អតីតឧបនាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយជើងចាស់ លោក លឺ ឡាយស្រេង បានថ្វាយលិខិតមួយច្បាប់ទៅអង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី នៅថ្ងៃទី១៥ ខែកញ្ញា ដើម្បីយាងទ្រង់ធ្វើអន្តរាគមន៍ និងដោះស្រាយស្ថានការណ៍នយោបាយកំពុងតានតឹងនៅកម្ពុជា។
សំណើសុំអន្តរាគមន៍នេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកម្ចាត់មហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលលោក លឺ ឡាយស្រេង គិតថានឹងអាចក្លាយជាព្រឹត្តិការណ៍មួយដ៏អាក្រក់។
នៅម៉ោង ១១ព្រឹក ថ្ងៃទី១៥ កញ្ញា លោក លឺ ឡាយស្រេង បានដាក់លិខិតសុំព្រះរាជអន្តរាគមន៍នេះថ្វាយទៅព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ហើយ តាមរយៈទីប្រឹក្សាព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រី ព្រះនរោត្ដម មុនីនាថ គឺលោក អ៊ុំ ដារ៉ាវុធ។
ក្នុងលិខិតសុំព្រះរាជអន្តរាគមន៍នេះ លោក លឺ ឡាយស្រេង ទូលថ្វាយព្រះមហាក្សត្រថា ស្ថានការណ៍នយោបាយកម្ពុជាសព្វថ្ងៃ កំពុងតានតឹង ហើយនឹងអាចក្លាយជាព្រឹត្តិការណ៍មួយដ៏អាក្រក់បំផុត។
លិខិតនោះដដែល បន្តថា ប្រជារាស្ត្រ មានការតក់ស្លុតរន្ធត់យ៉ាងខ្លាំង ដោយបានឮថា កងកម្លាំងប្រដាប់អាវុធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រើចុងអាវុធបង្ហូរឈាមអ្នកមកធ្វើមហាបាតុកម្មអហិង្សា ដែលមានតែបាតដៃទទេ។
កាលពីថ្ងៃទី១៤ កញ្ញា បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ប្រកាសអនុវត្តអនុសាសន៍របស់លោក ហ៊ុន សែន ដែលបានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមខ្លួនបង្ក្រាបមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដែលលោកចាត់ទុកថាជាឧទ្ទាមកម្មនៅក្នុងទីក្រុង។ ខណៈគណបក្សប្រឆាំងនៅរក្សាជំហរធ្វើមហាបាតុកម្មនៅពេលខាងមុខនេះ។
កាលពីកាលពីថ្ងៃទី១៤ កញ្ញា នេះដែរ ប្រទេសចំនួន៣៦ ដែលជាសមាជិកនៃសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ក៏បានចេញសេចក្ដីប្រកាសរួមគ្នាមួយបង្ហាញពីកង្វល់លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកឡើងថា ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលើបក្សប្រឆាំង និងការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការសម្ដែងមតិរបស់ពលរដ្ឋ សិទ្ធិធ្វើការប្រមូលផ្ដុំគ្នាដោយសន្តិភាពនៅក្នុងឆ្នាំនេះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ លិខិតរបស់លោក លឺ ឡាយស្រេង ក៏បង្ហាញការបារម្ភ ខ្លាចក្រែងមាន ភាគីទី៣ ណាមួយ ចេញមកបង្កចលាចល ហើយកងកម្លាំងប្រដាប់អាវុធ របស់លោក ហ៊ុន សែន ស្មានថា ជាសកម្មភាពរបស់គណបក្សប្រឆាំងជាអ្នកធ្វើ ហើយក៏កេះកៃកាំភ្លើង សម្លាប់ខ្មែរគ្នាឯង។
ស្ដាប់បទសម្ភាសន៍របស់លោក យ៉ង ចាន់តារា និងលោក លឺ ឡាយស្រេង ដូចតទៅ៖
វីដេអូ៖ អតីតឧបនាយករដ្ឋមន្ត្រីមួយរូប ស្នើឲ្យព្រះមហាក្សត្រដោះស្រាយវិបត្តិនយោបាយ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
