ទស្សនៈ​បក្ស​នយោបាយ​ស្ដីពី​បរិស្ថាន​និង​ដីធ្លី

ប្រជាពលរដ្ឋ មន្ត្រី​រាជការ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ ១៥០​នាក់ មក​ពី​ខេត្ត​ចំនួន​៥ គឺ​ខេត្ត​ព្រះវិហារ រតនគិរី ក្រចេះ ស្ទឹងត្រែង និង​ខេត្ត​មណ្ឌលគិរី បាន​ជួបជុំ​គ្នា​ប្រារព្ធ​វេទិកា​គោល​នយោបាយ​ក្រោម​ប្រធាន​បទ "ទស្សនៈ​របស់​គណបក្ស​នយោបាយ​ស្ដីពី​បរិស្ថាន និង​ដីធ្លី​នៅ​កម្ពុជា»។

0:00 / 0:00

មន្ត្រី​មក​ពី​គណបក្ស​នយោបាយ​ចំនួន​បី គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សង្គ្រោះ​ជាតិ រួម​នឹង​មន្ត្រី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​ឆន្ទៈ​ចាត់​ទុក​បញ្ហា​បរិស្ថាន និង​ដីធ្លី គឺ​ជា​កត្តា​សំខាន់ ដែល​មន្ត្រី​គណបក្ស​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ និង​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ការ​សម្ដែង​មតិ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា​គោល​នយោបាយ​ស្ដីពី​ទស្សនៈ​របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ពុធ ទី១៩ ខែ​មិថុនា ឆ្នាំ​២០១៣ នា​សាល​ប្រជុំ​សណ្ឋាគារ មណ្ឌលគិរី ក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី។

វេទិកា​នេះ រៀបចំ​ឡើង​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ គណៈកម្មាធិការ​សង្កេតការណ៍​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា និង​អង្គការ​សម្ព័ន្ធ​ភាព​កម្ពុជា ដើម្បី​តម្លាភាព​ចំណូល​ធនធាន។

មន្ត្រី​សម្រប​សម្រួល​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ហួន ជុនឌី កត់​សម្គាល់​ថា បញ្ហា​បរិស្ថាន និង​ដីធ្លី គឺ​ជា​ចំណុច​ក្តៅ​ដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ឲ្យ​មាន​ដំណោះស្រាយ។ លោក​បន្ត​ថា ឆន្ទៈ​យក​ចិត្ត​ទុក​ដាក់ និង​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ​របស់​គណបក្ស សម្រាប់​ការ​ឃោសនា​ប្រកួត​ប្រជែង​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ គឺ​ជា​កត្តា​សំខាន់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ពិនិត្យ​ពិចារណា និង​សម្រេច​ចិត្ត​បោះឆ្នោត​ដើម្បី​ជ្រើស​រើស​តំណាង​រាស្ត្រ ឬ​គណបក្ស​នយោបាយ​ដែល​បម្រើ​រាស្ត្រ​ពិត​ប្រាកដ៖ «ប្រជាពលរដ្ឋ​ក៏​មាន​ឱកាស​ស្តាប់ សួរ​ដេញ​ដោល ហើយ​ពិចារណា​ថា​តើ​គោល​នយោបាយ​របស់​គាត់ ការ​អនុវត្ត​ជាក់ស្តែង​របស់​ពួក​គាត់ តើ​វា​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​គាត់​បាន​ប្ដេជ្ញា​ចិត្ត​មែន​អត់? ហើយ​នេះ គឺ​ជា​អ្វី​មួយ​ដែល​គាត់​អាច​សម្រេច​ចិត្ត​នៅ​ពេល​បោះឆ្នោត»

