មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​នៅ​ក្រចេះ​និយាយ​ពី​មូលហេតុ​កញ្ចប់​សុវត្ថិភាព​ចំហ​មាត់

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្ដឹង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​កា​របោះ​ឆ្នោត​នៅ​ខេត្ត​ក្រចេះ។

0:00 / 0:00

ស្ថាប័ន​កំពូល​នេះ បញ្ជា​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដាក់​ពិន័យ​តាម​ច្បាប់​ចំពោះ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​៨ ក្នុង​ចំណោម ១៣​ការិយាល័យ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយសារ​មន្ត្រី​ទាំង​នោះ មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព "ក" នោះ។

តើ​មូលហេតុ​អ្វី​ដែល​នាំ​ក្រុម​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​ចំហ​កញ្ចប់​សុវត្ថិភាព "ក"?

ការ​សម្រេច​ដាក់​ពិន័យ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​នៅ​តាម​ការិយាល័យ​ទាំង ៨ ក្នុង​ចំណោម ១៣​ការិយាល័យ​នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ឈ្នួល ខេត្ត​ក្រចេះ ដែល​មិន​បាន​បិទ​មាត់​កញ្ចប់​សុវត្ថិភាព "ក" បាន​បង្ក​ឲ្យ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​មាន​ការ​ខក​ចិត្ត​និង​ព្រួយ​បារម្ភ។

មក​ដល់​ពេល​នេះ​មន្ត្រី​ទាំង​នោះ​មិន​បាន​ទទួល​ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ណា​មួយ​ពី​មន្ត្រី​ថ្នាក់​លើ​ទេ ហើយ​ពួកគាត់​ម្នាក់ៗ​អង្គុយ​ចាំ​ឲ្យ​តែ​ដល់​ម៉ោង​បើក​វិទ្យុ​ស្ដាប់ ដើម្បី​បាន​ដឹង​ពី​ជោគវាសនា​ខ្លួន​ឯង ថា​ត្រូវ​បង់​លុយ​ឲ្យ​រដ្ឋ ឬ​ត្រូវ​រួច​ខ្លួន​នោះ? អ្នក​ខ្លះ​អង្គុយ​អស់​សង្ឃឹម​អ្នក ​ខ្លះ​ស្វះ​ស្វែង​រក​គ្នីគ្នា​ពិភាក្សា និង​អ្នក​ខ្លះ​ទៀត​អង្គុយ​សំកុក​ទឹក​មុខ​ក្រៀមក្រំ​មិន​មាន​អារម្មណ៍​ធ្វើ​ការងារ​រក​ស៊ី​ទៀត​ផង។

ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ០២៥៩ ដែល​កញ្ចប់​សុវត្ថិភាព​ចំហ​មាត់​ផង​នោះ លោក ភេទ ខេង បាន​ប្រាប់​ទាំង​មុខ​ស្ងួត និង​ដក​ដង្ហើម​ធំ​មួយៗ​ថា ការ​ដែល​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព "ក" នៅ​ការិយាល័យ​នេះ បណ្ដាល​មក​ពី​បញ្ជា​របស់​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ ​តែម្តង មិន​មែន​ជា​កំហុស​អចេតនា​ឡើយ។

លោក​បន្ត​ថា មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​បាន​បញ្ជាក់​ថា បើ​សិន​ជា​បិទ​កញ្ចប់ "ក" រួច នោះ​នឹង​នាំ​ឲ្យ​ពិបាក​បើក​ឡើង​វិញ ដើម្បី​យក​មក​កែ​តម្រូវ ដូច​នេះ​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទូទាំង​ឃុំ​ស្វាយជ្រះ សុទ្ធ​តែ​ធ្វើ​តាម​បញ្ជា​នេះ។ លោក​បញ្ជាក់​ថា បើ​សិន​ជា​មាន​ការ​ពិន័យ​មែន លោក​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទេ ហើយ​ក៏​មិន​សុខ​ចិត្ត​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ០២៧៨ ដែល​មិន​បាន​សរសេរ​លេខ​កូដ​ការិយាល័យ​បោះ​ឆ្នោត និង​ចំហ​មាត់​កញ្ចប់​សុវត្ថិភាព "ក" លោក នង ពិតេន ថ្លែង​ថា លោក​មាន​ជីវភាព​យ៉ាប់យ៉ឺន​ណាស់ ហើយ​បើ​សិន​ជា​ត្រូវ​បង់​ប្រាក់​មែន​នោះ ច្បាស់​ជា​ពិបាក​ចិត្ត​ស្លាប់​ហើយ។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល និង​ត្រួតត្រា​របស់​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ ទាំង​អស់ ហើយ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ធំ គួរ​ជា​មន្ត្រី​រៀបចំ​បោះ​ឆ្នោត​ថ្នាក់​ឃុំ និង​ថ្នាក់​លើៗ​ទៀត។

