បណ្ដាញ​ស្ត្រី​វ័យក្មេង​ស្នើ​រដ្ឋាភិបាល​លើក​កម្ពស់​អប់រំ​ដល់​ស្ត្រី​មុន​សមាហរណកម្ម​អាស៊ាន

0:00 / 0:00

បណ្ដាញ​ស្ត្រី​វ័យក្មេង និង​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ បញ្ហា​ការអប់រំ​សម្រាប់​ស្ត្រី ដើម្បី​ត្រៀមខ្លួន​ទុកជាមុន​នៅ​ពេល​ដែល​អាស៊ាន​បង្កើត​ជា​តំបន់​តែមួយ ឬ​សមាហរណកម្ម​អាស៊ាន នា​ចុង​ឆ្នាំ​២០១៥​ខាងមុខនេះ។ បណ្ដាញ​ស្ត្រី​វ័យក្មេង និង​សង្គម​ស៊ីវិល​យល់ថា ការអប់រំ​ស្ត្រី​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ពិសេស​ស្ត្រី​ខ្វះ​ចំណេះដឹង និង​ជំនាញ​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​អាស៊ាន។

ការ​ស្នើ​សុំ​របស់​បណ្ដាញ​ស្ត្រី​វ័យក្មេង និង​អង្គការ​សង្គម​ស៊ីវិល​ទៅកាន់​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ ស្ដីពី​បញ្ហា​ស្ត្រី​និង​អាស៊ាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ឧសភា នៅ​ទីក្រុង​ភ្នំពេញ។ បណ្ដាញ​ស្ត្រី​វ័យក្មេង​ចាត់ទុកថា ការ​មិន​ពង្រឹង​គុណភាព​អប់រំ និង​មិន​មាន​ការ​ផ្សព្វផ្សាយ​ដល់​ស្ត្រី​ឲ្យ​បាន​ច្រើន គឺជា​បញ្ហា​ធ្វើ​អោយ​ស្ត្រី​ប្រឈម​នឹង ភាព​គ្មាន​ការងារ​ធ្វើ ដើម្បី​ឆ្លើយតប​សមាហរណកម្ម​នៃ​សមាគម​អាស៊ាន។

ជា​តំណាង​បណ្ដាញ​ស្ត្រី​វ័យក្មេង ក្នុង​ភាពជា​អ្នកដឹកនាំ កញ្ញា ឧក សំអាត បាន​លើក​ឡើង​ថា កិច្ចពិភាក្សា​នេះ គឺ​ចង់​ឲ្យ​ស្ត្រី​វ័យក្មេង​លើកឡើង​ពី​បញ្ហា​របស់​ខ្លួន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ស្នើ​ទៅ កាន់​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ឲ្យ​ស្ត្រី​កម្ពុជា ទាំង​ទីក្រុង និង​ជនបទ ទទួល​ការអប់រំ​បាន​ទូលំទូលាយ៖ «ខ្ញុំ​ចង់​ឲ្យ​ស្ត្រី​កម្ពុជា​មានការ​អប់រំ​ល្អ​ប្រសើរ ដើម្បី​មិន​ភ័យខ្លាច​ជាមួយ​ទីផ្សារ​អាស៊ាន»។

ស្រប​ជាមួយ​គ្នា​នេះ​ដែរ ជា​សមាជិក​បណ្ដាញ​ស្ត្រី​វ័យក្មេង កញ្ញា ហួត សភា យល់ថា ការអប់រំ​របស់​ស្ត្រី​នៅ​កម្ពុជា ពិសេស​នៅ​ទី​ជនបទ​នៅ​ទន់ខ្សោយ​នៅឡើយ។ កញ្ញា​និយាយ​បន្ត​ថា ការអប់រំ​ដល់​ស្ត្រី​គឺជា​រឿង​ចាំបាច់​ដែល​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​ឲ្យ​កម្ពុជា​មាន​ធនធាន​មនុស្ស កាត់​បន្ថយ​ចំណាកស្រុក និង​បង្កើន​ឪ​កាស​ការងារ​ដល់​ស្ត្រី៖ «រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​មើល និង​ទទួល​យក និង​រក​ឲ្យ​ឃើញ​ពី​តម្រូវ​ការ​ចាំបាច់​ស្ត្រី ពិសេស​ការអប់រំ ចំពោះ​ស្ត្រី»។

