រើឥទ្ធិពលមិនត្រឹមត្រូវទៅលើអ្នកបោះឆ្នោត និងក្រុមមន្ត្រីរៀបចំការបោះឆ្នោតតាមរយៈការផ្ដល់សំណូក ការសន្យាផ្ដល់ការងារ តួនាទី ការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ការរំខានឆាឆៅដំណើរការបោះឆ្នោតក្នុងលក្ខណៈជាប្រព័ន្ធ ហើយនិងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមិនស្មើភាពគ្នាជាដើម។
ទាក់ទងនឹងបញ្ហាប្រព័ន្ធផ្សព្វផ្សាយ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច កំពុងមានប្រៀបលើគណបក្សដទៃទៀត ដោយបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋប្រើប្រាស់ធនធានរដ្ឋ មានថវិកា និងសម្ភារៈ គ្រឹះស្ថានសាធារណៈ និងមធ្យោបាយធ្វើដំណើររបស់រដ្ឋ។ លោកគូសបញ្ជាក់ថា បញ្ហាអស់ទាំងនេះហើយ ដែល គ.ជ.ប ត្រូវត្រួតពិនិត្យមើល និងចាត់វិធានការឲ្យមានភាពយុត្តិធម៌សម្រាប់គណបក្សនយោបាយផ្សេងទៀត។
លោក ឡៅ ម៉ុងហៃ៖ «អាហ្នឹងដែលជាលក្ខណៈអយុត្តិធម៌ ហើយចំណុចមួយនេះធំណាស់ ហើយគណបក្សកាន់អំណាចអាចត្រួតត្រា ឬប្រើប្រាស់មន្ត្រីរាជការយ៉ាងច្រើនតាំងពីលើរហូតដល់ភូមិ ព្រោះថា អ្នកទាំងនោះភាគច្រើនលើសលប់ហើយជាបក្សប្រជាជន ហើយកំពុងធ្វើសកម្មភាពឲ្យបក្សកំពុងដើរ…»។
ត្រង់ចំណុចនេះដែរ អ្នកសម្របសម្រួលជាន់ខ្ពស់នៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) លោក គឹម ឈន បញ្ជាក់ថា ការវាយតម្លៃជារួមដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ពុំទាន់បានបំពេញលក្ខខណ្ឌចាំបាច់គ្រប់គ្រាន់ ស្របទៅតាមនិយាម ឬស្តង់ដារអន្តរជាតិ សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធ៌ម តាមបែបប្រព័ន្ធបោះឆ្នោតបែបប្រជាធិបតេយ្យនៅឡើយទេ។
លោក គឹម ឈន៖ «… ការប្រើប្រាស់ធនធានរដ្ឋ ឬក៏ធនធានមនុស្ស ទាំងសម្ភារៈសម្រាប់បម្រើសកម្មភាពគណបក្ស ជាពិសេស គឺបានតែគណបក្សប្រជាជនទេកន្លងមកហ្នឹង។ គណបក្សប្រឆាំង ឬក៏គណបក្សផ្សេងទៀត គឺអត់បានប្រើទេ ដែលបញ្ហានេះវាអាចផ្ទុយទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយការផ្ដល់សម្ភារៈ និងថវិកាដល់អ្នកបោះឆ្នោត ដោយមន្ត្រីរាជការអាជ្ញាធរ គឺមានលក្ខណៈជាប្រព័ន្ធ។ នេះបើយើងពិនិត្យមើលនៅក្នុងការបោះឆ្នោតឃុំ ជាពិសេសនៅមុនពេលការឃោសនាបោះឆ្នោត…»។
ទាក់ទងនឹងការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ និងបង្ក្រាបទៅលើសកម្មជននយោបាយ និងសកម្មជនសិទ្ធិមនុស្ស រួមទាំងអ្នកតស៊ូមតិវិញ អង្គការសង្គមស៊ីវិលផ្នែកការពារសិទ្ធិមនុស្ស ដែលតាមដានដំណើរការបោះឆ្នោតជាតិអាណត្តិទី៥ នេះ បានសំដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងថា មានស្ថានភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ កាលពីខែមិថុនា បានគូសបញ្ជាក់ថា ការបំបិទសិទ្ធិសេរីភាព ការសម្លុត គំរាមកំហែង និងបំភិតបំភ័យផ្នែកនយោបាយ បានកើតមាន ជាពិសេសគឺនៅមុនយុទ្ធនាការឃោសនារកសំឡេងឆ្នោត៖ «…នៅក្នុងហ្នឹងយើងឃើញថា សកម្មជនមូលដ្ឋាន គឺគាត់ប្រឈមជាងគេ។ អង្គការក្រៅរដ្ឋាភិបាលមិនសូវជាប្រឈមណាស់ណាទេ ប៉ុន្តែអ្នកធ្វើការរឿងដីធ្លី រឿងមូលដ្ឋានហ្នឹង គឺគាត់ជាអ្នកប្រឈមជាងគេ ហើយនៅពេលបច្ចុប្បន្ននេះ យើងអត់ទាន់ឃើញអង្គការសិទ្ធិមនុស្ស ឬមួយក៏ម្ចាស់ជំនួយ ហើយនិងអង្គការអន្តរជាតិចូលរួមការពារពួកគាត់បានល្អនៅឡើយទេ។ យើងសូមអំពាវនាវសូមឲ្យពួកគាត់ពង្រឹងនៅការជួយសកម្មជនសិទ្ធិមនុស្ស មូលដ្ឋានបន្ថែម…»។
ភាពមិនប្រក្រតីដ៏ចម្បងមួយទៀត គឺការរារាំងសិទ្ធិបញ្ចេញមតិនិងឆន្ទៈរបស់អ្នកបោះឆ្នោត តាមរូបភាពផ្សេងៗ ដូចជា៖ ការដាក់កម្រិតមិនសមហេតុផលទៅលើដំណើរការចុះឈ្មោះបោះឆ្នោត ហើយនិងសិទ្ធិបេក្ខជនឈរឈ្មោះបោះឆ្នោត។ ក្រៅពីនេះ នៅមានការមិនរៀបចំចុះឈ្មោះអ្នកបោះឆ្នោតឱ្យបានត្រឹមត្រូវ ការមិនបានចែកប័ណ្ណបោះឆ្នោតជូនអ្នកបោះឆ្នោត ព្រមទាំងការទាមទារមិនសមហេតុផលរកឯកសារបញ្ជាក់អត្តសញ្ញាណអ្នកចុះឈ្មោះបោះឆ្នោតផងដែរ។ រីឯការបង្កភាពស្មុគស្មាញមានលក្ខណៈជាប្រព័ន្ធដល់ដំណើរការបោះឆ្នោត ហើយនិងការមិនបានចែកចាយសម្ភារៈបោះឆ្នោតឱ្យបានគ្រប់គ្រាន់ ក៏ចាត់ចូលទៅក្នុងជំពូកនៃភាពមិនប្រក្រតីនេះដែរ។
សម្រាប់ការបោះឆ្នោតអាណត្តិទី៥នេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក (NDI) បានរកឃើញថា អ្នកមានសិទ្ធិបោះឆ្នោតជិត ១១% ដែលគេគិតថា បានចុះឈ្មោះរួចហើយ តែបែរជាគ្មានឈ្មោះបោះឆ្នោតលើបញ្ជីបោះឆ្នោត។
ផ្ទុយពីការអះអាងរបស់សង្គមស៊ីវិល លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងក្នុងសន្និសីទកាសែតនាទីស្ដីការ គ.ជ.ប នៅព្រឹកថ្ងៃទី១១ ខែកក្កដា ថា លទ្ធផលរកឃើញថ្មី នៃការធ្វើសវនកម្មបញ្ជីបោះឆ្នោតឆ្នាំ២០១២ បង្ហាញថា អ្នកបាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ មានត្រឹមតែ ៣% ទេ។ លោកថា តួលេខនេះខុសពីការចោទប្រកាន់របស់អង្គការសង្គមស៊ីវិលកន្លងមក។
ទោះជាយ៉ាងណា នាយកប្រតិបត្តិ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា នៅតែអះអាងថា ឈ្មោះអ្នកបោះឆ្នោតជាច្រើនរហូតដល់ ១៣% បានបាត់ពីបញ្ជីបោះឆ្នោត។
លោកបន្ថែមថា បញ្ហានៃការបាត់ឈ្មោះពីបញ្ជីបោះឆ្នោតសភាអាណត្តិទី៥ នៅមានសភាពធ្ងន់ធ្ងរជាងអាណត្តិមុនៗ និងនាំឲ្យពលរដ្ឋជាច្រើនបាត់បង់សិទ្ធិបោះឆ្នោតរបស់ខ្លួន៖ «ប្រជាជន ១លាននាក់ជាងហ្នឹង ១៣% រកឈ្មោះមិនឃើញ អាហ្នឹងជារឿងរបស់ គ.ជ.ប។ តាមច្បាប់បោះឆ្នោតហ្នឹងជាបញ្ហា។ ទោះបីយ៉ាងណា គ.ជ.ប ជាអ្នកទទួលខុសត្រូវ ធានាឲ្យមានភាពសេរី និងយុត្តិធម៌។ ពាក្យសេរី និងយុត្តិធម៌ហ្នឹង បូកនឹងបញ្ជីឈ្មោះបោះឆ្នោតហ្នឹងមានគុណភាព»។
