ទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្កោលទោសគណបក្សសង្គ្រោះជាតិ ថាបានបង្កចលាចលនៅទីលានប្រជាធិបតេយ្យ ដែលបង្កអោយកងសន្តិសុខខណ្ឌដូនពេញ រងរបួសជាច្រើននាក់។ ចំណែកគណបក្សសង្គ្រោះជាតិ វិញ ក៏ថ្លែងថ្កោលទោសដូចគ្នាដែរទៅលើរដ្ឋាភិបាលដែលប្រើកម្លាំងសន្តិសុខឲ្យមកប្រើអំពើហិង្សាបង្ក្រាបក្រុមអ្នកតវ៉ាទាមទារឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញនោះ។
លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៦ កក្កដា ថា គណបក្សសង្គ្រោះជាតិ ជាអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាកាលពីម្សិលមិញនៅទីលានប្រជាធិបតេយ្យ។
កាលពីថ្ងៃទី១៥ កក្កដា នៅតំបន់ស្ពាននាគជិតទីលានប្រជាធិបតេយ្យ មានផ្ទុះនូវអំពើហិង្សាមួយ ដែលធ្វើអោយមានមនុស្សរបួសជាង ៣០នាក់ ខណៈដែលតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួន បានធ្វើបាតុកម្មទាមទារអោយដោះលែងទីលានប្រជាធិបតេយ្យឡើងវិញ ហើយការទាមទារនេះនាំឲ្យមានការប៉ះទង្គិចគ្នារហូតឈានទៅដល់ការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ៥រូបទៀតផង។
លោក កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏បានសង្កត់ធ្ងន់ថា អំពើហិង្សាកាលពីម្សិលមិញថ្ងៃទី១៥ កក្កដា នោះ ជាអំពើអមនុស្សធម៌មួយដែលមានគម្រោងទុកជាមុន៖ «សំឡេង»។
ផ្ទុយទៅវិញ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានធ្វើសន្និសីទនៅទីស្នាក់ការបក្ស លើប្រធានបទដូចគ្នានេះដែរ បានអោយដឹងថា គណបក្សលោកជាគណបក្សមួយដែលតែងប្រកាន់ភ្ជាប់នូវអហិង្សា ហើយបានចោទប្រកាន់ថាអំពើហិង្សាទាំងអស់កើតឡើងដោយសារអាជ្ញាធររបស់គណបក្សប្រជាជនកម្ពុជា៖ «សំឡេង»។
លោកក៏បានអំពាវនាវអោយតុលាការដោះលែងនូវបេក្ខជនតំណាងរាស្ត្រជាបន្ទាន់ បើមិនដូច្នេះ គណបក្សប្រជាជនកម្ពុជា គឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះអ្វីដែលបានកើតឡើង។ ទោះយ៉ាងណា លោក កែវ រ៉េមី ក៏បានព្រមានថានឹងចាត់វិធានការម៉ឺងម៉ាត់ បើមានការតវ៉ាឬបាតុកម្មណាមួយកើតឡើងបន្តទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
