គ្រួសារ​អំពាវនាវ​ឲ្យ​ដោះ​លែង​ជន​ជាប់​ចោទ​ក្នុង​ព្រឹត្តិការណ៍​នៅ​ស្ពាន​ក្បាល​ថ្នល់

ជន​ជាប់​ចោទ ៦​នាក់ ដែល​ត្រូវ​ចាប់ និង​ឃុំ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​រវាង​ប្រជាពលរដ្ឋ ជាមួយ​សមត្ថកិច្ច​នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ នៅ​បន្ត​ជាប់​ឃុំឃាំង​នៅ​ឡើយ រហូត​ដល់​ថ្ងៃ​ទី២៦ ខែ​កញ្ញា។ ក្រុម​គ្រួសារ​របស់​ពួក​គេ​មិន​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ អនុញ្ញាត​ឲ្យ​ជួប​សួរ​សុខ​ទុក្ខ​ឡើយ ក្រៅ​តែ​ពី​មេធាវី​ជួយ​ការពារ​ក្តី។

0:00 / 0:00

ក្រុម​គ្រួសារ​ជន​ជាប់​ចោទ ៦​នាក់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ លើក​លែង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់ ដោយ​សំអាង​ថា មិន​មាន​ជាប់​ពាក់ព័ន្ធ​ការ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ឡើយ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​មនុស្ស ៦​នាក់ បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ក្រោម​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​ជាមួយ​សមត្ថកិច្ច នៅ​លើ​ស្ពាន​អាកាស​ក្បាល​ថ្នល់ កាល​ពី​យប់​ថ្ងៃ​ទី១៥ ខែ​កញ្ញា។

ជន​ជាប់​ចោទ​ទាំង​នោះ រួម​មាន ឈ្មោះ ឯក ចាន់នូ តាំង ជុងស៊ែង សុង និស្ស័យ ឡាញ់ សាមឿន វ៉ា នឿន និង​ជនជាតិ​វៀតណាម ម្នាក់​ឈ្មោះ ង្វៀន ធីដុក។

អ្នកស្រី សុង សុម៉ាលី ជា​អ៊ំ​របស់​ឈ្មោះ សុង និស្ស័យ រៀប​រាប់​បណ្ដើរ​យំ​បណ្ដើរ​ថា ក្មួយ​ប្រុស​របស់​គាត់​មិន​បាន​ចូល​រួម​ធ្វើ​បាតុកម្ម ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រឆាំង​ឡើយ។ នៅ​ថ្ងៃ​កើត​ហេតុ ឈ្មោះ សុង និស្ស័យ បាន​ទៅ​ចូល​រួម​ដង្ហែ​សព​ជីដូន​បង្កើត ដែល​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា យក​ទៅ​បូជា​នៅ​វត្ត​មួយ​នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​កណ្ដាល តាំង​ពី​ព្រឹក។ លុះ​ពេល​រសៀល ក្មួយ​ប្រុស​របស់​គាត់​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ចាក់អង្រែ ហើយ​គាប់​ជួន​ក៏​ស្ទះ​ផ្លូវ​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​មាន​ការ​ចាប់​ខ្លួន​តែ​ម្តង។

អ្នកស្រី​បញ្ជាក់​ថា គាត់​មាន​លិខិត​បញ្ជាក់​មរណភាព​របស់​ម្តាយ​គាត់ ដែល​ត្រូវ​ជា​ជីដូន​របស់ សុង និស្ស័យ ហើយ​មាន​សាក្សី​ជាច្រើន​បញ្ជាក់​ថា និស្ស័យ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​មហា​បាតុកម្ម​នៅ​ថ្ងៃ​កើត​ហេតុ។ អ្នកស្រី​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​ក្មួយ​ប្រុស​របស់​គាត់​នេះ ជា​រឿង​អយុត្តិធម៌ និង​ទទូច​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ លើក​លែង​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ឲ្យ​ក្មួយ​ប្រុស​របស់​គាត់​មាន​សេរីភាព និង​បាន​ចូល​រៀន​ដូច​ប្រក្រតី​វិញ។

ប្រពន្ធ​ជន​ជាប់​ចោទ​ម្នាក់​ទៀត ឈ្មោះ វ៉ា នឿន គឺ​អ្នកស្រី ហ៊ុន សន ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​កើត​ហេតុ ប្ដី​របស់​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ជួយ​ប្អូន​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់ ប៉ុន្តែ​មិន​ទាន់​ទៅ​ដល់​ផង ស្រាប់​តែ​ស្ទះ​ផ្លូវ ដែល​ធ្វើ​ឲ្យ​ប្ដី​គាត់​ទៅ​មុខ​មិន​រួច បក​ក្រោយ​ក៏​មិន​បាន។ ពេល​មាន​រឿង​ជ្រួល​ច្របល់​ខ្លាំង ដែល​សមត្ថកិច្ច​បាញ់​កាំភ្លើង​នោះ ប្ដី​គាត់​ក៏​បាន​រត់​គេច​រក​សុវត្ថិភាព ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​តែ​ម្តង។

មិន​ខុស​គ្នា​ដែរ ម្តាយ​ជន​ជាប់​ចោទ តាំង ជុងស៊ែង គឺ​អ្នកស្រី តាំង នី បញ្ជាក់​ថា អ្នកស្រី​បាន​ជួប​កូន​គាត់​បាន​ម្តង​ប៉ុណ្ណោះ ពេល​ដែល​ចៅក្រម​ហៅ​មក​សាកសួរ​ចម្លើយ​ក្នុង​សវនាការ ចាប់​តាំង​ពី​ពេល​ចាប់​ខ្លួន។ លុះ​ពេល​ដែល​គាត់​ទៅ​ជួប​សួរ​សុខ​ទុក្ខ​កូន​ក្នុង​ពន្ធនាគារ ឆ្មាំ​ពន្ធនាគារ​មិន​បាន​អនុញ្ញាត​ឲ្យ​ជួប​នោះ​ឡើយ ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ពន្ធនាគារ​ព្រៃស បាន​នៅ​ឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី២៦ ខែ​កញ្ញា ជុំវិញ​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​គ្រួសារ​ជន​ជាប់​ចោទ មាន​សិទ្ធិ​ជួប​សួរ​សុខ​ទុក្ខ​នៅ​ក្នុង​ពន្ធនាគារ។

ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់​ថា រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុម​គ្រួសារ​សាច់ញាតិ​ជន​ជាប់​ចោទ​ទាំង ៦​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​សួរ​សុខ​ទុក្ខ​ឡើយ គឺ​លើក​លែង​តែ​មេធាវី​ការពារ​ក្តី​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា ប្រសិន​បើ​ករណី​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​នោះ អាច​មាន​សង្ឃឹម​ថា​នឹង​អាច​ដោះ​លែង​ពួក​គេ​នៅ​ក្រៅ​ឃុំ​បាន ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​ដោះស្រាយ​ពី​រឿង​នេះ។ ប៉ុន្តែ បើ​តាម​ការ​អះអាង​របស់ លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​មិន​មាន​សញ្ញាណ​ណា​មួយ​ជួប​ចរចា​គ្នា​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា បើ​មាន​ឱកាស​ជួប​គ្នា​នោះ លោក​នឹង​ស្នើសុំ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​វិញ ដោយ​លោក​ចាត់​ទុក​ថា ករណី​នេះ​មាន​ជាប់​ទាក់ទង​ការ​គំរាម​កំហែង​ខាង​នយោបាយ និង​សិទ្ធិ​សេរីភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។