រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ទី​៣

គណៈរដ្ឋមន្ត្រី​ចាប់​ផ្ដើម​បើក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង​ក្នុង​អាណត្តិ​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន​អង្គ​ប្រជុំ​បាន​ប្រកាស​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​អាណត្តិ​ទី​៥​នេះ។
ដោយ វណ្ណ វិចារ
2013.09.25
ហ៊ុន សែន ៣០៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០១៣។
RFA Screenshot

ក្នុង​ពេល​អត្ថាធិប្បាយ​ពី​យុទ្ធសាស្ត្រ​ដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ថា នឹង​ដាក់​ពិន័យ​រដ្ឋបាល ដក​តំណែង ឈាន​ទៅ​ដាក់​ទោស​រដ្ឋមន្ត្រី​​គ្រប់​ក្រសួង​ស្ថាប័ន​ដែល​បក្សពួក​និយម រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុករលួយ។

គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​ថ្មី ប្រកាស​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​គោលដៅ​អាទិភាព​ចំនួន ៤ គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​ស្ថាបនា​បណ្ដាញ​គមនាគមន៍ ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី និង​ការ​ប្រើប្រាស់​ធនធាន​ទឹក​ឲ្យ​មាន​ប្រសិទ្ធភាព។យុទ្ធសាស្ត្រ​ថ្មី​នេះ ជ្រើស​យក​អភិបាលកិច្ច​ល្អ ឬ​ការ​គ្រប់គ្រង​ល្អ​ជា​គោល ដោយ​កំណត់​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​សំខាន់ៗ​ចំនួន ៤ គឺ​បំបាត់​អំពើ​ពុករលួយ​ក្នុង​ស្រទាប់​មន្ត្រី កែទម្រង់​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌ កែ​ទម្រង់​រដ្ឋបាល​សាធារណៈ កែទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ។

បន្ទាប់​ពី​ថ្លែង​ពី​ដំណើរការ និង​មូលហេតុ​នៃ​ការ​រៀបចំ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី​៣ លោក ហ៊ុន សែន បាន​ចំណាយ​ពេល​ជាង ៤០​នាទី ដើម្បី​ពន្យល់​ពី​ចំណុច​គោល​សំខាន់​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដែល​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល។ ចំណុច​អភិបាលកិច្ច​នេះ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ដែល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​ហើយ​នោះ ចង្អុល​មុខ​ទៅ​គណៈរដ្ឋមន្ត្រី​របស់​ខ្លួន​ឲ្យ​លុប​បំបាត់​អំពើ​រំលោភ​អំណាច និង​បក្សពួក​និយម​ក្នុង​ស្ថាប័ន​រដ្ឋ។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា កន្លង​ទៅ​មាន​រដ្ឋមន្ត្រី​មួយ​ចំនួន​បាន​រៀបចំ​រចនាសម្ព័ន្ធ​សម្រាប់​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ចាត់​ទុក​ស្ថាប័ន​រដ្ឋ​ប្រៀប​ដូច​ជា​គ្រួសារ​របស់​ខ្លួន។ លោក​បន្ត​ថា នៅ​អាណត្តិ​ថ្មី​នេះ រដ្ឋមន្ត្រី​គ្រប់​ក្រសួង​ត្រូវ​តែ​ចាប់​ផ្ដើម​ប្ដូរ​ផ្នត់​គំនិត និង​ទង្វើ​មិន​សមរម្យ​ឲ្យ​អស់ បើ​មិន​ដូច​នេះ​ទេ លោក​នឹង​មិន​អត់​ឱន​ឲ្យ​បាន​ឡើយ។

លោក​បាន​ប្រៀបធៀប​ការ​បំពេញ​ការងារ​របស់​មន្ត្រី​ទៅ​នឹង​អាកប្បកិរិយា​របស់​មនុស្ស រួម​មាន ងូត​ទឹក ឆ្លុះ​កញ្ចក់ ដុស​ក្អែល និង​ព្យាបាល​ខ្លួន។ បាន​ន័យ​ថា មន្ត្រី​ទាំង​នោះ​ត្រូវ​កសាង​ខ្លួន​ឲ្យ​ល្អ ដោយ​ផ្អែក​លើ​ការ​ឲ្យ​តម្លៃ​ពី​ភាគី​ពាក់ព័ន្ធ ដូច​ជា​ពលរដ្ឋ សង្គម​ស៊ីវិល បក្ស​ប្រឆាំង ហើយ​បើ​ធ្វើ​មិន​បាន​ទេ គឺ​នឹង​ត្រូវ​រង​ពិន័យ​រហូត​ដល់​ដាក់​ទោស​តាម​ច្បាប់។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​ចំណុច​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​រាជរដ្ឋាភិបាល​កាល​ពី​អាណត្តិ​ទី​៤ ផង​ដែរ។ គុណសម្បត្តិ​ទាំង​នោះ មាន​ជា​អាទិ ការ​បំពេញ​តួនាទី​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ការ​សម្រេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សហស្សវត្ស ការ​រក្សា​បាន​នូវ​សន្តិសុខ ស្ថិរភាព​នយោបាយ​និង​សង្គម​ ការ​ពង្រឹង​ខឿន​ការពារ​ជាតិ ការ​កសាង​ហេដ្ឋារចនា​សម្ព័ន និង​កំណើន​សេដ្ឋកិច្ច​ជាតិ​ជាដើម។ ចំណែក​ឯ​គុណវិបត្តិ​វិញ រួម​មាន ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ ទាំង​ក្នុង​ស្ថាប័ន​រដ្ឋ​និង​តុលាការ ដែល​នាំ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ទំនុក​ចិត្ត ការ​ខ្វះខាត​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស បទល្មើស​ព្រៃឈើ កុងត្រូល​ជជុះ ការ​ខ្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ​សម្រាប់​វិស័យ​កសិកម្ម ។ល។

