តើ​សម្បថ​ដោយ​បង្ខំ​ឲ្យ​បោះ​ឆ្នោត​ឲ្យ​បក្ស​នយោបាយ​ខុស​ច្បាប់​ដែរ​ឬ​ទេ?

ក្នុង​អំឡុង​ពេល​មុន​ការ​បោះឆ្នោត​សភា​ជាតិ​ម្ដងៗ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កំពុង​កាន់​អំណាច ​តែង​ត្រូវ​គេ​ចោទ​ថា បាន​ប្រើ​ប្រាស់​មធ្យោបាយ​នានា តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​យក​ឈ្នះ​លើ​បក្ស​ប្រជែង​ជាមួយ​ខ្លួន។ វិធី​ទាំង​នោះ រួម​មាន​ការ​ប្រើ​ប្រាស់​ធនធាន​របស់​រដ្ឋ រហូត​ដល់​ចាប់​បង្ខំ​ឲ្យ​ប្រជាជន​ស្បថស្បែ បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន។

0:00 / 0:00

យោង​គោលការណ៍​ច្បាប់​សកល​បញ្ជាក់​ថា ​ការ​ចាប់​បង្ខំ​ជន​ណា​ម្នាក់​ឲ្យ​ធ្វើ​អ្វី​មួយ​ផ្ទុយ​ពី​ឆន្ទៈ ឬ​ផ្ទុយ​ពី​បំណង​របស់​ជន​នោះ ​គឺ​ជា​អំពើ​ល្មើស​ច្បាប់។ សម្រាប់​កម្ពុជា ការ​ចាប់​បង្ខំ​ឲ្យ​ជន​ណា​ម្នាក់​ស្បថស្បែ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ ​មិន​ត្រឹម​តែ​ល្មើស​ច្បាប់​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​អំពើ​បំពាន​រដ្ឋ​ធម្មនុញ្ញ ​និង​រំលោភ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​កម្ពុជា ​ជា​ភាគី​ហត្ថលេខី​ទៀត​ផង។

នៅ​ក្នុង​រដូវ​ឃោសនា​រក​សំឡេង​ឆ្នោត​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ​ម្ដងៗ អ្នក​នយោបាយ​ខ្មែរ​តែង​តែ​រិះរក​គ្រប់​​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ដើម្បី​អូស​ទាញ​ទឹក​ចិត្ត​ម្ចាស់​ឆ្នោត​ឲ្យ​គាំ​ទ្រ​គណបក្ស​របស់​ខ្លួន។

ពលរដ្ឋ​ខ្មែរ​ទូទៅ​មាន​ជំនឿ​លើ​ពាក្យ​សម្បថ។ គេ​ជឿ​ថា បើ​គេ​ស្បថ​ស្បែ​ថា​នឹង​ធ្វើ​អ្វី​មួយ គេ​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន។ បើ​គេ​មិន​ធ្វើ​តាម​សម្បថ គេ​នឹង​ចាញ់​សម្បថ ​ហើយ​គ្រោះ​កាច ឬ​ភាព​វិនាស​អន្តរាយ​ណា​មួយ​នឹង​កើត​មាន​មក​លើ​ខ្លួន ​ឬ​សាច់​ញាតិ​របស់​ខ្លួន។

ឆក់​ឱកាស​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​បែប​នេះ ​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​គេ​ចោទ​ថា បាន​បង្ខំ​ប្រជាជន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ឲ្យ​ស្បថ ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​របស់​ខ្លួន។

កាល​ពី​ខែ​ឧសភា កន្លង​ទៅ អ្នក​ភូមិ​ជា​ច្រើន​នាក់​នៅ​ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង បាន​ចោទ​ថា អាជ្ញាធរ​​ឃុំ​និង​ស្រុក​ដែល​នាំ​យក​អំណោយ​កាកបាទ​ក្រហម​ខេត្ត​មក​ចែក​ជន​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថស្បែ​ថា ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

​ស្ត្រី​អ្នក​ភូមិ​ឈ្មោះ ស មឿន អាយុ ៤៨​ឆ្នាំ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​មាន​ការ​ភ័យ​ខ្លាច ហើយ​ខ្លះ​មិន​ហ៊ាន​ស្បថ​ទេ ព្រោះ​ខ្លាច​ស្លាប់​តាម​សម្បថ៖ «គេ​ឲ្យ​ស្បថ​អ៊ីចឹង អារម្មណ៍​មិន​ល្អ​សោះ យើង​ស្បថ​ទៅ​ដល់​ពេល​យើង​មិន​បោះ​ឲ្យ​គណបក្ស​គេ​ទៅ យើង​ខ្លាច​ងាប់​ចោល​កូន​ចោល​ចៅ​ណា៎! ឲ្យ​ស្បថ​ជ្រៅៗ​យ៉ាង​នេះ។ បើ​បាន​អំណោយ​ជួយ​ប្រជាពលរដ្ឋ ហើយ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្បថ បើ​ឲ្យ​ស្បថ​អ៊ីចឹង​ប្រជាពលរដ្ឋ​ញ៉ាក​ដែរ​ហ្នឹង។ ខ្លាច​ងាប់​ចោល​កូន​ចៅ បើ​ត្រឹម​តែ​ឲ្យ​ពរ​ជ័យ​សូម​ឲ្យ​អ្នក​ផ្ដល់​អំណោយ​ទទួល​បាន​អាយុ​យឺនយូរ​នោះ​បាន​ហើយ»

បុរស​អ្នក​ភូមិ​ម្នាក់​ទៀត​យល់​ឃើញ​ថា ​ការ​យក​អំណោយ​របស់​កាកបាទ​ក្រហម​មក​ចែក​ជា​ធ្នាក់​ធ្វើ​នយោបាយ​ជា​ថ្នូរ​នឹង​ការ​បង្ខំ​ឲ្យ​អ្នក​ភូមិ​ស្បថ​យ៉ាង​ឃោរឃៅ​បែប​នេះ​ជា​អំពើ​អសីលធម៌៖ «គេ​ថា​បើ​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ​នោះ ​ត្រូវ​ងាប់​ចោល​កូន​ចៅ ឲ្យ​ស្បថ​អ៊ីចឹង​វា​មិន​ស្រួល​ទេ...»

ទោះ​ជា​យ៉ាង​ណា ​អ្នក​ភូមិ មេ​ឃុំ​ផ្លូវទូក ​លោក ​ចេង ភាក បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​អះអាង​ថា ក្នុង​ពេល​ចែក​អំណោយ​នោះ មាន​ការ​ណែ​នាំ​ខ្លះ​ដល់​ម្ចាស់​អំណោយ ប៉ុន្តែ​មិន​បាន​បង្ខំ​ឲ្យ​អ្នក​ភូមិ​ស្បថស្បែ​ទេ។

ច្បាប់​បោះ​ឆ្នោត​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ ឬ​ជន​ណា​មួយ​គំរាម​កំហែង ឬ​បង្ខំ​ធ្វើ​សម្បថ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន ​ឬ​គណបក្ស​ណា​មួយ​ដែល​ខ្លួន​ចូល​ចិត្ត​នោះ​ទេ។
ទាក់​ទង​នឹង​ផ្លូវ​សាសនា​វិញ តើ​អ្នក​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ស្បថ ត្រូវ​តែ​ធ្វើ​តាម​សម្បថ​របស់​ខ្លួន ឬ​យ៉ាង​ណា? ភិក្ខុ​សង្ឃ ព្រះតេជព្រះគុណ ឈន ដូង គង់​នៅ​វត្ត​វេឡុវ័ន ​ឬ​វត្ត​ព្រៃឫស្សី រាជធានី​ភ្នំ​ពេញ មាន​ថេរដីកា​អះអាង​ថា ការ​ស្បថស្បែ​ទាំង​ឡាយ​ដែល​អាច​នាំ​មក​នូវ​មហន្ត​រាយ​ដល់​សង្គម​ជាតិ មិន​ចាំ​បាច់​ធ្វើ​តាម​សម្បថ​នោះ​ក៏​បាន​ដែរ។