យ៉ាងណាមិញ ប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ០២៧៦ ដែល​កញ្ចប់​សុវត្ថិភាព "ក" នៅ​ការិយាល័យ​នេះ​បិទ​មាត់​ជិត​នោះ លោក ផាន ជ្រូក បាន​ចេញ​មុខ​បញ្ជាក់​ថា បុគ្គលិក​ការិយាល័យ​ទាំង​អស់​ពិត​ជា​គ្មាន​ប្រាក់ ៥​លាន​រៀល​សម្រាប់​បង់​ឲ្យ​រដ្ឋ​នោះ​ទេ ហើយ​លោក​ក៏​មិន​សុខ​ចិត្ត​ដែរ​បើ​សិន​ជា​ថ្នាក់​លើ​បង្គាប់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម​បង់​ប្រាក់​នោះ។ លោក​បញ្ជាក់​ថា តាម​ពិត​កញ្ចប់​សុវត្ថិភាព "ក" ទាំង ១៣​ការិយាល័យ នៅ​ពេល​បោះ​ឆ្នោត​រួច គឺ​ត្រូវ​បាន​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ បង្គាប់​ឲ្យ​ចំហ​មាត់​ស្រាប់​ដោយ​មិន​អនុញ្ញាត​ឲ្យ​បើក​ទេ។

ឆ្លង​កាត់​ការ​ជួប​សម្ភាសន៍ ក្រុម​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ជិត ១០​នាក់ នៅ​ការិយាល័យ​បោះឆ្នោត​ចំនួន ៦​ការិយាល័យ​ក្នុង​ចំណោម ១៣​ការិយាល័យ។ ក្រុម​មន្ត្រី​ទាំង​នេះ សុទ្ធ​តែ​បាន​បញ្ជាក់​ដូចៗ​គ្នា​ថា បន្ទាប់​ពី​បាន​រាប់​សន្លឹក​ឆ្នោត​ចប់​សព្វគ្រប់ នៅ​ម៉ោង​ជាង ៦​ល្ងាច មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​នោះ​មិន​បាន​បិទ​មាត់​កញ្ចប់​សុវត្ថិភាព "ក" និង​ចាក់​សោ​ឃ្លុំ​កញ្ចប់​សុវត្ថិភាព "ខ" ដែល​ស្រោប​ពី​ក្រៅ​ឡើយ គឺ​ពួកគេ​យក​សម្ភារៈ​ទាំង​អស់​ទៅ​ប្រគល់​ជូន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​តែម្ដង។

ក្រុម​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​រៀបរាប់​ថា មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ ជា​អ្នក​បង្គាប់​ឲ្យ​មន្ត្រី​ការិយាល័យ​ចំហ​មាត់​កញ្ចប់​សុវត្ថិភាព "ក" និង​បាន​បង្រៀន​មន្ត្រី​ថ្នាក់​ក្រោម​ថា សន្លឹក​ឆ្នោត​ដែល​បោះ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​ក្រៅ​ពី​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​សន្លឹក​ឆ្នោត​ដែល​មិន​បាន​ការ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​ស្វាយជ្រះ លោក យុក យាន ដែល​ធ្លាប់​ធ្វើ​ប្រធាន​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​អស់ ៤​អាណត្តិ​មក​ហើយ​នោះ ទម្លាយ​ថា កំហុស​ឆ្គង​ទាំង​អំបាលម៉ាន​គឺ​បណ្ដាល​មក​ពី​គណៈកម្មការ​ឃុំ​រៀបចំ​ការ​បោះ​ឆ្នោត​ពន្យល់​ទៅ​មន្ត្រី​ការិយាល័យ​មិន​ច្បាស់។ ប៉ុន្តែ​ការ​ពន្យល់​មិន​ច្បាស់​នោះ ក៏​ដោយសារ​មន្ត្រី​បណ្ដុះបណ្ដាល​របស់​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ដែរ។

