រដ្ឋាភិបាល​ប្រកាស​ចាប់​អ្នក​ក្លែង​ឯកសារ​ស្ទង់​មតិ​របស់ IRI

រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​​របាយការណ៍​ស្ទង់​មតិ​​អ្នក​បោះ​ឆ្នោត​មួយ ដែល​ចេញ​ផ្សាយ​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ត្រូវ​បាន​ក្លែង​ថា ជា​របាយការណ៍​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) ថា បាន​បំផ្លាញ​នូវ​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ដែល​ត្រូវ​មាន​ភាព​សេរី តម្លាភាព ត្រឹមត្រូវ និង​យុត្តិ​ធម៌។

0:00 / 0:00

អង្គភាព​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៧ កក្កដា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ រិះ​គន់​លើ​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អះ​អាង​ថា ជា​ការ​បន្លំ​ឯកសារ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ ហើយ​កំពុង​ត្រូវ​បាន​ចែក​ចាយ​ និង​ឃោសនា​នូវ​ឯកសារ​ក្លែងក្លាយ​ស្តី​អំពី​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ប៉ាន់​ស្មាន​នោះ​ អំពី​ការ​ទទួល​បាន​អាសនៈ​តាម​​រាជធានី និង​ខេត្ត​នីមួយៗ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ ក៏​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​ជន​ក្លែង​បន្លំ​ឯកសារ និង​អ្នក​បន្ត​ប្រើ​ប្រាស់​ឯកសារ​នោះ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​អំពាវ​នាវ​សុំ​ឲ្យ​ជន​រួម​គំនិត​ពាក់ព័ន្ធ​ក្នុង​ការ​ផលិត​ឯកសារ​នេះ​ចេញ​មុខ​សារភាព រាជ​រដ្ឋាភិបាល​មាន​រង្វាន់​ជូន។

ស្រប​ពេល​នេះ​ដែរ អ្នកស្រី ជេស៊ីកា ឃីហ្គែន (Jessica Keegan) ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​​អន្តរជាតិ បាន​ធ្វើ​ការ​​បដិសេធ​លើ​របាយការណ៍​នោះ​ ថា​មិន​មែន​ជា​ឯកសារ​របស់​​វិទ្យាស្ថាន IRI របស់​អ្នកស្រី​នោះ​ទេ។

អ្នកស្រី​បាន​បន្ថែម​ថា វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ធ្លាប់​បាន​ធ្វើ​ការ​ស្ទាប់​ស្ទង់​មតិ​ទាក់​​ទង​នឹង​ការ​បោះ​​ឆ្នោត​តែម្ដង​គត់​នៅ​ដើម​ឆ្នាំ​២០១៣៖ «ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​​អន្តរជាតិ បាន​ធ្វើការ​ស្ទង់​មតិ​តែ​ម្តង់​គត់​​ដែល​បាន​បញ្ចប់​នៅ​ខែ​មករា និង កុម្ភៈ នៅ​ដើម​ឆ្នាំ​នេះ ដែល​អាច​រក​ឃើញ​ក្នុង​គេហទំព័រ​របស់​យើង iri.org។ ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​នៅ​ខែ​ឧសភា។ ដូច្នេះ​យើង​បាន​ធ្វើ​ការ​ស្ទង់​មតិ​នៅ​ខែ​មករា និង កុម្ភៈ ហើយ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ខែ​ឧសភា»

ទោះ​ជា​យ៉ាង​ណា​ក្តី​ អ្នកស្រី​មាន​ប្រសាសន៍​ថា ប្រធាន​វិទ្យាស្ថាន​សាធារណរដ្ឋ​​អន្តរជាតិ នឹង​​មិន​ដាក់​ពាក្យ​បណ្តឹង​​ប្រឆាំង​នឹង​អ្នក​ផលិត​ឯកសារ​ក្លែងក្លាយ​នោះ​ឡើយ។

របាយការណ៍​ស្ទង់​ស្ទាប​មតិ​នោះ បាន​បង្ហាញ​ពី​លទ្ធផល​ស្ទង់​មតិ​អ្នក​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​នយោបាយ​​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។ របាយការណ៍​ស្ទង់​​មតិ​នោះ បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​​អាសនៈ​ចំនួន ៥៩ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ ៦៤ ក្នុង​រដ្ឋ​សភា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​កៅអី ឬ​អាសនៈ លើស​ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៥​អាសនៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។