កម្លាំង​ចម្រុះ​​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ

0:00 / 0:00

ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​បុណ្យ​បង្សុកូល​រំលឹក​ខួប​កម្មករ ៥​នាក់​ស្លាប់​ដោយសារ​កង​ទាហាន​បាញ់​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រង កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ច្រើន​រយ​នាក់។

ការ​បង្ហាញ​វត្តមាន​នៃ​កង​កម្លាំង​ដ៏​ស្អេកស្កះ​នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា អាជ្ញាធរ​ចង់​បង្ហាញ​សាច់ដុំ​ជា​ថ្មី​ទៀត​ប្រឆាំង​ក្រុម​អ្នក​តវ៉ា។

ឡាន និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​អម​ដោយ​កម្លាំង​ចម្រុះ​ដែល​មាន​ខែល ដំបង​ឆក់ និង​អាវុធ​នៅ​ក្នុង​ដៃ​ផង បាន​បង្ហាញ​វត្តមាន​ជា​ថ្មី​ឡើង​វិញ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ បន្ទាប់​ពី​សកម្មភាព​ដូច​នេះ បាន​ស្ងប់ស្ងាត់​អស់​ពេល​ជា​ច្រើន​ខែ​ណាស់​មក​ហើយ ក្រោយ​ពី​គណបក្ស​​សង្គ្រោះ​ជាតិ បាន​យល់ព្រម​ចូល​អង្គុយ​ប្រជុំ​ក្នុង​រដ្ឋ​សភា​ធ្វើ​ឲ្យ​រដ្ឋសភា និង​រដ្ឋាភិបាល​មាន​លក្ខណៈ​ស្រប​ច្បាប់​មក។

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ មករា ថា មូលហេតុ​ដែល​កង​កម្លាំង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​នេះ គឺ​ទុក​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​ការពារ​សន្តិសុខ​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ អ្នក​នាំពាក្យ​រូប​នេះ​ពុំ​បាន​បញ្ជាក់​ទេ​ថា តើ​នៅ​ពេល​ណា​កម្លាំង​ទាំង​នេះ​អាច​រំសាយ​ទៅ​វិញ​នោះ៖ «ជា​ទូទៅ​ដូច​ខ្ញុំ​ធ្លាប់​បាន​ប្រាប់​កន្លង​ទៅ​អ៊ីចឹង គឺ​ដើម្បី​រក្សា​​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ទេ»

បើ​ទោះ​ជា​យ៉ាង​ណា វត្តមាន​នៃ​កងកម្លាំង​ចម្រុះ ប្រដាប់​ដោយ​អាវុធ និង​អាវក្រោះ ដែល​មើល​ទៅ​ទំនង​ហាក់​ត្រៀម​ប្រយុទ្ធ​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រៀបចំ​យក​ទីតាំង​នៃ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ក្រាប​ដោយ​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​ប្រឆាំង​ក្រុម​អ្នក​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ នៅ​តាម​​បណ្ដោយ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ។ ដោយ​ឡែក ទីតាំង​នៃ​ទីលានប្រជាធិបតេយ្យ​ឯណេះ​វិញ ក៏​មិន​អន់​ណាស់​ដែរ។

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ​អាជ្ញាធរ​បាន​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ​បណ្ដេញ​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​ទីលាន​ដែរ។ ការ​បង្រ្កាប​ប្រឆាំង​ក្រុម​បាតុករ​ដែល​ធ្វើ​ឡើង​ដោយ​កង​សន្តិសុខ និង​កម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល​មក​លើ​​គណបក្ស​សង្រ្គោះ​ជាតិ កាល​ណោះ គឺ​ប្រៀប​ដូច​សមរភូមិ​ប្រយុទ្ធ​យ៉ាង​ដូច្នោះ។

អ្នកស្រី មូរ សុខហួរ អគ្គលេខាធិការ​រង និង​ជា​​អ្នក​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង ឲ្យ​ដឹង​ថា នេះ​ពុំ​មែន​ជា​រឿង​ចៃដន្យ​ដែល​រដ្ឋាភិបាល​ពង្រាយ​កម្លាំង​ដ៏​ច្រើន​បែប​នេះ​ឡើយ។ អ្នកស្រី​បន្ត​ថា កម្លាំង​ដែល​មាន​វត្តមាន​ជា​ថ្មី​ទៀត​នេះ គឺ​នៅ​ចំ​ពេល​ដែល​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ​នេះ​ស្នើ​សុំ​រៀបចំ​ពិធី​តាម​បែប​សាសនា​តែម្ដង៖ «នេះ​សម្រាប់​បង្ហាញ​ដែល​ជា​អ្វី​ដែល​ជា​ការ​បង្ក្រាប ហើយ​បង្ក្រាប​អ្វី​គឺ​បង្ក្រាប​អ្នក​ដែល​ចង់​បញ្ចេញ​មតិ។ ដូច្នេះ​តាម​រូបភាព​ហ្នឹង គឺ​ជា​ការ​គំរាម​កំហែង​ហើយ»

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៤ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​តាំង​ផ្លូវ​វ៉េងស្រេង ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល ប៉ុន្តែ​ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ ជំទាស់។ ក្រោយ​មក​សំណើ​សុំ​ដូច​គ្នា​នេះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​បំណង​លើក​ទីពីរ​នេះ ក៏​ត្រូវ​បរាជ័យ​ម្ដង​ទៀត ដោយ​សាលា​រាជធានី​ភ្នំពេញ យល់​ឃើញ​ថា ការ​ជួបជុំ​របស់​គណបក្ស​ប្រឆាំង គឺ​មាន​ចេតនា​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​អ្នក​ស្លាប់​ជា​ជាង​ការ​ប្រារព្ធ​ពិធី​តាម​បែប​សាសនា។

ផ្ទុយ​ពី​នេះ លោក អំ សំអាត មន្ត្រី​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ (Licadho) ចាត់​ទុក​ថា ការ​ហាម​ប្រាម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋ​ប្រឆាំង​ការ​សំដែង​មតិ​ដោយ​សន្តិវិធី​នេះ គឺ​ជា​ការ​រើសអើង​ទៅ​វិញ​ទេ។ លើស​ពី​នេះ លោក​មើល​មិន​ឃើញ​ទាល់​តែ​សោះ​ថា ការ​ពង្រាយ​កម្លាំង​នៅ​ពេល​នេះ គឺ​ជា​ការ​ពង្រឹង​សន្តិសុខ ព្រោះ​ស្ថានភាព​នយោបាយ​ហាក់​ស្ងប់​ទៅ​ហើយ​នោះ៖ «ការពារ​សណ្ដាប់​ធ្នាប់​ដូច​ខ្ញុំ លើក​ឡើង​អ៊ីចឹង​មិន​មែន​យក​មក​ដាក់​នៅ​នឹង​ទីលាន​ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទេ។ នៅ​តាម​មូលដ្ឋាន​នៅ​តាម​អី​ឯ​ណោះ ដែល​លោក​ត្រូវ​ការ​កម្លាំង​ដើម្បី​ការពារ»

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​កត់សំគាល់​​ថា រដ្ឋាភិបាល​កម្រ​ឃើញ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ណាស់ ក្រៅ​ពី​ប្រើ​កម្លាំង​ដើម្បី​បង្ក្រាប​ប្រឆាំង​ការ​ជួបជុំ​របស់​ក្រុម​អ្នក​តវ៉ា​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។