មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានប្រកាសអះអាងម្តងទៀតថា រដ្ឋាភិបាលគ្មានគម្រោងបិទបណ្ដាញសង្គមអ៊ីនធឺណិត ដែលកំពុងប្រើប្រាស់ពេញនិយមនៅកម្ពុជា ទេ។ ប៉ុន្តែ ក្រសួងព័ត៌មាន បានរិះគន់ចំពោះមនុស្សមួយចំនួន ដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនេះ ដូចជា ហ្វេសប៊ុក (Facebook) ថ្វិតធឺ (Twitter) គូហ្គ័លផ្លាស់ (Google+) ថាបានបង្កើតព័ត៌មានមិនពិត ប្រើពាក្យអសុរោះ និងញុះញង់ឲ្យមានអំពើហិង្សាក្នុងសង្គម។
នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ កុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលស្គាល់ថា ការកើតមានបណ្ដាញទំនាក់ទំនងសង្គម មានលក្ខណៈសកល ដូចជា ហ្វេសប៊ុក ថ្វិតធឺ គូហ្គ័លផ្លាស់ ជាដើម គឺជាវិញ្ញាសាថ្មីស្មុគស្មាញមួយ ពីព្រោះវាងាយបង្កើត និងមានជ្រុងវិជ្ជមាន និងអវិជ្ជមាន។
លោក ខៀវ កាញារីទ្ធ៖ «ជ្រុងអវិជ្ជមាន គឺអ្នកប្រើប្រាស់គ្មានសីលធម៌ ដោយយកបណ្ដាញទាំងនេះធ្វើជាវេទិកាជេរប្រមាថ មួលបង្កាច់ បំភ្លៃ ញុះញង់ អុជអាល បញ្ឆេះកំហឹង ប្រើពាក្យសម្ដីអសុរោះ ប្រើរូបភាពកាត់ត ប្រើរូបភាពអាសអាភាសគ្មានសីលធម៌»។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជា ពិចារណាពីការប្រើប្រាស់របស់ខ្លួន ដោយសារពេលខ្លះការប្រើនេះបានរំលោភលើច្បាប់នៅប្រទេសកម្ពុជា៖ «លើសពីនេះទៅទៀត អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានឈានទៅដល់ប្រមាថមើលងាយព្រះមហាក្សត្រ ដែលជាទីសក្ការៈ ហើយតាមស្មារតីរដ្ឋធម្មនុញ្ញ គ្មានអ្នកណាអាចប៉ះពាល់បានទៀតផង។ តែក្រសួងព័ត៌មាន សូមប្រកាសសាជាថ្មីថា ក្រសួងមិនមានបំណងបិទបណ្ដាញទំនាក់ទំនងសង្គមទាំងនេះឡើយ»។
នៅប្រទេសកម្ពុជា មិនទាន់មានច្បាប់ហាមការប្រើអ៊ីនធឺណិត បណ្ដាញទំនាក់ទំនងសង្គមទេ។ ប៉ុន្តែ កន្លងមក មានប្រជាពលរដ្ឋមួយចំនួនរងការប្ដឹងពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ ដោយសារការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយចៅក្រមតុលាការបានផ្ដន្ទាទោសជនជាប់ចោទ ដោយប្រើច្បាប់ក្រមព្រហ្មទណ្ឌ។ ករណីដែលល្បីនៅក្រុងភ្នំពេញ ទាក់ទងរឿងនេះ គឺការសម្រេចផ្ដន្ទាទោសរបស់ចៅក្រមតុលាការរាជធានីភ្នំពេញ ទៅលើពិធីការិនីទូរទស្សន៍មួយរូបឈ្មោះ ដួង ហ្សូរីដា។
ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានច្រើន និងលឿនបានទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង លោក ខៀវ កាញារីទ្ធ បានអំពាវនាវឲ្យមន្ត្រីព័ត៌មានក្រោមឱវាទក្រសួងនៅគ្រប់ជាន់ថ្នាក់ ប្រឹងប្រែងធ្វើការ និងកែប្រែរបៀបសរសេរព័ត៌មាន ដើម្បីទាក់ទាញអ្នកស្តាប់វិទ្យុជាតិ មើលទូរទស្សន៍ជាតិ ឲ្យតាមដានការផ្សាយព័ត៌មានរបស់បណ្ដាញរដ្ឋទាំងនោះ។
ទាក់ទងជាមួយរឿងព័ត៌មាន និងមតិមួយចំនួនតាមប្រព័ន្ធបណ្ដាញសង្គមនេះ លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) មានប្រសាសន៍ថា ព័ត៌មានផ្សាយតាមហ្វេសប៊ុក និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួន បានជួយផ្តល់ព័ត៌មានបានលឿនរហ័សដល់ប្រជាពលរដ្ឋ ដែលមានទំនាក់ទំនងជាមួយគ្នាតាមបណ្ដាញសង្គមនេះ ហើយចំពោះព័ត៌មានណាមិនត្រឹមត្រូវ មនុស្សក្នុងបណ្ដាញទំនាក់ទំនងគ្នានោះមុខជាជម្រុះចោល លែងទាក់ទងលែងមើលជាមិនខាន៖ «ហ្វេសប៊ុក ថ្វីតធឺ នេះគ្រាន់តែជាព័ត៌មានបុគ្គលរបស់មនុស្សម្នាក់ៗទេ។ ហើយវាធ្វើឲ្យមានផលអវិជ្ជមាន។ ខ្ញុំគិតថា ឲ្យមានគ្រោះថ្នាក់ដល់អសន្តិសុខជាតិនោះ ខ្ញុំមិនជឿទេ ព្រោះមនុស្សម្នាក់នោះមិនអាចតាមហ្វេសប៊ុក នេះ អាចធ្វើយុទ្ធនាការដើម្បីប្រមូលកងទ័ពអី ខ្ញុំជឿថា មិនអាចធ្វើអ៊ីចឹងទៅកើតទេ»។
ប្រភពមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានវាយតម្លៃថា អ្នកនិយមប្រើបណ្ដាញទំនាក់ទំនងសង្គមនៅកម្ពុជា មានប្រហែល ១លាននាក់ ក្នុងនោះមានអ្នកនិយមប្រើហ្វេសប៊ុក មានប្រមាណ ៧សែននាក់។
របាយការណ៍សរុបប្រចាំឆ្នាំរបស់ក្រសួងព័ត៌មាន មិនមានបញ្ជាក់អំពីចំនួនអ្នកនិយមប្រើបណ្ដាញទំនាក់ទំនងសង្គមទេ ប៉ុន្តែបានឲ្យដឹងថា ក្នុងឆ្នាំ២០១៣ កន្លងមកនេះ អង្គភាពកាសែតមានចំនួនចំនួន១៣៩ អង្គភាពទស្សនាវដី្តមានចំនួន៥៦ ស្ថានីយទូរទស្សន៍នៅទីក្រុងភ្នំពេញមាន១៦ និងស្ថានីយផ្សាយបន្តតាមខេត្តមាន៧០ ហើយចំពោះស្ថានីយវិទ្យុនៅភ្នំពេញមាន៦៩ និងនៅតាមខេត្តមានចំនួន ១១៩ស្ថានីយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