រដ្ឋាភិបាល​អាណត្តិ​ថ្មី​របស់​លោក ហ៊ុន សែន បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដោយ​មាន​ការ​គាំទ្រ​តែ​ពី​សមាជិក​សភា​របស់​ខ្លួន​ចំនួន ៦៨​រូប ដោយ​អវត្តមាន​បក្ស​ប្រឆាំង។ មជ្ឈដ្ឋាន​អ្នក​វិភាគ​ខ្លះ​បញ្ជាក់​ថា គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ជា​អង្គការ​ចាត់តាំង​ដោយ​មិន​មាន​ការ​ឯកភាព​ជាតិ ពោល​គឺ​ប្រជានុរាស្ត្រ​ដែល​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង​ជិត ៣​លាន​នាក់​កើត​ទុក្ខ​មិន​សុខ​ចិត្ត។

នៅ​ពេល​ដំណាល​គ្នា​នឹង​លោក ហ៊ុន សែន ថ្លែង​បើក​កិច្ច​ប្រជុំ​ក្នុង​ទីស្ដីការ​នាយករដ្ឋមន្ត្រី គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ធ្វើ​សន្និសីទ​កាសែត​មិន​ទទួល​ស្គាល់​គណៈរដ្ឋមន្ត្រី​នេះ​ឡើយ ហើយ​បក្ស​ប្រឆាំង​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នីតិកាល​ទី​៥​នេះ ដើម្បី​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត និង​ទារ​យក​តំណែង​គ្រប់គ្រង​រដ្ឋ​សភា។

ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ទី​១​នេះ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​រៀបចំ​វេទិកា​សាធារណៈ​ទូទាំង​ប្រទេស និង​វេទិកា​រិះគន់​ទិតៀន​ក្នុង​ស្ថាប័ន​រដ្ឋ ដើម្បី​ប្រមូល​យក​បញ្ហា​ទាំង​ឡាយ​មក​ដោះស្រាយ។ គណៈរដ្ឋមន្ត្រី​ក៏​ប្រកាស​រំលាយ​ស្ថាប័ន​សំខាន់ៗ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ក្រោម​ឥទ្ធិពល​របស់​លោក សុខ អាន ដូច​ជា​ស្ថាប័ន​ក្រុមប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ អាជ្ញាធរ​បឹង​ទន្លេសាប និង​អាជ្ញាធរ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​លោក ហ៊ុន សែន ចាត់​ទុក​ស្ថាប័ន​ទាំង​នេះ​ជា​ឆ្អឹង​ទទឹង​ក ដែល​រារាំង​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋ។

លើស​ពី​នេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​ចៅក្រម ធ្វើ​កំណែ​ទម្រង់​សមាសភាព​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម រៀបចំ​ច្បាប់​ជំរុញ​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ជាដើម។

រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ក៏​មិន​ទាន់​បោះបង់​មហិច្ឆតា​បង្កើត​ច្បាប់​គ្រប់គ្រង​សមាគម​និង​សង្គម​ស៊ីវិល​ដែរ ប៉ុន្តែ​ច្បាប់​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​សង្គម​ស៊ីវិល​ពិភាក្សា​លម្អិត​ជា​មុន​សិន។ ទោះ​ជា​បែប​ណា​ក្តី ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ជា​ឧបករណ៍​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ មិន​ទាន់​ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​កាប់​រាជរដ្ឋាភិបាល​ពេល​នេះ​យក​មក​គិតគូរ​នៅ​ឡើយ​ទេ។

ក្នុង​ការ​ថ្លែង​រយៈពេល​មួយ​ព្រឹក​ពេញ លោក ហ៊ុន សែន ឆ្លៀត​វាយ​ប្រហារ​គោលនយោបាយ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ​របស់​បក្ស​ប្រឆាំង​ដែរ ហើយ​លោក​ក៏​បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​មួយ​ចំនួន​ទៀត​ផង។ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ បង្ហាញ​គោលដៅ​ចង់​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៨ និង​ជា​ប្រទេស​មាន​ចំណូល​មធ្យម​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០។

អ្នក​វិភាគ​បញ្ហា​សង្គម​មួយ​ចំនួន​យល់​ថា គោលនយោបាយ​កែទម្រង់​របស់​រដ្ឋាភិបាល​មាន​ភាព​ប្រសើរ ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​មើល​ថា តើ​រាជរដ្ឋាភិបាល​អាណត្តិ​នេះ នឹង​បំពេញ​ការងារ​យ៉ាង​ដូច​ម្ដេច ឬ​ដូច​អាណត្តិ​ទី​៤​ទៀត ឬ​ក៏​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។