មន្ត្រីចាស់វស្សា និងជាអតីតតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជា ចំរើន ប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ថា នឹងបើកបក្សថ្មីដែលមានឈ្មោះបណ្ដោះអាសន្នថា "កម្ពុជាសេរីភាព"។ ទោះយ៉ាងណាក្តី ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនបានបង្ហាញការភ្ញាក់ផ្អើលនឹងវត្តមានរបស់គណបក្សថ្មីនេះទេ។
ប្រធានគណបក្ស កម្ពុជាសេរីភាព ដែលទើបបង្កើតថ្មី ប៉ុន្តែមិនទាន់ចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលលោក ជា ចំរើន ជាប្រធាន មិនបង្ហាញការអាប់អន់ចិត្តខ្លាំងលើអតីតគណបក្សរបស់ខ្លួន គឺគណបក្សប្រជាជកម្ពុជា នោះទេ ក្រៅពីបង្ហាញការមិនពេញចិត្តលើប្រព័ន្ធតុលាការ។ ក្នុងសន្និសីទសារព័ត៌មានដែលមានរយៈពេលជាង ៤០នាទី នៅថ្ងៃទី២៥ ខែវិច្ឆិកា លោក ជា ចំរើន នៅតែអះអាងថា គណបក្សប្រជាជនកម្ពុជា នៅតែផ្តល់យុត្តិធម៌ដល់លោក ប៉ុន្តែប្រព័ន្ធនយោបាយនៅក្នុងបក្សនេះទេដែលមិនផ្ដល់យុត្តិធម៌ដល់លោក។
លោក ជា ចំរើន ថ្លែងឲ្យដឹងថា គោលនយោបាយរបស់លោកផ្ដោតសំខាន់ទៅលើយុវជន និងការបង្កើតការងារ ការកែលម្អប្រព័ន្ធយុត្តិធម៌ទាក់ទងនឹងកសិករ ការដំឡើងប្រាក់ឈ្នួលបន្ថែមទៅឲ្យកម្មករកម្មការិនី និងការពង្រីកស្នាដៃពាណិជ្ជករ។ លោក ជា ចំរើន អះអាងថា គណបក្សរបស់លោកនឹងមានអនុប្រធានច្រើនរូប ប៉ុន្តែលោកមិនទាន់បង្ហាញរចនាសម្ព័ន្ធរបស់គណបក្សនេះនៅឡើយទេ៖ «ប្រព័ន្ធតុលាការសម្លាប់មនុស្សច្រើនណាស់ ហើយបើគណបក្សខ្ញុំនឹងបានសំឡេងឆ្នោតនៅឆ្នាំ២០១៨ នឹងលើកលែងទោសទាំងអស់ដែលជាប់ទោសដោយអយុត្តិធម៌»។
លោក ជា ចំរើន ដែលបានបម្រើការងារនៅគណបក្សប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៩៣ និងទើបលាឈប់នៅចុងឆ្នាំ២០១៥នេះ បានអះអាងថា លោកបង្កើតបក្សថ្មីនេះ មិនជាប់ទាក់ទងគណបក្សប្រជាជនកម្ពុជា ឬយកលុយពីលោក ហ៊ុន សែន ដើម្បីបំបែកសំឡេងគណបក្សសង្គ្រោះជាតិ នោះទេ។ លោកក៏មិនបង្ហាញការមិនពេញចិត្តក្នុងការដឹកនាំរបស់លោក ហ៊ុន សែន ជាប្រធានគណបក្សនោះដែរ។ ប៉ុន្តែលោកហាក់ថ្លែងឌឺដងទៅប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដោយលោកថា លោកធ្វើនយោបាយមិនរត់ចោលស្រុក ព្រោះខ្លាចជាប់គុកនោះទេ៖ «ខ្ញុំអត់ខ្លាចទេ បើខ្ញុំមានបញ្ហាប្រឈមនឹងជាប់គុក ខ្ញុំនឹងដើចូលគុកឲ្យអ្នកមើល មិនបាច់ចាំទៅព័ទ្ធផ្ទះអីទេ ខ្ញុំដើរទៅហើយ»។
