គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប នឹងជម្រុះយកបេក្ខជនតែត្រឹម ១៥នាក់ សម្រាប់តំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង នៅថ្ងៃទី៥ មករា។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ឲ្យដឹងថា ការប្រជុំសម្រេចជម្រុះយកបេក្ខជន១៥នាក់នោះ ដោយនឹងយក៣នាក់ សម្រាប់ប្រកួតប្រជែងតំណែងអគ្គលេខាធិការ និង១២នាក់ទៀត សម្រាប់តំណែងអគ្គលេខាធិការរង។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា បេក្ខជនទាំង១៥នាក់ចុងក្រោយនោះ នឹងតម្រូវឲ្យផ្ដល់ឯកសារច្បាប់ដើមទាំងអស់ ដូចជាសញ្ញាប័ត្រ ឯកសារប្រវត្តិរូបជាដើម។
បេក្ខជនដែលចូលរួមប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ត្រូវបំពេញលក្ខខណ្ឌចំនួន ៦ចំណុច ដូចជាមានសញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់ក្នុងរយៈពេលបំពេញការងារ មានអាយុយ៉ាងតិច ៣០ឆ្នាំ មានសិទ្ធិបោះឆ្នោត មានសញ្ញាបត្រចាប់ពីថ្នាក់ឧត្ដមសិក្សាឡើងទៅ មានបទពិសោធន៍ការងារយ៉ាងតិចណាស់ ៥ឆ្នាំ និងមិនត្រូវជាសហព័ន្ធ ឬញាតិសារលោហិត ឬញាតិពន្ធរហូតដល់ថ្នាក់ទី៣ របស់ប្រធាន អនុប្រធានគណបក្សនយោបាយ។
វគ្គជម្រុះចុងក្រោយសម្រាប់តំណែងនេះ គឺប្រើរូបមន្តបីយកមួយ ហើយលទ្ធផលចុងក្រោយនឹងត្រូវប្រកាសនៅពាក់កណ្ដាលខែមករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