ពាក្យ​សម្បថ​មាន​ឥទ្ធិពល​ទៅ​លើ​ផ្លូវ​ចិត្ត។ វា​ជា​សក្ខីកម្ម​មួយ​សម្រាប់​រំលឹក​ម្ចាស់​សម្បថ​ឲ្យ​ប្ដេជ្ញា​ចិត្ត​ធ្វើ​តាម​ពាក្យ​សម្ដី​ស្បថស្បែ​របស់​ខ្លួន។ ប្រទេស​ជា​ច្រើន​លើ​សកលលោក​នេះ រួម​ទាំង​កម្ពុជា​ផង នៅ​មុន​ពេល​មេដឹកនាំ​កំពូល​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ ពួកគេ​ត្រូវ​ឆ្លង​កាត់​ពិធី​ប្រកាស​ស្បថស្បែ ឬ​ការ​ធ្វើ​សច្ចា​ប្រណិធាន​ជា​ឧឡារិក ដើម្បី​សំដែង ​និង​បញ្ជាក់​ភក្ដីភាព និង​សុចរិត​ភាព​ចំពោះ​ប្រជាជាតិ​របស់​ខ្លួន។

ពាក្យពេចន៍ ​និង​អត្ថន័យ​នៃ​ពាក្យ​សម្បថ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ខុស​ប្លែក​គ្នា។ នៅ​សហរដ្ឋ​អាមេរិក ពាក្យ​សម្បថ​របស់​ប្រធានាធិបតី​ខ្លី ប៉ុន្តែ​ខ្លឹម។ នៅ​ខាង​មុខ​វិមាន​សភា​ជាតិ និង​ចំពោះ​មុខ​ពលរដ្ឋ​អាមេរិក​រាប់​សែន​នាក់ ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋអាមេរិក ទើប​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​១ នៅ​ឆ្នាំ​២០០៩ ​បាន​សំដែង​ភក្ដី​ភាព​ចំពោះ​ប្រជាជាតិ​របស់​លោក។

ដៃ​ស្តាំ​លាត​ត្រង់​លើក​ឡើង​លើ ដៃ​ឆ្វេង​ដាក់​លើ​គម្ពីរ​ព្រះ​យេស៊ូគ្រិស្ត ​លោក ​បារ៉ាក់ អូបាម៉ា ឈរ​នៅ​ចំពោះ​មុខ​ប្រធាន​តុលាការ​កំពូល​ធ្វើ​សច្ចាប្រណិធាន​ថា៖ «ខ្ញុំ​សូម​ស្បថ​សច្ចា​ជា​ឱឡារិក​ថា ខ្ញុំ​នឹង​ប្រតិបត្តិ​មុខ​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដោយ​សច្ចភាព និង​បំពេញ​តួនាទី​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​រក្សា ​គាំ​ពារ និង​ការពារ​រដ្ឋ​ធម្មនុញ្ញ​របស់​សហរដ្ឋអាមេរិក»

ងាក​មក​សង្គម​ខ្មែរ​វិញ។ ពាក្យ​សម្បថ ​ក៏​ត្រូវ​បាន​ព្រះ​រាជាណាចក្រ​កម្ពុជា ​អនុវត្ត​ជា​ផ្លូវ​ការ​យូរលង់​ណាស់​មក​ហើយ។ មន្ត្រី​រាជការ​ទាំង​ឡាយ​ដែល​មាន​យស​ស័ក្ដិ​ខ្ពង់​ខ្ពស់ ត្រូវ​ឆ្លង​កាត់​ពិធី​សម្បថ ឬ​ពិធី​សច្ចាប្រណិធាន​ជា​ឱឡារិក​មុន​ចូល​កាន់​កិច្ច​ការ​រដ្ឋ។

នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ ​និង​ព្រះ​ភក្ត្រ​នៃ​សម្ដេច​សង្ឃរាជ អ្នក​តំណាង​រាស្ត្រ ​នាយក​រដ្ឋមន្ត្រី និង​សមាជិក​នៃ​រាជ​រដ្ឋាភិបាល​ទាំង​អស់ បាន​ធ្វើ​សច្ចាប្រណិធាន បញ្ជាក់​ពី​ភក្ដីភាព​របស់​ខ្លួន​ចំពោះ​ប្រទេស​ជាតិ ​និង​ប្រជារាស្ត្រ។

