លោក កឹម សុខា៖ ដើម្បី​កុំ​ឲ្យ​មាន​របប​ផ្ដាច់ការ​លុះ​ត្រា​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ថ្នាក់​ក្រោម​ជាតិ

ដោយ ម៉ម មុនីរតន៍
2017-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹក​នាំ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដឹក​នាំ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA
Photo: RFA

មើល​រូបភាព​​ដទៃ​ទៀត​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ថ្ងៃ​ដំបូង

នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​ស្វែង​រក​សំឡេង​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ លើក​ដំបូង គណបក្ស​នយោបាយ​នីមួយៗ បាន​រក​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន​ដើម្បី​ទាក់ទាញ​ការ​គាំទ្រ។ គណបក្ស​ប្រឆាំង ក៏​មិន​ខុស​ពី​គណបក្ស​នយោបាយ​ដទៃ​ទៀត​ប៉ុន្មាន​នោះ​ដែរ សម្រាប់​ថ្ងៃ​ឃោសនា​ទី​១​នេះ។ ប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា ខ្លួន​ហ៊ាន​ផ្ដល់​សិទ្ធិ​អំណាច​ដ៏​ពិត​ប្រាកដ​ដល់​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម​ជាតិ​ធ្វើ​សេចក្ដី​សម្រេច ដើម្បី​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

លោក កឹម សុខា ដែល​ដឹកនាំ​ការ​ឃោសនា​រក​ការ​គាំទ្រ​ដោយ​អវត្តមាន​លោក សម រង្ស៊ី លើក​នេះ មាន​សុទិដ្ឋិនិយម​ថា ការ​រក្សា​អំណាច​នៅ​តែ​ថ្នាក់​ជាតិ ឬ​ស្ថិត​នៅ​លើ​តែ​បុគ្គល ប្រាកដ​ណាស់​ប្រទេស​នឹង​វិល​ទៅ​រក​របប​ផ្ដាច់ការ និង​នេះ​ជា​ទម្រង់​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស។

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​នៅ​ព្រំ​ប្រទល់​ចន្លោះ​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ ត្រង់​ផ្លូវ ៦០​ម៉ែត្រ លោក កឹម សុខា អះអាង​ថា បក្ស​ប្រឆាំង​ហ៊ាន​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ទៅ​ថ្នាក់​ក្រោម​ជាតិ គឺ​អាជ្ញាធរ​ឃុំ-​សង្កាត់ ធ្វើ​សេចក្ដី​សម្រេច និង​ចាត់ចែង​ការ​អភិវឌ្ឍ ដោយ​ពុំ​ចាំបាច់​ឆ្លង​យោបល់ ឬ​បើក​ភ្លើង​ខៀវ​ពី​ថ្នាក់​ជាតិ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​អ្វីៗ ចាំ​សម្រេច​តែ​ពី​ថ្នាក់​ជាតិ នោះ​មាន​ន័យ​ថា គឺ​ជា​ការ​គ្រប់គ្រង​តាម​បែប​អំណាច​ប្រមូលផ្ដុំ ហើយ​និន្នាការ​នយោបាយ​នេះ គឺ​ទម្រង់​នៃ​របប​ផ្ដាច់ការ​ហើយ៖ «បើ​ចង់​ឲ្យ​កម្ពុជា មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​កុំ​ឲ្យ​ឈាន​ទៅ​រក​អំណាច​ផ្ដាច់ការ​វិញ គឺ​ដាច់​ខាត​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មូលដ្ឋាន​មាន​អំណាច។ បើ​អំណាច​ប្រមូលផ្ដុំ​នៅ​ថ្នាក់​លើ​នឹង​អាច​ឈាន​ទៅ​រក​អំណាច​ផ្ដាច់ការ។ ប៉ុន្តែ​បើ​អំណាច​ធ្លាក់​ទៅ​ដល់​មូលដ្ឋាន​ប្រជាធិបតេយ្យ​ពិត​ជា​រឹងមាំ»

សារ​នយោបាយ​របស់​គណបក្ស​ប្រឆាំង​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​អាណត្តិ​ទី​៤​នេះ បាន​ដាក់​ចេញ​នូវ​គោលការណ៍ ៥​ចំណុច ក្នុង​នោះ​ការ​ធ្វើ​វិមជ្ឈការ​ថវិកា​​កន្លះ​លាន​ដុល្លារ​គឺ​ជា​យុទ្ធសាស្ត្រ​ស្លាប់​រស់​របស់​បក្ស​នេះ។ លោក កឹម សុខា ថ្លែង​ដោយ​មោទនភាព​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​បក្ស​ប្រឆាំង​ហ៊ាន​ទម្លាក់​លុយ​កន្លះ​លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន​ក្រោយ​ដឹកនាំ​រដ្ឋាភិបាល៖ «ឃុំ​សង្កាត់​នឹង​ធ្វើ​ផែនការ​ដោយ​ខ្លួន​ឯង រៀបចំ​គោលការណ៍​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង និង​ធ្វើ​ការ​សម្រេច​ដោយ​ខ្លួន​ឯង និង​មាន​ថវិកា​ដោយ​ខ្លួន​ឯង តាម​ការ​ផ្ដល់​ថវិកា​ពី​គោលនយោបាយ​ថ្នាក់​ជាតិ»

