បក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​ចលនា​ឧទ្ទាម​ខុស​ច្បាប់

ដោយ យន់ សាមៀន
2018-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​ខុស​ច្បាប់។ រី​ឯ​សកម្មជន​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​បង្កើត​ចលនា​នេះ​មិន​ខុស​ច្បាប់ និង​ផ្ដល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ឡើង​វិញ ក្រោយ​រដ្ឋាភិបាល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​២០១៧។

ថ្វីត្បិតតែ​គម្រោង​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ក៏ដោយ​ចុះ គណបក្ស​កាន់​អំណាច​បាន​វាយប្រហារ និង​ចោទ​ប្រកាន់​ភ្លាមៗ​ថា ចលនា​នេះ​ជា​ចលនា​ឧទ្ទាម។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​បង្កើត​អង្គការ​ណា​មួយ​ក្រៅ​ច្បាប់ វា​គឺ​ជា​សកម្មភាព​បែប​ឧទ្ទាម ហើយ​កម្ពុជា មិន​ទទួល​ស្គាល់​ជា​ផ្លូវការ​នោះ​ទេ ទោះបីជា​ប្រទេស​ណា​ទទួល​ស្គាល់​ក៏ដោយ​ចុះ៖ «បាទ! អ៊ីចឹង​ការ​ធ្វើ​សកម្មភាព​ទាំង​អស់​នេះ គឺ​សុទ្ធតែ​ជា​ការ​ល្មើសច្បាប់ ហើយ​កាន់​តែ​ដាក់​បន្ទុក​ពិរុទ្ធភាព​លើ​ខ្លួន​ឯង​តែប៉ុណ្ណោះ​ទេ ព្រោះ​ថា​នេះ​គឺ​នៅ​ផ្ទៃក្នុង​ប្រទេស ត្រូវ​បាន​តុលាការ​កាត់​សេចក្តី​ទៅ​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​អស់​ហើយ ដូច្នេះ​ហើយ​វា​គ្មាន​អី​ក្រៅ​តែ​ពី​ធ្វើ​សកម្មភាព​ក្រៅ​ច្បាប់​នោះ​ទ ដែល​យើង​ហៅ​ថា ឧទ្ទាម​និយម។ វា​មានលទ្ធភាព​ធ្វើ​តែ​ក្រៅ​ប្រទេស​នោះ​ទេ តែ​ក្នុង​ប្រទេស​វា​អត់​មាន​ឥទ្ធិពល​អ្វី​នោះ​ទេ»

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស។ សេចក្ដី​ថ្លែងការណ៍​របស់​ចលនា​សង្គ្រោះ​ជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឲ្យ​ដឹង​ថា ចលនា​សង្គ្រោះ​ជាតិ​នេះ បង្កើត​ឡើង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។ មេដឹកនាំ​នៃ​ចលនា​សង្គ្រោះ​ជាតិ​នេះ ក៏​អំពាវនាវ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ជាមួយ​ចលនា​របស់​ខ្លួន។

លោក សុខ ឥសាន ព្រមាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​រូប​ណា​ចូល​រួម​ក្នុង​ចលនា​នេះ ក៏​ជា​ការ​រួម​ចំណែក​ខុស​ច្បាប់​ដែរ។ លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចូលរួម​ជាមួយ​ចលនា​នេះ គឺ​ជា​សិទ្ធិ​របស់​ពួកគេ តែ​ប្រសិនបើ​ពួកគេ​ហ៊ាន​ចូល​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

អាស៊ីសេរី មិន​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​រហូត។

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្នុង​ប្រទេស​វិញ យល់​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ ដើម្បី​បន្ត​សង្គ្រោះ​ប្រទេស​កម្ពុជា ដែល​គេ​យល់​ថា កំពុង​វិល​ទៅ​រក​របប​ផ្ដាច់ការ។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នឹង​ចូលរួម​ជាមួយ​ចលនា​នេះ បន្ទាប់​ពី​អស់​សង្ឃឹម​មួយ​រយៈ​ក្រោយ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ចលនា​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​រួម​របស់​ប្រជាពលរដ្ឋ អ៊ីចឹង​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ចង់​បាន​របៀប​នេះ គឺ​ល្អ សម្រាប់​កិច្ចការ​ផ្សេង ដូចជា​សព្វថ្ងៃ​នេះ​គាត់​អត់​មាន​អ្វី​ពឹង​ពាក់​ទេ ព្រោះ​មាន​តែ​បក្ស​មួយ​ជំ​ហៀ​ង​អ៊ីចឹង​នោះ»

