រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា នៅពេលនេះរដ្ឋាភិបាលកំពុងរៀបចំនីតិវិធីដើម្បីគ្រប់គ្រងចំណូលលក់សំបុត្រឲ្យភ្ញៀវទេសចរចូលទស្សនាតំបន់អង្គរឲ្យបានម៉ត់ចត់។ ដូចគ្នានេះដែរ មន្ត្រីបក្សប្រឆាំងក៏ចង់ឃើញការគ្រប់គ្រងនោះ ធ្វើឡើងដោយតម្លាភាព និងគ្មានការលួចបន្លំ ឬអំពើពុករលួយ។
ការរៀបចំនីតិវិធី និងក្របខ័ណ្ឌច្បាប់នានា ដើម្បីរដ្ឋអាចគ្រប់គ្រងការលក់សំបុត្រនៅតំបន់អង្គរដោយរដ្ឋាភិបាលនៅដើមឆ្នាំ២០១៦ ខាងមុខ ស្ថិតក្នុងដំណើការនៃការពិភាក្សាគ្នានៅឡើយ។
មន្ត្រីរដ្ឋាភិបាលអះអាងថា ចំណូលដែលបានពីការលក់សំបុត្រនឹងហូរចូលទៅថវិកាជាតិទាំងអស់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ឲ្យអ្នកកាសែតដឹងកាលពីថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ជំនួបជាមួយអន្តរគណៈកម្មការរបស់រដ្ឋសភាថា រដ្ឋាភិបាលចាត់តាំងឲ្យក្រសួងទេសចរណ៍គ្រប់គ្រងផ្នែកគ្រិះស្ថាន និងក្រសួងសេដ្ឋកិច្ច គ្រប់គ្រងចំណូល-ចំណាយ។
លោករដ្ឋមន្ត្រីអះអាងថា នៅពេលនេះ រដ្ឋាភិបាលកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ដើម្បីគ្រប់គ្រងលើការលក់សំបុត្រចូលទស្សនាតំបន់អង្គរ៖ «ខ្ញុំយល់ថា យើងមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការងារនេះ ពីមុនមកយើងឃើញថា ចំណូលមានការបែងចែកឲ្យទៅក្រុមហ៊ុន ឥឡូវរដ្ឋាភិបាលទទួលបានទាំងអស់ប្រើប្រាស់ជាប្រយោជន៍រួម»។
ការអះអាងបែបនេះ បន្ទាប់ពីថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រេចលុបចោលកិច្ចព្រមព្រៀងទទួលសិទ្ធិលក់សំបុត្រចូលទស្សនាតំបន់អង្គរជាមួយក្រុមហ៊ុន សុខា អូតែល (Sokha Hotel) នៅខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។ ដំណឹងនេះធ្វើឲ្យមន្ត្រីបក្សប្រឆាំងសប្បាយចិត្ត ព្រោះគណបក្សនេះបានព្យាយាមតស៊ូមតិប្រឆាំងនឹងកិច្ចព្រមព្រៀងនេះជាច្រើនឆ្នាំមកហើយ។
តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ការដែលក្រសួងរៀបចំឲ្យមានការទទួលខុសត្រូវដោយខ្លួនឯងបែបនេះ នឹងធ្វើឲ្យចំណូលចូលរដ្ឋដោយមិនបាច់ឆ្លងកាត់តាមរយៈក្រុមហ៊ុនរបស់លោក សុខ គង់ ដូចមុនទៀតឡើយ។ លោកបន្តថា ចំណូលបានពីការលក់សំបុត្រកន្លងមក មិនបានដាក់បញ្ចូលទៅថវិកាជាតិទេ ដែលជាការបែងចែកគ្មានទិសដៅត្រឹមត្រូវ៖ «យើងឃើញថា ទីមួយថវិកាទទួលបានមិនបាច់បង់ទៅក្រុមហ៊ុន សុខា ឲ្យគេចំណេញរាប់សិបលាន មួយទៀត រដ្ឋាភិបាលគ្រប់គ្រាន់រដ្ឋសភាអាចតាមដាន»។
រីឯអ្នកនាំពាក្យអាជ្ញាធរអប្សរា អ្នកស្រី ចៅ ស៊ុន កិរិយា ប្រាប់ថា អាជ្ញាធរអប្សរាគ្រប់គ្រងលើការលក់សំបុត្រ សកម្មភាពលក់សំបុត្រគឺក្រុមហ៊ុន សុខា អូតែល ជាអ្នកអនុវត្ត។ ប៉ុន្តែអ្នកស្រីថា កន្លងមកចំណូលបានពីការលក់សំបុត្រក្រុមហ៊ុនជាអ្នកគ្រប់គ្រង ហើយបង់ជូនរដ្ឋខ្លួនឯង ដោយមិនបានឆ្លងកាត់អាជ្ញាធរអប្សរាឡើយ។ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា ក្នុងករណីអាជ្ញាធរអប្សរាត្រូវការថវិកាជួសជុល ឬថែរក្សាប្រាសាទ ត្រូវដាក់សំណើទៅថ្នាក់ជាតិ។
អ្នកនាំពាក្យអាជ្ញាធរអប្សរាដដែលបន្តថា ក្រុមហ៊ុន សុខា អូតែល ចាប់ផ្តើមលក់សំបុត្រចូលទស្សនាតំបន់អង្គរនៅឆ្នាំ១៩៩៩។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមពីអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកា ដោយទូរស័ព្ទរោទ៍ជាច្រើនគ្មានអ្នកលើក។
លោក សុន ឆ័យ រិះគន់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងក្រុមរបស់លោក សុខ គង់ ក្នុងការលក់សំបុត្រទៅទស្សនាតំបន់អង្គរមានភាពអាថ៌កំបាំងច្រើន ព្រោះចំណូល-ចំណាយមិនត្រូវបានប្រកាសជាសាធារណៈ ហើយការបង្វិលលុយនោះទៀតសោត មានការលាក់លៀមច្រើន៖ «ការប្រមូលលុយកន្លងមកគ្មានតម្លាភាពត្រឹមត្រូវ យើងមានប្រព័ន្ធ អាយ.ធី ច្រើនណាស់ ដើម្បីគ្រប់គ្រង»។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីថ្ងៃទី១០ ខែវិច្ឆិកា ថ្លែងបែបចំអកទៅគណបក្សប្រឆាំងថា រដ្ឋាភិបាលសម្រេចដកសិទ្ធិលក់សំបុត្រទស្សនាតំបន់អង្គរ ពីក្រុមហ៊ុនរបស់លោក សុខ គង់ ដូចនេះ ដើម្បីបញ្ចប់នូវការលាបពណ៌របស់គណបក្សប្រឆាំងថា តំបន់អង្គរ មិនមែនគ្រប់គ្រងដោយជនជាតិខ្មែរ។ ប៉ុន្តែទោះយ៉ាងណាក្តី តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សុន ឆ័យ អះអាងថា រដ្ឋាភិបាលបានបាត់បង់ថវិកាប្រមាណ ៦០លានដុល្លារជារៀងរាល់ឆ្នាំ ខណៈដែលការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ត្រូវគ្រប់គ្រងដោយក្រុមហ៊ុន សុខា អូតែល របស់ឧកញ៉ា សុខ គង់ កន្លងមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
