រដ្ឋាភិបាលសម្រេចបន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចាប់ពីថ្ងៃទី១ ខែមេសា តទៅ។
អនុក្រឹត្យរដ្ឋាភិបាលចុះថ្ងៃទី២៥ ខែមីនា ឲ្យដឹងថា ការបន្ថែមរបបសន្តិសុខសង្គមនេះ មានវិសាលភាពអនុវត្តចំពោះតែនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈដែលជាអតីតមន្ត្រីរាជការស៊ីវិល និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតយុទ្ធជន និងចំពោះរបបសន្តិសុខសង្គមប្រចាំខែលើតាវកាលិកការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាព។ ទោះជាយ៉ាងណា អនុក្រឹត្យនេះ មិនអនុវត្តទៅលើអតីតមន្ត្រីរាជការដែលត្រូវដាក់ឲ្យចូលនិវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៦ នោះឡើយ។
របបសន្តិសុខសង្គមប្រចាំខែត្រូវបានបន្ថែមតាមកម្រិតដូចតទៅ៖ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលមានរបបសន្តិសុខសង្គមប្រចាំខែ បច្ចុប្បន្នក្នុងចន្លោះចាប់ពី ៣០ម៉ឺន (៣០០.០០០) ដល់ ៣៣ម៉ឺនរៀល (៣៣០.០០០) ត្រូវបន្ថែមឲ្យដល់ ៣៦ម៉ឺនរៀល (៣៦០.០០០) ក្នុង១ខែ។ ប្រាក់ខែចាប់ពី ៣៣ម៉ឺន១រៀល (៣៣០.០០១) ដល់ ៣៩ម៉ឺន ៥ពាន់រៀល (៣៩៥.០០០) ត្រូវផ្ដល់ជូនបន្ថែម ៣ម៉ឺនរៀលក្នុង១ខែ ចាប់ពី ៣៩ម៉ឺន ៥ពាន់ ១រៀល (៣៩៥.០០១) ដល់ ៤០ម៉ឺនរៀល (៤០០.០០០) ត្រូវបន្ថែមឲ្យដល់ ៤២ម៉ឺន ៥ពាន់រៀល (៤២៥.០០០) ក្នុង១ខែ ចាប់ពី ៤០ម៉ឺន ១រៀល (៤០០.០០១) ដល់ ៤៩ម៉ឺន ៥ពាន់រៀល (៤៩៥.០០០) ត្រូវផ្ដល់ជូនបន្ថែម ២ម៉ឺន ៥ពាន់រៀលក្នុង១ខែ ចាប់ពី ៤៩ម៉ឺន ៥ពាន់ ១រៀល (៤៩៥.០០១) ដល់ ៥០ម៉ឺនរៀល (៥០០.០០០) ត្រូវបន្ថែមឲ្យដល់ ៥២ម៉ឺនរៀល (៥២០.០០០) និងចាប់ពី ៥០ម៉ឺន ១រៀល (៥០០.០០១) ឡើងទៅ ត្រូវផ្ដល់បន្ថែមចំនួន ២ម៉ឺនរៀលក្នុង១ខែ។
អនុក្រឹត្យដដែលបញ្ជាក់ថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនដែលបានទទួលការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែក្នុងកម្រិតណាមួយខាងលើនេះរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
