គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រៀបចំ​ធ្វើ​សមាជ​ជា​លើក​ទី​២​នៅ​ថ្ងៃ​១២ មីនា

0:00 / 0:00

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ខាង​មុខ នា​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ។ នេះ​ជា​សមាជ​លើក​ទី​២​ហើយ​បន្ទាប់​ពី​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ បាន​យាង​ត្រឡប់​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥។

​ជំនួយ​ការ​ផ្ទាល់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ លោក ញ៉េប ប៊ុនជីន មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ថា គោល​បំណង​នៃ​សមាជ គឺ​ដើម្បី​ធ្វើការ​កែ​សម្រួល​រចនាសម្ព័ន្ធ​ដឹកនាំ​ផ្ទៃ​ក្នុង​គណបក្ស។ យ៉ាង​ណា​ក៏ដោយ លោក​មាន​ប្រសាសន៍​ថា លោក​មិន​អាច​បញ្ជាក់​អំពី​របៀបវារៈ ឬ​បង្ហាញ​កម្មវិធី​ជាក់លាក់​អំពី​សមាជ​នោះ​បាន​នៅ​ឡើយ​ទេ។

លោក​បន្ត​ថា សម្ដេច​ក្រុមព្រះ​បាន​ស្នើ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​រៀបចំ​ពិនិត្យ​កែ​សម្រួល​លក្ខន្តិកៈ និង​បទបញ្ជា​ផ្ទៃក្នុង​គណបក្ស​ឡើង​វិញ​ឲ្យ​ស្រប​ទៅ​តាម​នយោបាយ​បច្ចុប្បន្ន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក្រោយ​ពី​សម្ដេច​ក្រុមព្រះ​យាង​ត្រឡប់ ធ្វើ​ជា​ព្រះ​ប្រធាន​គណបក្ស​វិញ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខុទ្ទកាល័យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចុះ​ថ្ងៃ​ទី​៥ ខែ​មីនា ឲ្យ​ដឹង​ថា សមាជ​នោះ​នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្ដេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ និង​ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់ដឹកនាំ សមាជិក-​សមាជិកា​គណបក្ស​ប្រមាណ ៨០០​នាក់ មក​ពី​គ្រប់​រាជធានី-​ខេត្ត ទូទាំង​ប្រទេស​កម្ពុជា។

​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ត្រូវ​បាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើ​បក្ស​ប្រហារ​ទម្លាក់​ពី​ព្រះ​ប្រធាន​គណបក្ស​កាល​ពី​ឆ្នាំ​២០០៦។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៥ ព្រះអង្គ​បាន​សម្រេច​ព្រះទ័យ​យាង​ត្រឡប់​មក​ដឹកនាំ​គណបក្ស​រាជា​និយម​មួយ​នេះ​ជា​ថ្មី​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​យាង​ពី​ព្រះអនុជ​របស់​ព្រះអង្គ គឺ​ព្រះរាជ​បុត្រី នរោត្តម អរុណរស្មី និង​លោក ញឹក ប៊ុនឆៃ។ ព្រះអង្គ​ត្រូវ​បាន​សមាជ​គណបក្ស​ជ្រើសតាំង​ឲ្យ​ធ្វើ​ព្រះប្រធាន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា។ ចំណែក​ព្រះរាជ​បុត្រី នរោត្តម អរុណរស្មី ត្រូវ​បាន​ជ្រើសតាំង​ជា​អនុ​ប្រធាន​ទី​១ និង​លោក ញឹក ប៊ុនឆៃ ជា​អនុ​ប្រធាន​ទី​២​គណបក្ស។

យ៉ាង​ណា​ក៏ដោយ នៅ​ក្រោយ​សមាជ​លើក​ទី​១ ភាព​ចម្រូងចម្រាស​បាន​កើត​ឡើង​រវាង​លោក ញឹក ប៊ុនឆៃ និង​លោក សាយ ហាក់ ដែល​ជា​មន្ត្រី​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​ដែល​អះអាង​ថា លោក​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទៅ​លើ​ការ​ប្រើប្រាស់​ត្រា​របស់​គណបក្ស។ ក្រោយ​មក​លោក ញឹក ប៊ុនឆៃ ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​សម្ដែង​ការ​បារម្ភ​ពី​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស​ទៀត​ផង។

​យ៉ាង​ណា​ក៏ដោយ​លោក ញ៉េប ប៊ុនជីន អះអាង​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​មាន​ការ​បែកបាក់​ផ្ទៃ​ក្នុង​អ្វី​នោះ​ឡើយ ហើយ​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោក ញឹក ប៊ុនឆៃ ក៏​ត្រូវ​បាន​គណបក្ស​យាង និង​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​សមាជ​នោះ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។