លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលធ្លាប់បានប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍នោះ ឥលូវនេះលោកត្រូវបាន លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរដាក់ពាក្យប្ដឹងលោក ទៅសាលាដំបូងរាជធានីភ្នំពេញជាផ្លូវការហើយ នៅថ្ងៃទី២១ ធ្នូ ពីបទបរិហារកេរ្តិ៍ និងញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោក ហោ ណាំហុង មិនបានសុំទោសប្រធានបក្សនេះជាសាធារណៈ។
អ្នកនាំពាក្យគណបក្សអំណាចខ្មែរលោក ទេព វីរៈ ឲ្យវិទ្យុអាស៊ីសេរីដឹងថា បណ្ដឹងរបស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញទទួលយកហើយ តែនីតិវិធីកោះហៅសាកសួររបស់តុលាការ នៅមិនទាន់ដឹងធ្វើឡើងនៅពេលណានៅឡើយ។
លោក ទេព វីរៈ បញ្ជាក់ថា ប្រធាន និងសមាជិកគណបក្សអំណាចខ្មែរ មិនមែនជាភេរវករ ដូចការចោទប្រកាន់ឡើយ ហើយសាលដីកាក៏មិនចោទថាជាភេរវករដូច្នេះដែរ ៖ « តាំងពីដើមដល់ចប់យើងជាមនុស្សត្រឹមត្រូវ យើងប្រកាន់គោលជំហរសេរី គ្រាន់តែយើងហ៊ាននិយាយអ្វីជាការពិត សម្រាប់គេកាត់ទោស គេចោទអ្វីនោះ មិនមែនជាការពិតទាំងអស់ រហូតដល់គ្មានវិធីលាក់បាំងការលាបពណ៌ខ្លួនឯងបាន ចុងក្រោយគឺសុំព្រះមហាក្សត្រលើកលែងទោសដល់ប្រធាន និងសមាជិកបក្សអំណាចខ្មែរ។ នេះមើលឃើញច្បាស់ថា តុលាការមិនមែនជាតុលាការមានសិទ្ធិអំណាច កាត់ក្ដីពិតប្រាកដទេ រឿងអ្វីក៏ដោយ ចុងក្រោយអ្នកចាប់និងអ្នកលែងគឺជាមនុស្សតែមួយ អ៊ីចឹងនេះជាការពិត » ។
លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាលើកលែងទោសកាលពីខែកក្កដា ដើម្បីអនុញ្ញាតឲ្យបន្តប្រឡូកនយោបាយក្នុងមាតុភូមិកម្ពុជាវិញ នៅបន្ទាប់ពីលោកត្រូវបានតុលាការផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារ ៧ឆ្នាំ កាលពីខែមករា ឆ្នាំ២០១៥ ពីបទរួមគំនិតក្បត់ជាតិ និងរារាំងអ្នកបោះឆ្នោត។
ក្នុងពាក្យបណ្ដឹងនេះ លោក សួន សេរីរដ្ឋា ទាមទារតុលាការស៊ើបអង្កេតរកយុត្តិធម៌ ជូនលោកតាមនីតិវិធី រួមនឹងសំណងជំងឺចិត្ត ៥០០លានរៀល សម្រាប់ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
រឿងក្ដីក្ដាំនេះ កើតឡើងនៅបន្ទាប់ពីលោក ហោ ណាំហុង បានលើកឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ថ្មីប្រចាំកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ថា គណបក្សអំណាចខ្មែរ មានសមាជិកជាភេរវករ។
កាលពីថ្ងៃទី១៨ ខែធ្នូ លោក សួន សេរីរដ្ឋា អះអាងថា លោកនឹងមិនប្ដឹងលោក ហោ ណាំហុង ទេប្រសិនបើលោក ហោ ណាំហុង ចេញសេចក្ដីថ្លែងការណ៍សុំទោសជាសាធារណៈ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
