អង្គការសិទ្ធិមនុស្សបានសង្ស័យថា ការព្យាបាទនោះអាចពាក់ព័ន្ធនឹងការគំរាមកំហែងខាងនយោបាយ ក៏ប៉ុន្តែ ប៉ូលិសមូលដ្ឋានវិញ បានសន្និដ្ឋានថា អំពើនោះមិនពាក់ព័ន្ធនឹងការគំរាមកំហែងផ្នែកនយោបាយទេ។
តើសកម្មភាពព្យាបាទនោះយ៉ាងណា?
ផ្ទះឈើមួយខ្នងប្រក់ស័ង្កសីទំហំប្រមាណ ៥គុណ៦ម៉ែត្រ ដែលជារបស់សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ត្រូវជនមិនស្គាល់មុខលួចដុតបំផ្លាញចោលនាពេលរាត្រី នៅពេលដែលម្ចាស់ផ្ទះនោះនាំគ្នាចាកចោលផ្ទះទៅរកការងារធ្វើឯខេត្តផ្សេង។
បុរសឈ្មោះ ដួង សារ៉ន អាយុ ៤៨ឆ្នាំ គឺជាម្ចាស់ផ្ទះដែលគេលួចដុតបំផ្លាញនោះ។ លោកបានមានប្រសាសន៍កាលពីរាត្រីថ្ងៃអាទិត្យ ទី២ ខែមិថុនា ថា ផ្ទះរបស់លោកត្រូវជនមិនស្គាល់មុខលួចដុតកាលពីយប់ថ្ងៃទី២៦ ខែឧសភា កន្លងទៅ៖ «ខ្ញុំរវល់តែជីវភាពដុនដាបខ្លាំងពេក ជំពាក់អេស៊ីលីដា នោះផង យកលុយគេការកូនការអី ក៏ខ្ញុំមិនដែលបាននៅផ្ទះទេ ដើររកស៊ីតែនេសាទ ហើយដល់ឡើងពីនេសាទមក ខ្ញុំឡើងទៅក្រុមហ៊ុន ខាងខេត្តកំពង់ធំ ដល់ពេលនេះគេដុតចោលឯណេះអស់ទាំងស្រុង»។
លោក ដួង សារ៉ន បានបដិសេធថា ការលួចដុតបំផ្លាញផ្ទះរបស់លោកនេះ គឺមិនពាក់ព័ន្ធដល់ការគំរាមកំហែងខាងនយោបាយទេ ពីព្រោះតែលោកមិនមែនជាសកម្មជនគណបក្សនយោបាយទៀតឡើយ ដោយលោកបានលាឈប់ជាច្រើនឆ្នាំមកហើយ។ លោកថា កន្លងទៅលោកធ្លាប់មានជម្លោះខ្លះជុំវិញរឿងដីធ្លី។
សមត្ថកិច្ចប៉ូលិស ក៏បានអះអាងដូចគ្នានេះ ដោយថា ការលួចដុតបំផ្លាញផ្ទះនោះ គឺអាចពាក់ព័ន្ធទៅលើករណីគំនុំទៅវិញ។
ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងធំ លោក ខឿម ចិត្រា បានមានប្រសាសន៍ថា យោងតាមបណ្ដឹងម្ចាស់ផ្ទះ គឺពុំបានចាត់ទុកករណីនោះពាក់ព័ន្ធនឹងរឿងនយោបាយទេ ដូច្នេះ ប៉ូលិសក៏សន្និដ្ឋានថាដូច្នេះដែរ៖ «គាត់ប្ដឹងមកខាងខ្ញុំវាជារឿងបទល្មើស មិនមែនជារឿងនយោបាយទេ។ វាមានតែពន្លឺ ប៉ុន្តែអ្នកដែលឱ្យព័ត៌មាននោះអត់ហ៊ានចេញបំភ្លឺជាកំណត់ហេតុសាក្សីអីអត់។ សង្ស័យថាអ្នកនេះអ្នកនោះអីទៅណា ក៏ប៉ុន្តែ យើងយកព័ត៌មានច្បាស់លាស់ផ្លូវច្បាប់ វាមិនបានការ»។
ទោះយ៉ាងណា លោក សយ សីហា ជាប្រធានក្រុមការងារគណបក្សហ៊្វុនស៊ិនប៉ិច និងជាជំទប់ទី២ ឃុំត្រពាំងធំ បានអះអាងថា លោក ដួង សារ៉ន កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី២ ធ្លាប់ជាប់ជាជំទប់ទី២ នៃគណបក្ស សម រង្ស៊ី ប្រចាំឃុំនេះ ក៏ប៉ុន្តែ នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីខែមិថុនា ឆ្នាំ២០១២ កន្លងទៅ គឺគាត់បានទៅចូលរួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច វិញ ដោយឈរឈ្មោះជាបេក្ខជនលេខរៀងទី៤។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តសៀមរាប លោក សួស ណារិន ដែលចុះស៊ើបអង្កេតករណីនោះ បានរកឃើញថា លោក ដួង សារ៉ន គឺជាសកម្មជននៃគណបក្សនយោបាយដ៏មានប្រជាប្រិយភាពម្នាក់តាំងពីនៅក្នុងគណបក្ស សម រង្ស៊ី រហូតដល់គណបក្សហ៊្វុនស៊ិនប៉ិច។
លោក សួស ណារិន បានសន្និដ្ឋានជំហានដំបូងថា ការលួចដុតបំផ្លាញផ្ទះសកម្មជននយោបាយនោះ អាចជាការគំរាមកំហែងខាងនយោបាយ ដោយសារតែសកម្មភាពរបស់គាត់នៅក្នុងឃុំនោះ ភាគច្រើនបម្រើឱ្យនយោបាយដែលអាចធ្វើឱ្យមានជនខ្លះមិនសប្បាយចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
