សាលាដំបូងរាជធានីភ្នំពេញកោះហៅអនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ឲ្យចូលឆ្លើយបំភ្លឺជុំវិញបណ្ដឹងរបស់ខ្លួន សុំរំលាយគណបក្សនេះ នៅព្រឹកថ្ងៃទី៤ វិច្ឆិកា។
អនុប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកបណ្ឌិត ហ៊ាង ឫទ្ធី ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២ វិច្ឆិកា ថាលោក និងថ្នាក់ដឹកនាំគណបក្សនេះ៣នាក់ទៀត ដែលជាអ្នកច្បាប់ដូចគ្នា ចាត់ទុកជាលោក ម៉ម សូណង់ដូ ជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ ដែលតែងតែប្រើអំណាចផ្ដាច់ការ និងចាយវាយថវិកាបក្សគ្មានតម្លាភាព៖ «ចិត្តទេវទត្ត មាត់ទេវតា មាត់ជាអ្នកប្រជាធិបតេយ្យ មាត់ថា គោរពច្បាប់ ប៉ុន្តែទង្វើរបស់គាត់ ( ម៉ម សូណង់ដូ ) កាលពីខ្ញុំនៅក្រៅ ( ស្រុក ) ដូចពលរដ្ឋធម្មតា ហើយស្គាល់គាត់ជាង២០ឆ្នាំ ដែលយើងមិនទាន់ច្បាស់ ដល់ពេលធ្វើការជាមួយគ្នា ទើបដឹងថា គាត់ ( ម៉ម សូណង់ដូ ) ប្រើប្រាស់អំណាចផ្ដាច់ការ ដែលមិនអាចធ្វើការជាមួយគាត់បាន ជាពិសេសគឺការចាយវាយថវិកាហិរញ្ញវត្ថុ គាត់ប្រើប្រាស់របស់ខ្លួនគាត់ ( ម៉ម សូណង់ដូ ) តែការពិតថវិកាហ្នឹងបានពីសប្បុរសជន ហើយគាត់ ( ម៉ម សូណង់ដូ ) យកទុកដាក់ក្នុងគ្រួសាររបស់គាត់»។
ចំណែកប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ មិនឆ្លើយសំណួរទាក់ទងនឹងបណ្ដឹងរំលាយគណបក្សនេះទេ ទោះបីជាលោកបានលើកទូរស័ព្ទនៅថ្ងៃទី២ វិច្ឆិកានេះក៏ដោយ។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទើបតែធ្វើសមាជបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានកាលពីថ្ងៃទី៩ កញ្ញា ដោយលោក ម៉ម សូណង់ដូ ត្រូវបានជ្រើសរើសធ្វើជាប្រធាន លោកបណ្ឌិត ហ៊ាង ឫទ្ធី និងលោក ហារី សំអាត ជាអណិកជនខ្មែរមកពីសហរដ្ឋអាមេរិក ធ្វើជាអនុប្រធានគណបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