នៅ​មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-​សង្កាត់ បាន​ចាប់​ផ្ដើម​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​ដែល​ប្រើ​ពាក្យ​ថា "ដូរ" និង "ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ"។ ផ្ទុយ​ពី​នេះ មេ​បក្ស​ប្រឆាំង​ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា បក្ស​ប្រឆាំង​នឹង​នៅ​តែ​ប្រើ​ពាក្យ​ថា "ដូរ" នេះ ប៉ុន្តែ​ដូរ​មេឃុំ ឬ​ចៅ​សង្កាត់​ណា​ដែល​មិន​បម្រើ​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គណបក្ស​ប្រឆាំង​បាន​ដៀមដាម​ថា ក្រោយ​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស បក្ស​របស់​ខ្លួន​នឹង​មិន​ធ្វើ​សាលារៀន​ជូន​តាម​សំណើ ដូច​បក្ស​កាន់​អំណាច​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ជា​ការ​ធ្វើ​ទៅ​តាម​ផែនការ​ថ្នាក់​ជាតិ​ដែល​បាន​ដាក់​ចេញ​វិញ។

នៅ​ពេល​នេះ គេ​ឮ​សូរ​តែ​សំឡេង​ឃោសនា​ស្ទើរ​គ្រប់​មហាវិថី​យ៉ាង​កង​រំពង​របស់​គណបក្ស​នយោបាយ​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​បើក​ឆាក​នេះ។ សម្រាប់​អាណត្តិ​នេះ នៅ​ថ្ងៃ​ឃោសនា​ដំបូង​សង្កេត​ឃើញ​ថា ជា​លើក​ទី​១ ហើយ​ដែល​មាន​ក្រុម​អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​របស់ គ.ជ.ប តាម​សង្កេតការណ៍​រហូត​នៅ​តាម​ក្បួន​ហែ​របស់​បក្ស​នយោបាយ​នីមួយៗ។

ក្រៅ​ពី​នេះ កម្លាំង​នគរបាល​ក៏​ត្រូវ​គេ​ដាក់​ពង្រាយ និង​ជួយ​សម្រួល​ការ​ធ្វើ​ដំណើរ​បាន​ល្អ​ប្រសើរ បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុនៗ។ យុទ្ធនាការ​ឃោសនា​នៅ​ថ្ងៃ​ទី​១​នេះ សង្កេត​ឃើញ​ថា ពុំ​មាន​ហិង្សា​ផ្ទុះ​ឡើង​ទេ។ ដោយ​ឡែក អ្នក​ហែ​ក្បួន​វិញ មើល​ទៅ​ហាក់​គោរព​គោលការណ៍​បាន​ល្អ និង​មាន​របៀបរៀបរយ ជា​ពិសេស​ហាក់​មាន​សីលធម៌​ខ្ពស់​ក្នុង​ការ​ហែ​ក្បួន ពុំ​មាន​ឮ​ការ​ជេរ​ប្រមាថ ដៀមដាម ឬ​ត្មះតិះដៀល​ដូច​អាណត្តិ​មុនៗ​ឡើយ ក្រៅ​ពី​ប្រឹង​អួត​តែ​ក្នុង​កម្មវិធី​នយោបាយ​រៀងៗ​ខ្លួន​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​យុទ្ធនាការ​ដំបូង​នេះ បក្ស​ប្រឆាំង​បាន​ជ្រើសរើស​ការ​ហែ​ក្បួន​របស់​ខ្លួន​ចេញ​ពី​ចំណុច​ផ្លូវ ៦០​ម៉ែត្រ និង​សម្រាក​បាយ​ថ្ងៃ​ត្រង់​នៅ​ម្ដុំ​រង្វង់​មូល​កាំកូ ស៊ីធី បន្ទាប់​មក​ទិស​ដៅ​ឆ្ពោះ​ទៅ​នៅ​រង្វល់​មូល​ចោមចៅ មុន​នឹង​ត្រូវ​រំសាយ​ទៅ​វិញ នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ចាក់​អង្រែលើ ក្រោយ​ក្បួន​ឆ្លងកាត់​ផ្លូវ​វ៉េងស្រេង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Hello , CNRP ! We are WISHING all of you have a wonderful and Successful for ELECTION in 2017 and 2018 is coming soon , GOD BLESS YOU All .

May 20, 2017 08:02 PM

អ្នក​អាន​អនាមិក

Well done my fellow brother and sister all are the same blood. Thanks you all, the god looks after everyone .

May 20, 2017 12:10 AM

គេហទំព័រ​ទាំងមូល