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់  យល់​ថា ការ​បង្កើត​ចលនា​នេះ​គឺ​ល្អ​សម្រាប់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ លោក​ការពារ​ចលនា​នេះ​ថា ស្របច្បាប់ ត្រឹមត្រូវ ព្រោះ​វា​ជា​ចលនា​តស៊ូ​រក​យុត្តិធម៌​ដោយ​សន្តិវិធី៖ «បង្កើត​ចលនា​នេះ គឺ​ល្អ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នេះ។ បើ​គាត់​និយាយ​ថា ចលនា​នេះ​ខុស​ច្បាប់ គឺ​លក្ខខណ្ឌ​នៃ​ការ​ធ្វើ​ចលនា​នេះ បែប​ហិង្សា តែ​ចលនា​នេះ យើង​ធ្វើ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ»

ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​បាន​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាល បាន​ចាប់​ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ។ មុន​បង្កើត​ចលនា​នេះ ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​បាន​ធ្វើ​យុទ្ធនា​ការ​អំពាវនាវ​ឲ្យ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ។

​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​គ្រាន់​តែ​ឮ​សូរ​គេ​បង្កើត​ចលនា​ហើយ​ចោទ​គេ​ថា​ខុស​ច្បាប់​នោះ គឺ​ហាក់​ដូចជា​លឿន​ពេក​ហើយ៖ «ខុស​ច្បាប់​លុះត្រាតែ​យើង​ឃើញ​ថា តើ​ចលនា​នេះ​មាន​ផ្ដល់​ភស្តុតាង​ដូចជា​ទៅ​ទម្លាក់​រដ្ឋាភិបាល​អី ឬ​យ៉ាង​ម៉េច? បើ​សិន​ចលនា​នេះ គ្រាន់​តែ​ជា​ចលនា​នយោបាយ​តវ៉ា​ដោយ​សន្តិវិធី ដោយ​ផ្លូវ​ច្បាប់​អី​ទេ​នោះ រឿង​នេះ​រដ្ឋាភិបាល​ក៏​មិន​អាច​ចោទ​គេ​ថា ជា​អ្នក​ខុស​ច្បាប់​បាន​ដែរ ព្រោះ​ក្នុង​រដ្ឋធម្មនុញ្ញ បាន​ចែង​ច្បាស់​ហើយ​សម្រាប់​ការ​បង្កើត​ក្រុម ឬ​ក៏​សមាគម​អ៊ី​ផ្សេងៗ»

​លោក​បណ្ឌិត មាស នី យល់​ថា ការ​បង្កើត​ចលនា​ស្របច្បាប់​នេះ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​នៅ​តែ​រង់ចាំ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ដែល​នាំ​ឲ្យ​មាន​ការ​យឺត​ពេល ឬ​មិន​សូវ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​កម្លាំង​នៅ​ខាង​ក្រោម​កាន់​តែ​អស់សង្ឃឹម ខណៈ​ដែល​គណបក្ស​តូចៗ​កំពុង​ទន្ទឹង​រង់ចាំ​លាភសក្ការៈ ឬ​សំឡេង​គាំទ្រ​ពី​ពួកគេ៖ «ចលនា​នេះ​វា​អាច​ជា​ជម្រើស​មួយ​សម្រាប់​ត្រៀម​បង្កើត​ទៅ​ជា​គណបក្ស​ថ្មី​មួយ ដូច​ដែល​សម្ដេច​នាយក​បាន​ប្រកាស ឬ​ក៏​បង្ហើប​ពី​ពេល​មុន​ក្នុង​ករណី​ដែល​សម្ពាធ​ពី​អន្តរជាតិ មិន​សូវ​មាន​ប្រសិទ្ធភាព ឬ​មិន​មាន​ប្រសិទ្ធភាព​តែម្ដង។ ខ្ញុំ​គិត​ថា វា​អត់​មាន​អី​ខុស​ទេ វា​ជា​ជម្រើស​ល្អ​មួយ​ដែរ​សម្រាប់​ដំណើរ​ការ​នយោបាយ​ក្នុង​ស្រុក​យើង»