ឯកសារណែនាំអំពីរបៀបសង្កេតមើលភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតរបស់សហព័ន្ធអន្តរជាតិ ដើម្បីអ្នកសារព័ត៌មានមាន (International Federation=IFJ) បង្ហាញថា ការទិញ និងការលួចសន្លឹកឆ្នោត ការបោកបញ្ឆោតបំភាន់ បន្លំបោះឆ្នោតពីរដង ការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ និងការផ្ដល់របាយការណ៍មិនពិតដល់ក្រុមអ្នកសារព័ត៌មាន ដែលនាំឱ្យមានការយល់ខុសជាដើមនោះ គឺជាចំណុចធំៗ នៃភាពមិនប្រក្រតីដែលតែងកើតមានក្នុងដំណើរការបោះឆ្នោតម្តងៗ។
ចំណុចសំខាន់មួយទៀត នៃភាពមិនប្រក្រតីដែលក្រុមអ្នកសារព័ត៌មាន និងក្រុមអ្នកសង្កេតការណ៍បោះឆ្នោត តែងផ្ដោតការយកចិត្តទុកដាក់យ៉ាងពិនិត្យពិច័យនោះ គឺបញ្ហាផ្សេងៗ ទាក់ទងនឹងការផ្គត់ផ្គង់សម្ភារៈបោះឆ្នោត មធ្យោបាយរៀបចំទុកដាក់ និងដឹកជញ្ជូនជាដើម។ ក្នុងនោះបញ្ហាដែលតែងកើតមានជាញឹកញាប់ រួមមានការមិនមានចំនួនសន្លឹកឆ្នោត និងស្រោមសំបុត្រគ្រប់គ្រាន់ ការបាត់សន្លឹកឆ្នោតរបស់គណបក្សនយោបាយមួយចំនួន ទឹកខ្មៅជ្រលក់ម្រាមដៃអ្នកបោះឆ្នោតគ្មានគុណភាពមិននៅជាប់បានយូរ ដែលគេអាចលាងចេញបាន ហើយចូលទៅបន្លំបោះឆ្នោតបានម្ដងទៀត។ ទន្ទឹមគ្នានេះ បញ្ហាខ្វះភាពសំងាត់នៃការបោះឆ្នោត បាត់វត្តមានមន្ត្រីបោះឆ្នោត បាត់បញ្ជីឈ្មោះអ្នកបោះឆ្នោត និងបន្ទប់បោះឆ្នោតងងឹត គ្មានអំពូលភ្លើងបំភ្លឺជាដើម។
ឯកសារនានាស្ដីពីការបោះឆ្នោតបង្ហាញថា នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ សកម្មភាពដែលបង្កើតឱ្យមានភាពមិនប្រក្រតី អាចបណ្ដាលឱ្យមានផលវិបាកដ៏អាក្រក់នានា មានការធ្វើរដ្ឋប្រហារ ឬការបាត់បង់លទ្ធិប្រជាធិបតេយ្យ និងរុញច្រានប្រទេសជាតិឱ្យធ្លាក់ទៅក្នុងរបបផ្តាច់ការជាដើម។
អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ធ្លាប់ផ្តល់អនុសាសន៍ថា កម្ពុជាចាំបាច់ត្រូវតែធ្វើកំណែទម្រង់ គ.ជ.ប តាមរយៈការធ្វើឲ្យមានភាពឯករាជនៃប្រធាន គ.ជ.ប ថ្នាក់ជាតិ និងថ្នាក់ខេត្ត ហើយត្រូវតែបញ្ចូលតំណាងមកពីគ្រប់គណបក្សនយោបាយ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដើម្បីឲ្យការបោះឆ្នោតនោះអាចទទួលយកបាន។
ប៉ុន្តែប្រមុខដឹកនាំរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប តែងបដិសេធនូវរាល់របាយការណ៍របស់អង្គការសង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិ ព្រមទាំងការលើកឡើងរបស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋ ទាក់ទងនឹងបញ្ហាមិនប្រក្រតីក្នុងដំណើរការបោះឆ្នោតម្ដងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
