សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា (ERA) ដែលមានជាង ២០អង្គការសមាគមជាសមាជិក ផ្ដល់អនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធរដ្ឋាភិបាល ឲ្យកែប្រែប្រព័ន្ធបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុងស្រុកខណ្ឌ ឬបោះឆ្នោតថ្នាក់ក្រោមជាតិ ឲ្យទៅជាការបោះឆ្នោតសកលនៅថ្ងៃអនាគត។
លោក គល់ បញ្ញា សមាជិកម្នាក់នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា និងជាប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល (Comfrel) បានស្នើទៅរដ្ឋាភិបាលនិងសមាជិកសភា ឲ្យកែទម្រង់ការបោះឆ្នោតថ្នាក់ក្រោមជាតិ ឬបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សានៅកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរទូទៅអាចមានសិទ្ធិចូលរួមការបោះឆ្នោតនេះ។
លោករិះគន់ចំពោះការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាដែលប្រទេសកម្ពុជា អនុវត្តកន្លងមកតាមបែបអសកល ដែលមិនអនុញ្ញាតឲ្យពលរដ្ឋធម្មតាមានសិទ្ធិបោះឆ្នោត។ លោកថា ការបោះឆ្នោតរបៀបនេះ បណ្ដាប្រទេសនៅលើសកលលោកគេមិនយកអនុវត្តទេ។
លោក គល់ បញ្ញា បានចាត់ទុកការបោះឆ្នោតធ្វើឡើងជាអសកល ថាមិនមានយុត្តិធម៌សម្រាប់គណបក្សតូចៗ ដែលមានបំណងចូលរួមចុះបញ្ជីក្នុងការបោះឆ្នោតនេះនោះទេ៖ «យើងបានស្នើឲ្យរដ្ឋាភិបាល និងរដ្ឋសភាពិចារណាការបោះឆ្នោតនេះ ជាពិសេសច្បាប់ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សា។ ធ្វើម៉េចឲ្យការបោះឆ្នោតថ្នាក់ក្រោមជាតិហ្នឹងមានលក្ខណៈជាការបោះឆ្នោតជាសកល។ បើសិនជាយើងចង់សន្សំលុយ កុំឲ្យអស់លុយច្រើន គឺយើងអាចធ្វើការបោះឆ្នោតជាសកល ដោយដាក់ការបោះឆ្នោតហ្នឹងជាមួយការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃតែមួយ និងប្រើប្រាស់ប្រព័ន្ធតែមួយ។ គ្រាន់តែថា យើងមានសន្លឹកឆ្នោតផ្សេងៗ។ ការបោះឆ្នោតឃុំសង្កាត់មានសន្លឹកឆ្នោតពណ៌ផ្សេង និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិមានសន្លឹកឆ្នោតពណ៌ផ្សេង ហើយមានហិបឆ្នោតពីរ ដើម្បីឲ្យប្រជាជនអាចបោះបង្ហាញថា ខ្លួនស្រលាញ់ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះ ឬក៏ស្រលាញ់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិបោះឲ្យគណបក្សនោះ គឺដើម្បីឲ្យគាត់មានជម្រើស។ ហើយយើងបានក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ មានការជ្រើសរើសដោយផ្ទាល់ពីពលរដ្ឋ»។
ជាងនេះ សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតក៏បានស្នើទៅក្រុមការងារចម្រុះជួបចរចាកែទម្រង់បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យពិចារណាកែប្រព័ន្ធបោះឆ្នោតថ្នាក់ក្រោមជាតិ ដើម្បីបើកច្រកឲ្យពលរដ្ឋសាមញ្ញអាចមានសិទ្ធិចូលរួមសម្រេចចិត្តនៅថ្ងៃអនាគត។
ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា បានបញ្ជាក់ថា អ្នកមានសិទ្ធិបោះឆ្នោតនេះ គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅក្នុងតំណែងទេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋទូទៅមិនមានសិទ្ធិទេ។
ទាក់ទិនបញ្ហានេះ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានគាំទ្រអនុសាសន៍មន្ត្រីសង្គមស៊ីវិល ដែលទាមទារឲ្យកម្ពុជា មានប្រព័ន្ធបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា ឲ្យពលរដ្ឋធម្មតាចូលរួមបោះឆ្នោតនេះដែរ៖ «ខ្ញុំថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែយើងបើកឲ្យទូលាយទៅមុខអ៊ីចឹងហើយ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជាម្ចាស់នៃអំណាចពិតប្រាកដ។ ដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់អំណាចពិតប្រាកដ ទាល់តែឲ្យប្រជាពលរដ្ឋចូលរួមធ្វើសេចក្តីសម្រេច ជាពិសេសសម្រេចជ្រើសរើសមេដឹកនាំគ្រប់ជាន់ថ្នាក់ហ្នឹង»។
មិនទាន់មានប្រតិកម្ម ឬការបំភ្លឺពីលោក ជាម យៀប និងលោក ព្រុំ សុខា មន្ត្រីក្រុមការងារកែទម្រង់បោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ជុំវិញអនុសាសន៍របស់មន្ត្រីសង្គមស៊ីវិលស្នើកែប្រែប្រព័ន្ធបោះឆ្នោតថ្នាក់ក្រោមជាតិបានទេតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៣ ខែមីនា។
បញ្ហានេះដែរ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មានប្រសាសន៍ថា ស្ថាប័ន គ.ជ.ប គ្រាន់តែជាអ្នកអនុវត្តច្បាប់ទេ។ រីឯការតាក់តែងច្បាប់បោះឆ្នោតផ្សេងៗ រាជរដ្ឋាភិបាលបានស្នើទៅសភាដើម្បីអនុម័ត។
លោក ទេព នីថា៖ «នៅប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនគេនៅប្រើ។ អ៊ីចឹងទេ គេកម្រិតៗ គេបោះឆ្នោតជាសកល និងកម្រិតណាបោះឆ្នោតអសកល។ នៅប្រទេសយើង យើងបោះឆ្នោតថ្នាក់ខ្ពស់បំផុត គឺរដ្ឋសភា បោះឆ្នោតជាសកល ហើយការបោះឆ្នោតថ្នាក់ទាបបំផុត ឬក្រោមបំផុតហ្នឹង គឺឃុំសង្កាត់ យើងបោះជាសកល ហើយបោះឆ្នោតថ្នាក់កណ្ដាល យើងបោះឆ្នោតព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីខេត្ត និងក្រុងស្រុកខណ្ឌ គឺបោះឆ្នោតជាអសកល។ ដូចខ្ញុំជម្រាបអ៊ីចឹង វាមានប្រជាធិបតេយ្យដូចគ្នា គ្រាន់តែថា ការឲ្យតម្លៃរបៀបណាមួយ គឺអាស្រ័យទៅលើអ្នកតាក់តែងច្បាប់ និងអាស្រ័យទៅលើប្រវត្តិនយោបាយរបស់ប្រទេសនីមួយៗដែរ»។
ទោះយ៉ាងណា ការផ្ដល់អនុសាសន៍របស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតពេលនេះ បានកើតឡើងនៅគ្រាកាលបរិច្ឆេទការបោះឆ្នោតសមាជិកក្រុមប្រឹក្សាអាណត្តិទី២ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