សមាសភាព​ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​មាន​ឈ្មោះ​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម។ ទោះ​យ៉ាង​ណា ចលនា​នេះ​នៅ​មិន​ទាន់​ឃើញ​កំណត់​អំពី​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ និង​ទីតាំង​ច្បាស់លាស់​នៅ​ឡើ​ទេ ដោយ​ពួកគេ​គ្រាន់​តែ​បង្ហើប​ថា នឹង​លេចចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ។ ចលនា​នេះ នឹង​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

អត់ទ្រាំ និយាយមិនបាន
ខ្មែរអុើយខ្មែរ អីក៏ ខុសគេ ពីប្រទេសជិតខាង ម្លេះ
- ចរឹកខ្មែរ ចូលចិត្តបុណ្យស័ក្ត លុយកាក់ជា ធំ ដូចយ័ក្ខសុីមនុស្ស.ទុករឿងប្រទេសជាតិ តូចទាបដូចបាតជើង !
- ចរឹកថៃ យករឿងប្រទេសជាតិ ជា ធំ ផ្ទុយពីខ្មែរ !
- ចរឹកយួន យករឿងប្រទេសជាតិ ជា ធំ ផ្ទុយពីខ្មែរ !

Jan 14, 2018 10:26 AM

OrsChar

ពី Poi pet

គេខុសច្បាប់ បើខ្លួនឯងត្រូវរហូត មនុស្សអីកអាក្រក់ហួស
ហេតុ ចំពោះខ្ញុំជាតិមួយនេះត្រូវការសង្គ្រោះជាបនទាន់
បើមិនសង្រ្គោះទេ យួនពិតជាសប្បាយចតិ្តមិនខាន។
ខ្ញុំសូមគាំទ្រ អោយមានសង្រ្គោះជាតិ។

យួនចូលស្រុក រស់ស្រួលជាងខ្មែរ ចំពោះខ្មែរ ឃើញតែយំរាល់
ថ្ងៃ។

Jan 13, 2018 10:33 PM

អ្នក​អាន​អនាមិក

ក្រុមចោរប្លន់សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋកន្លះប្រទេស ពូកែចោទមួលបង្កាច់ណាស់
សូមកុំភ្លេច អំពើអាក្រក់ របស់បក្សពួកតាចាស់ហ៑ុន សែន (អីឡូវថែម) ហ៑ុន ម៉ាណែត មួយទៀត កំពុងស្អុយឈ្មោះនៅលើឆាកជាតិ និងឆាកអន្តរជាតិិហើយ !
ធ្វើមនុស្សអោយគេគោរព មិនមែនអោយគេខ្លាចនោះទេ
សូមជំរាបអំពើថោកទាបមិនអាចលាក់បាំងជិតឡើយ សម័យនេះវិទ្យាសាស្ត្រទំនើប ភ្នែកទិព្វ ត្រចៀកទិព្វ !

Jan 13, 2018 09:50 PM

កូនកម្ពុជា

ប្រជាពលរដ្ឋ មន្ត្រីរាជការប្រជាធិបតេយ្យ មើលឃើញថា បក្សពួកលោក ហ៑ុន សែន ប្រើល្បិចទុច្ចរឹត កំចាត់គូប្រកួតបក្សសង្គ្រោះជាតិដែលមានប្រជាប្រីយជាងលោក ហ៑ុន សែន

Jan 13, 2018 11:31 AM

អ្នក​អាន​អនាមិក

គឹតៗទៅ ពួកពុករលួយ លក់ជាតិ សុខ អីសាន ធ្វើខុសច្បាប់ខ្លួនអែង ( កែច្បាប់រដ្ឋធម្មនុញ្ញសន្ធិសញ្ញា សន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣តុលា១៩៩១ ដោយចិត្តអែង ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយបានសំញ៉ែងកាំភ្លើងគ្រប់ធុន គំរាមអោយគេមើលទៀត ) បែរជាមកចោទអ្នកប្រជាធិបតេយ្យទៅវិញ .
** នេះគេហៅថា ធ្វើចោរ ស្រែកចាប់ចោរ ! **

Jan 13, 2018 10:31 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល