អតីត​អ្នក​ថតរូប​អ្នក​ទោស​នៅ​គុក​ទួលស្លែង​គ្រោង​បើក​គណបក្ស​នយោបាយ

អតីត​អ្នក​ថតរូប​អ្នក​ទោស​នៅ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក ញ៉ែម អេន គ្រោង​បើក​គណបក្ស​នយោបាយ​មួយ​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ មាន​អ្នក​ទោស​ប្រហែល ២​ម៉ឺន​នាក់ ត្រូវ​បាន​ថតរូប​មុន​នឹង​គេ​នាំ​យក​ទៅ​សម្លាប់​ចោល។

លោក ញ៉ែម អេន បាន​ដាក់​ឈ្មោះ​គណបក្ស​របស់​លោក​នោះ​ថា «គណបក្ស​គ្រួសារ​ខ្មែរ»។ លោក​ប្រាប់​សារព័ត៌មាន អេ.ភី (AP) កាល​ពី​ថ្ងៃ​ពុធ ទី​១ ខែ​កុម្ភៈ ថា ការ​ដែល​លោក​សម្រេច​បង្កើត​គណបក្ស​មួយ​ដោយ​ខ្លួន​ឯង​បែប​នេះ គឺ​ដោយសារ​តែ​លោក​សង្កេត​ឃើញ​ថា ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​សុទ្ធ​តែ​បម្រើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ដោយ​មិន​ស្មោះត្រង់។

លោក ញ៉ែម អេន ក៏​ធ្លាប់​ជា​អតីត​អភិបាល​រង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែរ ហើយ​ក្រោយ​មក​លោក​ក៏​ធ្លាប់​ធ្វើ​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រយៈ។ គាត់​រង​ការ​រិះគន់​ថា បាន​កេង​រក​ផល​ចំណេញ​ផ្ទាល់​ខ្លួន​ពី​ការ​លក់​ស្បែង​ជើង​កង់​ឡាន និង​ទ្រនាប់​សម្រាប់​អង្គុយ​លើ​បង្គន់​របស់ ប៉ុល ពត។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ បាន​ប្រកាស​ថា មាន​គណបក្ស​នយោបាយ​ចំនួន ៤៤ បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ និង​នៅ​គណបក្ស ២៣ ផ្សេង​ទៀត កំពុង​បំពេញ​បែបបទ​សុំ​បើក​គណបក្ស​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។