មន្ត្រី​គម្រោង​របស់​អង្គការ​ជនជាតិភាគតិច​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចពិភាក្សា​នេះ កញ្ញា ឡឹក ស្រីនាង និយាយ​ថា បើ​ទោះ​កម្ពុជា​នឹង​បាន ផល​ចំណេញ​ច្រើន ពិសេស​ផ្នែក​សេដ្ឋកិច្ច​ពី​សមាហរណកម្ម​អាស៊ាន​ក្ដី ប៉ុន្តែ​ស្ត្រី​កម្ពុជា ពិសេស​ជនជាតិ​ភាគតិច នៅតែ​បាត់បង់​ឪ​កាស​នៅឡើយ។ កញ្ញា ស្នើ​ទៅកាន់​រដ្ឋាភិបាល​ផ្ដល់​ការអប់រំ ទាំង​ចំណេះ​ជំនាញ​ដល់​ស្ត្រី​ឲ្យ​មាន​ឪ​កាស​ស្មើ​គ្នា មុននឹង​កម្ពុជា​ចូល​ជាស​មា​រណកម្ម​អាស៊ាន៖ «ចំណេះដឹង​ជនជាតិ​ដើម​ភាគតិច នៅ​មាន​កម្រិត​នៅឡើយ បើ​ប្រៀបធៀប​នឹង​ស្ត្រី​ទូទៅ ដូច្នេះ​តើ​ពួកគាត់​អាច​ដើរ​ទាន់​សមាហរណកម្ម​អាស៊ាន​ដែរ​រឺទេ ដូច្នេះ​ចាំបាច់​វា​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ លើ​ការ​អប់រំ ក៏ដូចជា​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​ពួកគាត់»។

ចំណែក​ឯ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​បាត់ដំបង អ្នកស្រី មូរ សុខហួរ មាន​ប្រសាសន៍ថា កម្ពុជា​មិន​អាច​មើល​រំលង​បាន​ឡើយ​ពី​ធនធាន​ស្ត្រី ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ ពិសេស​នៅ​ក្នុង​ការ​បោះ​ជំហាន ចូល​ទៅ​កាន់​សមាហរណកម្ម​អាស៊ាន។ តំណាងរាស្ត្រ​ស្ត្រី​រូប​នេះ ចង់​ឃើញ​រដ្ឋាភិបាល មាន​យន្តការ​លើកកម្ពស់​ការ​អប់រំ​ស្ត្រី​បន្ថែម​ទៀត៖ «ខ្ញុំ​យល់ថា កម្ពុជា​ត្រូវ​តែ​មាន​វិធានការ និង​គោលនយោបាយ ដើម្បី​ការពារ​ស្ត្រី ដើម្បី​ធានា​ដល់​ស្ត្រី​កម្ពុជា​ទ​ទូល​បានការ​អប់រំ​ទូលំទូលាយ ត្រូវ​តែ​មាន​សុវត្ថិភាព សុខភាព និង​ឪ​កាស​ស្មើ​គ្នា​និង​បុរស»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ក្រសួង​កិច្ចការ​នារី ពី​បញ្ហា​ការអប់រំ​ស្ត្រី ដើម្បី​ត្រៀមខ្លួន​នឹង​សមាហរណកម្ម​អាស៊ាន​នា​ពេល​ខាង​មុខ បាន​នៅឡើយ​នៅ​ថ្ងៃ​ទី​២៣ ខែ ឧសភា។ ប៉ុន្តែ​ក្រសួង​អប់រំ​យុវជន និង​កីឡា កំពុងតែ​ធ្វើ​កំណែ​ទម្រង់​គុណភាព​អប់រំ ដោយ​ផ្ដើម​ពី​ការ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​ប្រឡង​បាក់​ឌុប ដែល​ជា​ក្ដី​សង្ឃឹម​សម្រាប់​គុណភាព​អប់រំ​នៅ​កម្ពុជា។ ប៉ុន្តែ​កំណែ​ទម្រង់​នោះ​មិនទាន់​ឆ្លើយតប​នូវ​ល្បឿន​នៃ​ការ​វិវឌ្ឍ​ក្នុង​តំបន់ និង​តម្រូវការ​ទីផ្សារ សម្រាប់​ឲ្យ​យុវជន​កម្ពុជា ចាប់​យក​ឱកាស​ការងារ​ច្រើន នៅ​ពេល​ដែល​សមាហរណកម្ម​អាស៊ាន ចូល​មកដល់​បាន​ឡើយ។ បណ្ដាញ​ស្ត្រី​វ័យក្មេង និង​សង្គម​ស៊ីវិល ចង់​ឲ្យ​រដ្ឋាភិបាល​លើកកម្ពស់​ការអប់រំ​ស្ត្រី ដើម្បី​ឲ្យ​ស្ត្រី​កម្ពុជា​ទទួល​ផល​ប្រយោជន៍​ពី​សមាហរណកម្ម​អាស៊ាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។