នេះ​ជា​វគ្គ​ខ្លះៗ​នៃ​ពាក្យ​សម្បថ​ដែល​ដក​ស្រង់​ចេញ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា៖ «ក្នុង​ពេល​ប្រតិបត្តិ​ការ​តាម​មុខ​តំណែង​ខ្លួន ​និង​ក្នុង​ការ​បំពេញ​បេសកកម្ម ​ដែល​ប្រជារាស្ត្រ​កម្ពុជា ​បាន​ប្រគល់​ជូន ​ចំពោះ​ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ​គ្រប់ៗ​រូប ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ សូម​ប្ដេជ្ញា​គោរព​រដ្ឋ​ធម្មនុញ្ញ បម្រើ​ជា​និច្ច ​ទាំង​ក្នុង​បច្ចុប្បន្ន ​ទាំង​ក្នុង​អនាគត នូវ​ផល​ប្រយោជន៍​របស់​រាស្ត្រ​ ប្រជាជាតិ ​និង​មាតុភូមិ។ ទូលព្រះបង្គំ​យើង​ខ្ញុំ ​សូម​សច្ចា​ថា ​មិន​កេងប្រវ័ញ្ច​នូវ​ផល​ប្រយោជន៍​ជាតិ​សម្រាប់​ផ្ទាល់​ខ្លួន ឬ​សម្រាប់​គ្រួសារ ឬ​សម្រាប់​បក្ស​ពួក ​ឬ​សម្រាប់​ភាគី​រៀងៗ​ខ្លួន​ឡើយ។ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ ​សូម​ប្ដេជ្ញា​គោរព​ជានិច្ច ​ទាំង​ក្នុង​បច្ចុប្បន្ន ​ទាំង​ក្នុង​អនាគត នូវ​លទ្ធិ​ប្រជាធិបតេយ្យ ​សេរី​និយម ដែល​មាន​របប​សភា ​និង​ពហុបក្ស ព្រម​ទាំង​មាន​ការ​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​សិទ្ធិ​មនុស្ស។ ទូល​ព្រះ​បង្គំ​យើង​ខ្ញុំ ​សូម​ប្ដេជ្ញា​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រប់​បែប​យ៉ាង ​ប្រឆាំង​អយុត្តិធម៌​សង្គម ហើយ​តស៊ូ​ដើម្បី​ផ្សះផ្សា​ជាតិ ដើម្បី​ឯកភាព​ជាតិ»

ចំណែក​មន្ត្រី​យុត្តិធម៌​វិញ ដូច​ជា​មេធាវី ​ព្រះ​រាជអាជ្ញា ​និង​ចៅក្រម ​មុន​ទទួល​បាន​ងារ​ជា​អ្នក​ច្បាប់ ក៏​ត្រូវ​ឆ្លង​កាត់​ពិធី​ស្បថស្បែ​នៅ​ចំពោះ​មុខ​រូប​សំណាក​អ្នកតា​ដំបងដែក ​បន្ទាប់​មក​ត្រូវ​ធ្វើ​សច្ចាប្រណិធាន​ចំពោះ​មុខ​ក្រុម​ចៅក្រម​សាលាឧទ្ធរណ៍។ ខ្លឹម​សារ​នៃ​ពាក្យ​សម្បថ​មាន​អត្ថន័យ​គួរ​ឲ្យ​រន្ធត់​ព្រឺ​ព្រួច។ សម្រាប់​អ្នក​កាន់​សច្ចៈ ប្រាកដ​ជា​មិន​ហ៊ាន​ប្រព្រឹត្ត​វៀចវេរ​ពី​ពាក្យ​សម្បថ​ទាំង​នេះ​ទេ។

នេះ​ជា​សេចក្ដី​សម្រង់​ខ្លះៗ​នៃ​ពាក្យ​សម្បថ៖ «សូម​ឲ្យ​បារមី​ដ៏​ស័ក្ដិសិទ្ធិ​ទាំង​អស់ បំផ្លាញ​ខ្ញុំ​ឲ្យ​វិនាស ឲ្យ​ស្លាប់​តៃហោង និង​វេទនា ត្រូវ​គ្រាប់​កាំភ្លើង រន្ទះ​បាញ់ ឡាន​ម៉ូតូ​បុក ក្រ​រហេមរហាម រង​ទុក្ខ​វេទនា​អស់ ៥០០​ជាតិ»

តើ​ពាក្យ​សម្បថ​របស់​ឧត្ដម​មន្ត្រី ​និង​អ្នក​ច្បាប់​ទាំង​នេះ​ខុស​ប្លែក​គ្នា​ពី​ពាក្យ​សម្បថ​របស់​ប្រជាជន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​នោះ​យ៉ាង​ណា​ដែរ?

