មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចាត់ទុកថា ការស្លាប់នៃអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី (Boutros Boutros Ghali) គឺជាការ បាត់បង់ធនធានមនុស្សដែលមិនអាចខ្វះបាន។ ក្រោយពីការលាចាកលោករបស់លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី ពុំទាន់មានអ្នកនយោបាយ ឬរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុកនៅឡើយទេ។
សារនយោបាយរំលែកទុក្ខចំពោះការបាត់បង់ជីវិតនៃអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលធ្លាប់មានគុណបំណាចក្នុងការរួមចំណែកផ្ដួចផ្ដើមនាំឲ្យមានការបោះឆ្នោតមួយ កាលពី ២៣ឆ្នាំមុន មិនត្រូវបានគេបញ្ចេញជាសាធារណៈនៅឡើយទេ បន្ទាប់ពីលោក ប៊ូត្រូស ហ្គាលី បានទទួលមរណភាពទៅនៅថ្ងៃទី១៦ ខែកុម្ភៈ។
ទាំងអង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលនយោបាយនៅកម្ពុជា មើលឃើញថា លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី បានព្យាយាមសម្បើមណាស់ មួយផ្នែកធំក្នុងការជំរុញឲ្យកម្ពុជា មានប្រព័ន្ធបោះឆ្នោតមួយដែលផ្អែកលើគោលការណ៍អព្យាក្រឹត និងតម្លាភាព ជាពិសេសបានបើកទំព័រប្រវត្តិសាស្ត្រកៀរគរឲ្យមានរដ្ឋធម្មនុញ្ញរហូតដល់ពេលបច្ចុប្បន្ន។
អ្នកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ (LICADHO) បង្ហាញការសោកស្ដាយចំពោះមរណភាពរបស់លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី នៅពេលនេះ។ ធ្លាប់មានពិសោធន៍ក្នុងការរួមចំណែកដែលនាំឲ្យកម្ពុជា មានការបោះឆ្នោតដែលអាចទុកចិត្តបានកាលពី ២៣ឆ្នាំមុន អ្នកស្រី ពុង ឈីវកេក យល់ឃើញថា លោក ប៊ូត្រូស ហ្គាលី ក៏ជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងកំណែទម្រង់បោះឆ្នោតនៅកម្ពុជា បន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបញ្ចប់សង្គ្រាមស៊ីវិល៖ «គាត់ចាប់ធ្វើជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩២។ អ៊ីចឹងគាត់ចាប់រៀបចំយើងហើយពេលហ្នឹង ហើយគាត់ហ្នឹងអ្នកចាត់តាំងឲ្យមានតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដំបូងគេបង្អស់ឈ្មោះ ម៉ៃគើល ឃើលី។ គាត់ជាជនជាតិអូស្ត្រាលី»។
លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី បានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែកុម្ភៈ ក្នុងអាយុ ៩៣ឆ្នាំ។ ពុំមានរបាយការណ៍ណាមួយដែលបានបញ្ជាក់ថា ការស្លាប់នេះមានជាប់ទាក់ទិនទៅនឹងហេតុផលផ្សេង ក្រៅពីវ័យចាស់ជរារបស់លោក ប៊ូត្រូស ហ្គាលី នោះឡើយ។
ធ្លាប់ជាអតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក ប៊ូត្រូស ហ្គាលី បានខ្នះខ្នែងយ៉ាងសកម្មសម្រាប់កសាងសន្តិភាពនៅកម្ពុជា តាមរយៈការរៀបចំការដោយបោះឆ្នោតដោយអ៊ុនតាក់។ បន្ទាប់ពីអាណត្តិលោក ប៊ែរ៉េ ឌីកូឡា (Perez Decuelar) ជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ត្រូវបញ្ចប់ និងបានចុះហត្ថលេខា ដែលផ្ដួចផ្ដើមនាំឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីកម្ពុជា នៅឆ្នាំ១៩៩១ ទៅនោះ លោក ប៊ូត្រូស ហ្គាលី បានបន្តវេនជាអគ្គលេខាធិការអង្គការសហប្រជាជាតិពីលោក ប៊ែរ៉េ ឌីកូឡា វិញម្ដង។ ការឡើងកាន់តំណែងចំពេលដែលកម្ពុជា ត្រូវស្តារ និងរៀបចំឡើងវិញនូវប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបប្រជាធិបតេយ្យ នោះហើយបានជំរុញឲ្យលោក ប៊ូត្រូស ហ្គាលី ត្រូវប្រឹងប្រែងក្នុងការកែទម្រង់ និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅឆ្នាំ១៩៩៣។ បន្ទាប់ពីបញ្ចប់អាណត្តិរយៈពេល ៥ឆ្នាំក្នុងតួនាទីជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ប៊ូត្រូស ហ្គាលី បានចូលបម្រើការជាអគ្គលេខាធិការក្នុងក្រុមនិយាយភាសាបារាំង វិញម្ដង ចន្លោះពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០២។
អតីតទីប្រឹក្សាព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺលោក ស៊ឺន ស៊ូប៊ែរ្ដិ៍ មានប្រសាសន៍ថា លោក ប៊ូត្រូស ហ្គាលី បានរួមចំណែកយ៉ាងសំខាន់ និងលះបង់ពេលវេលាមួយផ្នែកធំក្នុងការជ្រោមជ្រែងនាំឲ្យមានសន្តិភាពនៅកម្ពុជា។ ហេតុនេះលោកយល់ឃើញថា ពលរដ្ឋកម្ពុជា ជាពិសេសអ្នកនយោបាយជំនាន់ក្រោយត្រូវដឹងគុណ និងរំលឹកការចងចាំចំពោះការលះបង់របស់លោក ប៊ូត្រូស ហ្គាលី នៅពេលនេះ មកលើកម្ពុជា។
លោកបន្តថា៖ «មែនទែនទៅកាលគាត់នៅជាអគ្គលេខាធិការនៅអង្គការសហប្រជាជាតិ គាត់បានជួយរុញទាក់ទងនឹងកម្ពុជា។ គាត់បានធ្វើដល់យើងមានការប្រជុំក្នុងក្របខ័ណ្ឌហ្នឹង»។
រហូតមកដល់ពេលនេះ ទាំងអ្នកនយោបាយ និងរដ្ឋាភិបាលពុំទាន់ឃើញមានសេចក្ដីថ្លែងការណ៍រំលែកទុក្ខចំពោះមរណភាពរបស់លោក ប៊ូត្រូស ហ្គាលី នេះនៅឡើយទេ។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់បន្ថែមជាច្រើនដងតាមទូរស័ព្ទពីមន្ត្រីរដ្ឋាភិបាល និងគណបក្សប្រឆាំង ក៏ប៉ុន្តែពុំមានការឆ្លើយតបនៅថ្ងៃទី១៦ ខែកុម្ភៈ។
អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា អ្នកស្រីចង់ឃើញអ្នកនយោបាយខ្មែរបង្ហាញឆន្ទៈក្នុងចំណែកណាមួយចំពោះការលះបង់របស់លោក ប៊ូត្រូស ហ្គាលី នេះតាមរយៈសេចក្ដីថ្លែងការណ៍ចូលរួមរំលែកទុក្ខជាដើម។ អ្នកស្រីបន្តថា មកដល់ពេលនេះ ហាក់មានភាពស្ងប់ស្ងាត់នៅឡើយ ចំពោះអ្នកនយោបាយអំពីការស្លាប់របស់លោក ប៊ូត្រូស ហ្គាលី នេះ៖ «ខ្ញុំថា រដ្ឋាភិបាលគួរតែធ្វើសេចក្ដីថ្លែងការណ៍មួយជាផ្លូវការដើម្បីសំដែងការសោកស្ដាយដែលលោកចែកឋានទៅ ហើយរំលឹកអរគុណលោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី ដែលបានជួយជ្រោមជ្រែងជួយប្រទេសកម្ពុជាយើង»។
លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២២។ លោកជាជនជាតិ អេហ្សីប (Egypt) ដំបូងគេបង្អស់ដែលបានចូលកាន់តំណែងក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់អង្គការ សហប្រជាជាតិ ជំនាន់ទី៦។ ថ្វីបើលោក ប៊ូត្រូស ហ្គាលី ធ្លាប់រងនូវការរិះគន់ដោយរដ្ឋាភិបាលបច្ចុប្បន្នថា បរាជ័យដោយសារមិនអាចដកអាវុធ និងរំសាយពួកខ្មែរក្រហមជាស្ថាពរ លោក ប៊ូត្រូស ហ្គាលី ធ្លាប់ជ្រោមជ្រែងឲ្យមានប្រព័ន្ធបោះឆ្នោតមួយដ៏សុក្រឹត និង ជាប្រទេសទីមួយនៅក្នុងពិភពលោក ត្រូវជ្រោមជ្រែងគ្រប់បែបយ៉ាងពីអង្គការសហប្រជាជាតិ។
មិនតែប៉ុណ្ណោះ គឺក្នុងឋានៈជាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ប៊ូត្រូស ហ្គាលី ថែមទាំងបានផ្ដួចផ្ដើមនាំឲ្យមានការបោះឆ្នោតជាលើកដំបូងកាលពីឆ្នាំ១៩៩៣ នៅកម្ពុជា ក្រោមបេសកកម្មរបស់អ៊ុនតាក់ (UNTAC) ថែមទៀផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