លោក ជា ចំរើន អតីតតំណាងរាស្ត្រអាណត្តិទី៤ នៅមណ្ឌលកណ្ដាល ដែលជាសមាជិកធម្មតានៃគណបក្សកាន់អំណាចមុនចាកចេញពីគណបក្សនេះ ត្រូវបានគេដឹងថា លោកជាម្ចាស់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (CUP) ម្ចាស់ស្ថាប័នសារព័ត៌មានឈ្មោះ វិទ្យាសាស្ត្រខ្មែរ ប្រធានអង្គការអភិវឌ្ឍន៍យុវជនខ្មែរ (KYDO) មានដីចំការច្រើនកន្លែង និងជាម្ចាស់ផ្សារឯកជនមួយចំនួនធំ ព្រមទាំងមុខជំនួញមួយចំនួន។ ប៉ុន្តែលោក ជា ចំរើន ថានៅពេលនេះ លោកនៅសល់តែសាលាប៉ុណ្ណោះ ហើយសកលវិទ្យាល័យនោះ បានផ្ទេរទៅអ្នកផ្សេងឲ្យគ្រប់គ្រង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា វត្តមានគណបក្សថ្មីដែលជាអតីតមន្ត្រីចាស់របស់គណបក្សកាន់អំណាចនេះ មិនប៉ះពាល់ដល់គណបក្សកាន់អំណាចនោះទេ ហើយថា នេះជាសិទ្ធិក្នុងការធ្វើនយោបាយ។
លោក សុខ ឥសាន អះអាងថា គ្មានមន្ត្រីគណបក្សកាន់អំណាចរូបណាចាកចេញពីបក្សទៅចូលរួមជាមួយគណបក្សរបស់លោក ជា ចំរើន ទេ៖ «ខ្ញុំយល់ថា មិនជាបញ្ហាអីទេ យើងស្វាគមន៍ការអនុវត្តសិទ្ធិនយោបាយរបស់ពលរដ្ឋគ្រប់រូប។ រឿងនេះមិនមានអីចម្លែក»។
គណបក្សកម្ពុជាសេរីភាព នឹងត្រូវកែតម្រូវ ឬប្តូរឈ្មោះផ្សេងទៀត ប្រសិនបើមានការស្នើសុំ។ នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខ គណបក្សនេះនឹងបង្ហាញសាជាថ្មីម្ដងទៀតទៅសាធារណជន។ នៅពេលនេះលោក ជា ចំរើន ត្រូវការស្នាមមេដៃអ្នកគាំទ្រចំនួន ៤.០០០នាក់ ដើម្បីចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ ដើម្បីប្រកួតប្រជែងនឹងគណបក្សផ្សេងទៀត។
ដោយឡែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មិនបង្ហាញការបារម្ភចំពោះវត្តមាននៃគណបក្សថ្មីនេះទេ ដោយលោកទុកឱកាសឲ្យពលរដ្ឋម្ចាស់ឆ្នោតជាអ្នកវាយតម្លៃ៖ «ខ្ញុំមិនទៅខ្វល់ខ្វាយនឹងគណបក្សតូចតាចដែលទើបបង្កើតទេ ខ្ញុំសិទ្ធិឲ្យពលរដ្ឋជាអ្នកពិនិត្យមើលថា តើគណបក្សណាដែលគាត់ទុកចិត្តបានសង្ឃឹមបាន»។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងឆ្នោតកើនឡើងខ្លាំងក្នុងការបោះឆ្នោតអាណត្តិទី៥ ឃើញមានការកើតគណបក្សថ្មីៗមួយចំនួនដូចជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សប្រជាធិបេតយ្យមូលដ្ឋាន របស់លោក យ៉េង វីរៈ គណបក្សសាមគ្គីជាតិខ្មែរ របស់អ្នកស្រី ឡាក់ សុភាព គណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា ហើយនៅចុងក្រោយនេះ គឺគណបក្សកម្ពុជាសេរីភាព របស់លោក ជា ចំរើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
