ការសម្រេចកំបាំងមុខរបស់ក្រុមប្រឹក្សាធម្មនុញ្ញដោយតម្កល់ការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថាជាបានការនេះ ដោយសារតែតំណាងគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានដើរចេញពីបន្ទប់សវនាការនៃក្រុមប្រឹក្សាធម្មនុញ្ញនៅព្រឹកថ្ងៃទី៦ កញ្ញា បន្ទាប់ពីលោកបានចូលស្ដាប់បានប្រមាណជា ១ម៉ោង។
តំណាងគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកណ្ដាល មានប្រសាសន៍ថា មិនចូលរួមតទល់ក្នុងសវនាការនេះ ដោយសារថា លោកគ្មានជំនឿទៅលើការកាត់សេចក្ដីរបស់ក្រុមប្រឹក្សាធម្មនុញ្ញថាផ្ដល់យុត្តិធម៌នោះទេ ពីព្រោះថា ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចតម្កល់ការសម្រេចរបស់ គ.ជ.ប ចំនួន ៣លើកមកហើយ ដែលមិនបានរកយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិ។
ការសម្រេចតម្កល់បណ្ដឹងសេចក្ដីសម្រេចរបស់ គ.ជ.ប នេះ ជាពាក្យបណ្ដឹងចុងក្រោយហើយ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការចំនួន ១៤បណ្ដឹងរួចមក ក្នុងចំណោមពាក្យបណ្ដឹងចំនួន ១៥បណ្ដឹង ដែលគណបក្សនេះប្ដឹងជំទាស់នឹងលទ្ធផលបោះឆ្នោតទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ស្នើសុំឲ្យមានការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតតាមការិយាល័យបោះឆ្នោតមួយចំនួន និងសុំឲ្យរៀបចំបញ្ជីឈ្មោះបោះឆ្នោតឡើងវិញ ទាមទារឲ្យមានការបោះឆ្នោតតាមការិយាល័យមណ្ឌលបោះឆ្នោតមួយចំនួនឡើងវិញជាដើម ប៉ុន្តែបណ្ដឹងទាំងនេះ ត្រូវបានក្រុមប្រឹក្សាតម្កល់ថា ការសម្រេចរបស់ គ.ជ.ប ជាបានការដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