ការ​បោះឆ្នោត​ជាតិ​នីតិកាល​ទី៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៨ ទៅ​ខែ​កក្កដា ខាង​មុខ​នេះ ខណៈ​ពេល​វិបត្តិ​ដីធ្លី​ព្រៃ​ឈើ​បរិស្ថាន​ធម្មជាតិ បាន​កើត​មាន​ច្រើន​ករណី​នៅ​ក្នុង​ប្រទេស ជា​ពិសេស​បណ្ដា​ខេត្ត​ប៉ែក​ឦសាន​ប្រទេស។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី លោក ឃុត ចាន់រ៉ា បាន​អះអាង​ថា បញ្ហា​ដីធ្លី​ព្រៃ​ឈើ គឺ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ជាក់​លាក់​ពី​មន្ត្រី​គណបក្ស ដែល​បាន​ឈ្នះ​ឆ្នោត​កាន់​អំណាច។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ការ​សន្យា​របស់​គណបក្ស​នយោបាយ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ចិត្ត​នោះ​ទេ៖ «ខ្ញុំ​សំណូម​ពរ​ដល់​គណបក្ស​ទាំងអស់ សូម​ឲ្យ​មាន​គោល​នយោបាយ​ច្បាស់​លាស់ កុំ​និយាយ​បំផ្លើស និយាយ​បាន​តែ​និយាយ ដល់​ពេល​ជាក់ស្តែង មិន​មាន​ភាព​ច្បាស់​លាស់ ហើយ​មិន​មាន​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ»

ចំណែក​មន្ត្រី​សម្រប​សម្រួល​កំណែ​ទម្រង់​ដីធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត បាន​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​កាន់​អំណាច​ក្នុង​រាជ​រដ្ឋាភិបាល មិន​ទាន់​ធ្វើ​ឲ្យ​បាន​ប្រសើរ​ដល់​បញ្ហា​បរិស្ថាន និង​បញ្ហា​ដីធ្លី​ប្រជាពលរដ្ឋ​ឡើយ។ លោក​បន្ត​ថា ការ​ប្រែប្រួល​អាកាសធាតុ និង​គ្រោះ​ទឹក​ជំនន់​បច្ចុប្បន្ន គឺ​បណ្ដាល​មក​ពី​កត្តា​បរិស្ថាន​ត្រូវ​បាន​បំផ្លាញ៖ «វា​ពាក់ព័ន្ធ​ការ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ និង​ពុំ​មាន​វិធាន​ការ​ជាក់​លាក់​ក្នុង​ការ​អនុវត្ត​ច្បាប់ បណ្ដាល​ឲ្យ​មន្ត្រី​ខិល​ខូច​ជាមួយ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត កាប់​ព្រៃ​បំផ្លាញ​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ​របស់​ខ្មែរ ដូចជា រ៉ែ ដីធ្លី នេះ​ដែរ»

មន្ត្រី​ច្បាប់ និង​តស៊ូ​មតិ នៃ​គណៈកម្មាធិការ​សង្កេតការណ៍​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វែ្រល (COMFREL) លោក សួន យុធ្យា ចាប់​អារម្មណ៍​ថា វេទិកា​សម្ដែង​ឆន្ទៈ​របស់​គណបក្ស​នយោបាយ​នេះ​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​ទាំង​៥ ទទួល​បាន​ព័ត៌មាន​ពី​ការ​សន្យា​របស់​គណបក្ស​នយោបាយ និង​ធ្វើ​ការ​សម្រេច​ចិត្ត៖ «ដូច្នេះ ថ្ងៃ​បោះឆ្នោត​គាត់​អាច​សម្រេច​ចិត្ត​ជ្រើស​រើស​អ្នក​តំណាង​គាត់ អ្នក​ជួយ​គាត់ អ្នក​ជួយ​ដោះស្រាយ​បញ្ហា​គាត់​បាន​ត្រឹមត្រូវ»

យ៉ាង​នេះ​ក្តី នៅ​ឯ​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ភិ អ្នកស្រី រម៉ាស វឿន កាល​ពី​សប្ដាហ៍​មុន​បាន​ថ្លែង​ថា អ្នក​ភូមិ​នឹង​មិន​ទៅ​បោះឆ្នោត​ទេ ពីព្រោះ​ដីធ្លី​តំបន់​ព្រៃ​ឈើ​សហគមន៍​អភិរក្ស ត្រូវ​ក្រុមហ៊ុន​ឈូស​ឆាយ​យក ហើយ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។