ពាក្យ​សច្ចា​ប្រណិធាន​ដ៏​ព្រឺ​ព្រួច ​និង​គួរ​ឲ្យ​មោទនៈ​របស់​មន្ត្រី​សាធារណៈ ​មុន​ចូល​កាន់​តំណែង គឺ​ជា​ពាក្យ​សម្បថ​ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត ​និង​តម្រូវ​ដោយ​ច្បាប់ ​ដើម្បី​បញ្ជាក់​នូវ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​ពួកគេ​ ចំពោះ​មុខ​ប្រជាជាតិ ​ហើយ​ដែល​ត្រូវ​តែ​ធ្វើ​តាម​ពាក្យ​សម្បថ។ មន្ត្រី​ទាំង​នោះ​អាច​ជ្រើស​រើស​មិន​ស្បថ​ក៏​បាន​ ប្រសិន​បើ​សម្រេច​ចិត្ត​មិន​ទទួល​យក​ការ​ងារ​នោះ។

ចំណែក​ពាក្យ​សម្បថ​របស់​ប្រជាជន​ដែល​ត្រូវ​បាន​ចាប់​បង្ខំ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នោះ ​គឺ​មិន​ត្រឹម​តែ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួកគាត់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ល្មើស​នឹង​ច្បាប់​ទៀត​ផង។

ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាត្រា ១២៤​ថ្មី​ចែង​ថា៖ ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ​លុប​បេក្ខភាព​របស់​សាមី​ខ្លួន ឬ​លុប​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន (៥.០០០.០០០) រៀល ទៅ ២៥​លាន (២៥.០០០.០០០) រៀល ដោយ​ពុំ​ទាន់​គិត​ដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ចំពោះ​ជន​ណា ​និង​គណបក្ស​នយោបាយ​ណា​ដែល​ប្រព្រឹត្ត​អំពើ​គាប​សង្កត់ ឬ​គំរាម​កំហែង ឬ​បង្ខំ​ធ្វើ​សម្បថ​ឲ្យ​គេ បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​របស់​ខ្លួន ឬ​គណបក្ស​ណា​មួយ​ដែល​ខ្លួន​ចូល​ចិត្ត

បើ​ទោះ​ជា​មាន​ច្បាប់​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​បង្ខំ​គេ​ឲ្យ​ស្បថ​យ៉ាង​នេះ​ក៏ដោយ ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ការ​ផ្ដន្ទាទោស​ជន​ណា​ម្នាក់​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា ការ​ចាប់​បង្ខំ​ឲ្យ​ប្រជាជន​ស្បថស្បែ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​ក្នុង​អំឡុង​ពេល​មុន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥​នេះ ​មាន​ការ​ថយ​ចុះ​ ប្រៀប​ធៀប​ទៅ​នឹង​អាណត្តិ​បោះ​ឆ្នោត​មុនៗ។

នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ​លោក គល់ បញ្ញា ​បាន​ឲ្យ​ដឹង​ថា ​ការ​ថយ​ចុះ​នេះ ក៏​ដោយ​សារ​បណ្ដាញ​សារព័ត៌មាន​បាន​ផ្សព្វ​ផ្សាយ​ច្រើន​អំពី​បញ្ហា​នេះ ហើយ​ប្រជាជន​ខ្លួន​ឯង​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ស្បថ​នោះ ​ហ៊ាន​ប្រតិកម្ម​ទៅ​នឹង​បញ្ហា​នេះ​ជា​សាធារណៈ និង​ហ៊ាន​ទម្លាយ​រឿង​នេះ​ប្រាប់​អ្នក​សារព័ត៌មាន។ លើស​ពី​នេះ​ទៀត ​ក៏​ទំនង​មក​ពី​ពលរដ្ឋ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​សិទ្ធិ ​និង​ច្បាប់​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។