ផ្ទុយ​ទៅ​វិញ​របាយការណ៍​អង្កេត​របស់ គ.ជ.ប ដែល​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​នៃ គ.ជ.ប លោក កែវ ផល្លា បាន​យក​ទៅ​ធ្វើ​ភស្តុតាង​ក្នុង​សវនាការ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា បាន​ទម្លាក់​កំហុស​ទាំង​ស្រុង​ទៅ​លើ​មន្ត្រី​ថ្នាក់​ក្រោម។ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​បាន​ប្រាប់​ថា របាយការណ៍​អង្កេត​របស់​លោក កែវ ផល្លា គឺ​ធ្វើ​ឡើង​ដោយ​មិន​បាន​សួរ​នាំ​មន្ត្រី​តាម​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣​សោះ​ឡើយ។

ផ្អែក​លើ​របាយការណ៍​អង្កេត​របស់ គ.ជ.ប នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​សម្រេច​ក្តី​កំបាំង​មុខ​ដោយ​បញ្ជា​ឲ្យ គ.ជ.ប ដាក់​ពិន័យ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង ៨ ឬ​ស្មើ​នឹង ៤០​នាក់ តាម​ច្បាប់​ជា​ធរមាន បើ​ទោះ​ជា​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សួរ​នាំ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ​សូម្បី ១​ម៉ាត់​ក៏ដោយ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា ស្ថាប័ន​ជាតិ​កំពូល​មួយ​នេះ​បាន​បញ្ចប់​ការ​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​រួច​រាល់​ហើយ។ប៉ុន្តែ​អ្នក​វិភាគ​បញ្ហា​សង្គម​មួយ​ចំនួន​បញ្ជាក់​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បង្ក​ឲ្យ​មាន​ចំណុច​សង្ស័យ​ជា​ច្រើន ដូចជា​ការ​បើក​កញ្ចប់ "ក" ទាំង ១៣ នៅ​ក្រចេះ​រួច បើក​សវនាការ​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​ថ្នាក់​ក្រោម ប៉ុន្តែ​មិន​បាន​បញ្ជា​ឲ្យ​គេ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ និង​មិន​បាន​កោះ​ហៅ​មន្ត្រី​ថ្នាក់​ក្រោម​មក​សួរ​នាំ​ទេ។

ចំណុច​មួយ​ទៀត ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​បាន​សួរ​នាំ​មន្ត្រី​ថ្នាក់​ក្រោម​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ប្រភព​នៃ​បញ្ហា​ឡើយ បែរ​ជា​សម្រេច​តាម​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន គ.ជ.ប ទៅ​វិញ។ ចំណុច​ចុង​ក្រោយ គឺ​គេ​ចង់​សួរ​ថា ហេតុ​អ្វី​បាន​ជា គ.ជ.ប មិន​ស៊ើប​អង្កេត​ករណី​នៅ​ក្រចេះ​នេះ ចាំបាច់​បញ្ជូន​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ? ហេតុ​អ្វី​សំណួរ​នេះ​មិន​ត្រូវ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ធម្មនុញ្ញ​យក​ទៅ​សួរ​នាំ​ក្នុង​សវនាការ?

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ក្ដី​ដោយ​សំអាង​ថា ភាព​មិន​ប្រក្រតី​ទាំង​នេះ មិន​ប៉ះពាល់​ដល់​សន្លឹក​ឆ្នោត ឬ​កៅអី​របស់​គណបក្ស​ធំៗ​២ ប៉ុន្តែ​មូលហេតុ​នៃ​ភាព​មិន​ប្រក្រតី​ទាំង​នេះ មិន​ត្រូវ​បាន​យក​មក​បង្ហាញ​ឲ្យ​ម្ចាស់​ឆ្នោត​ទុក​ចិត្ត​ស្ថាប័ន គ.ជ.ប ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ខ្លួន​ឯង​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ក្រុមប្រឹក្សា​ធម្មនុញ្ញ ក៏​បាន​សម្រេច​ឲ្យ គ.ជ.ប ដាក់​ទោស​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ទាំង ៧​ការិយាល័យ​បោះ​ឆ្នោត​នៅ​ខេត្ត​សៀមរាប ហើយ​មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​ចំនួន ៣៥​នាក់ ក៏​នឹង​ត្រូវ​រង​ពិន័យ ដូច​ជា​មន្ត្រី​ការិយាល័យ​ទាំង ៤០​នាក់ នៅ​ខេត្ត​ក្រចេះ​ដែរ។ តើ​ធាតុ​ពិត​មន្ត្រី​ថ្នាក់​ក្រោម​ទាំង​នេះ​ត្រូវ​ទទួល​ទោស​ចំពោះ​ទង្វើ​របស់​ខ្លួន ឬ​ក៏​ពួក​គេ​គ្រាន់​ជា​អ្នក​ទទួល​រង​ថ្ម​បាក់?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។