មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា អ្វីដែលសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា គំរាមផ្អាកប្រាក់ខែអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំងមួយនោះ ថាគឺជាការអនុវត្តផ្ទុយពីច្បាប់។
ការអះអាងរបស់មន្ត្រីបក្សប្រឆាំងនៅពេលនេះ គឺក្រោយពីអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា លើកឡើងកាលពីចុងសប្ដាហ៍កន្លងទៅនេះថា ខ្លួននឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកតំណាងរាស្ត្រ ដូចជាមិនបើកប្រាក់ខែឲ្យ និងថាមន្ត្រីបក្សទាំងនេះ នឹងបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការចូលរួមសម្រាប់កិច្ចប្រជុំសភាថែមទៀត។
មន្ត្រីគណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួននឹងមិនញញើតចំពោះគម្រោងបង្កកប្រាក់ខែណាមួយ ដូចអ្វីដែលមន្ត្រីគណបក្សប្រជាជនកម្ពុជា គំរាមធ្វើកាលពីកិច្ចប្រជុំសភានោះឡើយ បើទោះជាផែនការនេះត្រូវគេអនុវត្តក៏ដោយចុះ ដោយចាត់ទុកថា ការធ្វើយ៉ាងនេះរបស់គណបក្សប្រជាជនកម្ពុជា គឺជាការអនុវត្តផ្ទុយនឹងគោលការណ៍ច្បាប់ និងក្រោមហេតុផលនយោបាយប៉ុណ្ណោះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី១៤ ឧសភា ថា ការប្រើប្រាស់យុទ្ធសាស្ត្របង្កកប្រាក់ខែអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំង គឺជាទម្លាប់ដ៏អាក្រក់របស់គណបក្សប្រជាជនកម្ពុជា។ លោកគិតថា ប្រសិនការអនុវត្តបែបនេះត្រូវកើតឡើងនោះ គឺជាផែនការខុសពីគោលការណ៍ច្បាប់។
លោក យឹម សុវណ្ណ ហៅយុទ្ធសាស្ត្រនេះថា គឺជារឿងនយោបាយសុទ្ធសាធ ដែលពុំធ្លាប់មាន និងជាក្ដីបារម្ភក្នុងការចាញ់ឆ្នោតមួយដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា៖ «ការគ្រោងនេះ គឺជាទង្វើមួយខុសច្បាប់ ហើយគ្មានទម្លាប់ពីមុនមកមានធ្វើបែបនេះទេ។ ក៏ប៉ុន្តែ នេះគឺជាហេតុផលនយោបាយដែលតំណាងរាស្ត្រគណបក្សប្រជាជន ធ្វើបាបតំណាងរាស្ត្រគណបក្ស សម រង្ស៊ី និងតំណាងរាស្ត្រគណបក្ស សិទ្ធិមនុស្ស។ គេចង់ធ្វើឲ្យតំណាងរាស្ត្រសង្គ្រោះជាតិ ហ្នឹង ចុះខ្សោយ។ ប៉ុន្តែខ្ញុំថានេះ គឺជាល្បិចកលដ៏កំសាក»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយពីលោក ជាម យៀប អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានទេ នៅថ្ងៃទី១៤ ឧសភា។
ក៏ប៉ុន្តែ លោក ជាម យៀប ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានថ្លែងនៅក្នុងអង្គប្រជុំសភា កាលព្រឹកថ្ងៃទី៩ ឧសភា ដោយលោកអះអាងថា លោកបានដាក់លិខិតទៅប្រធានសភា និងដាក់ទៅលោកនាយករដ្ឋមន្ត្រី ដើម្បីសុំបង្កកប្រាក់ខែសមាជិកសភាគណបក្សប្រឆាំងរួចហើយ។ លោក ជាម យៀប បានលើកហេតុផលថា ការស្នើសុំនេះ ពីព្រោះសមាជិកសភាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានទៅចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ដែលពុំមានអាសនៈនៅក្នុងសភា។
លោក ជាម យៀប៖ «ខ្ញុំបានធ្វើលិខិតហើយ លិខិតរបស់ខ្ញុំសុំគោលការណ៍អំពីសម្ដេចប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានសិទ្ធិពេញទីក្នុងការរៀបចំប្រាក់បំណាច់របស់អ្នកតំណាងរាស្ត្រ សុំឲ្យពិនិត្យសាឡើងវិញ ថាតើបុគ្គលមួយចំនួនដែលចាកចេញបាត់សមាជិកភាព។ ហើយកាលណាបាត់សមាជិកភាព បាត់សមាជិកភាពពីអ្នកតំណាងរាស្ត្រតែម្ដង។ ហើយកាលណាបាត់សមាជិកតំណាងរាស្ត្រ ខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការងាររៀបចំ គឺខ្ញុំត្រូវអត់ទេ បង្កកទុកបង់ចូលទៅជាថវិការដ្ឋវិញ»។
ទោះជាបែបណា លោក យឹម សុវណ្ណ បញ្ជាក់ថា រហូតមកដល់ពេលនេះ គេនៅពុំទាន់ដឹងថាតើផែនការបង្កកប្រាក់ខែរបស់អ្នកតំណាងរាស្ត្របក្សប្រឆាំងនោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា អនុវត្តដល់កម្រិតណានោះឡើយ។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា ផ្អែកតាមគោលការណ៍ច្បាប់ កាលណាអ្នកតំណាងរាស្ត្រគណបក្សនយោបាយមួយដើរចេញទៅគណបក្សនយោបាយមួយផ្សេងទៀត នោះបានន័យថា សមាជិកភាពក្នុងគណបក្សចាស់ត្រូវបាត់បង់សិទ្ធិពីសភាដោយស្វ័យប្រវត្តិ៖ «មិនអាចប្ដូរកើតទេបាទ ព្រោះថាកាលណាទៅគណបក្សថ្មី មានន័យថាបាត់បង់សមាជិកភាពពីគណបក្សចាស់ហើយ។ ហើយកាលណាបាត់បង់សមាជិកភាពពីគណបក្សចាស់ហ្នឹង គឺមានន័យថា បាត់បង់សមាជិកភាពពីរដ្ឋសភា និងព្រឹទ្ធសភាហ្នឹងហើយបាទ»។
អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា និយាយថា រដ្ឋសភាបច្ចុប្បន្នបានចាប់ផ្ដើមដំបូងកើតចេញពីសភាធម្មនុញ្ញ ដែលបានកើតមកពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ (UNTAC) អាណត្តិទី១ ឆ្នាំ១៩៩៣។ នៅពេលនោះ សភាធម្មនុញ្ញមានកិច្ចការជាដំបូងរបស់ខ្លួន គឺព្រាង និងអនុម័តរដ្ឋធម្មនុញ្ញ។ បន្ទាប់ពីការអនុម័តរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៩៣ នោះ សភាធម្មនុញ្ញបានប្រែក្លាយទៅជារដ្ឋសភា។ ហើយតំណាងរាស្ត្រត្រូវបានជ្រើសតាំងដោយការបោះឆ្នោតជាសកល ដោយសេរី ស្មើភាព និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
