អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ចេញសេចក្ដីថ្លែងការណ៍ទាំងកណ្ដាលអធ្រាត្រ ថ្ងៃទី២ សីហា ដោយបានថ្កោលទោសចំពោះគណបក្សសង្គ្រោះជាតិ និងអំពាវនាវឲ្យគណបក្សនេះបញ្ឈប់បន្ទាន់ នូវការលាបពណ៌មកលើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច ដោយប្រែក្លាយបទល្មើសព្រហ្មទណ្ឌមកជារឿងនយោបាយ ដែលនាំឲ្យប៉ះពាល់ដល់ឯករាជភាពរបស់ស្ថាប័នតុលាការ។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានការពារគណបក្សប្រជាជនកម្ពុជា ឲ្យរួចផុតពាក្យចោទប្រកាន់គណបក្សសង្គ្រោះជាតិ ដែលថាការចាប់ខ្លួនយុវជនសមាជិកបក្ស ៣រូបដាក់ពន្ធនាគាររបស់តុលាការ គឺជារឿងនយោបាយ ដោយស្ថាប័ននេះ បានចេញមកធានាអះអាងថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមិនស្ថិតនៅពីក្រោយនៃការចាប់ខ្លួននេះទេ។
អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស លោក ទិត សុធា បញ្ជាក់ថា ការឃាត់ខ្លួនយុវជន ៣រូប និងការចេញដីកាកោះហៅបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ៨រូប និងសកម្មជន ១រូបនោះ គឺជាការបន្តការងារនីតិវិធីរបស់តុលាការ។ លោកចាត់ទុកចំណាត់ការរបស់តុលាការនៅពេលនេះជាការប្រព្រឹត្តត្រឹមត្រូវចំពោះបុគ្គលដែលបានប្រព្រឹត្តបទល្មើសជាក់ស្ដែង រំលោភក្រមព្រហ្មទណ្ឌ។ ម្យ៉ាងបទឧក្រិដ្ឋដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ កក្កដា នោះ នៅមិនទាន់ផុតអាជ្ញាយុកាលនៅឡើយ។
លោកក្រើនរំលឹកថា ស្ថាប័នតុលាការមិនស្ថិតនៅចំណុះរាជរដ្ឋាភិបាល ឬគណបក្សណាមួយ ដូចការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនោះទេ។ លោកក៏បានព្រមានថា មុននឹងធ្វើការរិះគន់ទៅលើរាជរដ្ឋាភិបាល ឬគណបក្សកាន់អំណាច គណបក្សសង្គ្រោះជាតិ ត្រូវពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ជាមុនសិន។
លោក ទិត សុធា៖ «មុនចេញសេចក្ដីថ្លែងការណ៍ណាមួយថ្កោលទោសរាជរដ្ឋាភិបាលគួរតែពិចារណាទិដ្ឋភាពផ្លូវច្បាប់។ មួយជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង មួយជាអំណាចឆន្ទានុសិទ្ធិរបស់តុលាការចាត់វិធានការតាមច្បាប់ ហើយរឿងមួយទៀត រាជរដ្ឋាភិបាលអត់មានពាក់ព័ន្ធនឹងរឿងនេះទេ ផុតពីដៃរាជរដ្ឋាភិបាលហើយ»។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីថ្លែងការណ៍កាលពីល្ងាចថ្ងៃទី២ សីហា ដោយចាត់ទុកថា ចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការចាប់ខ្លួនយុវជនគណបក្ស ៣រូប និងការចេញដីកាកោះហៅបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ៨រូប និងសកម្មជនមួយរូបទៀតទៅសាកសួរនោះ គឺជារូបភាពគំរាមកំហែងថ្មីមួយទៀតដែលបក្សប្រជាជនកម្ពុជា ប្រើដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន។
គណបក្សសង្គ្រោះជាតិ ក៏បានទាមទារឲ្យគណបក្សប្រជាជនកម្ពុជា បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការជាមធ្យោបាយក្នុងការបំពេញមហិច្ឆតានិងគោលដៅនយោបាយណាមួយរបស់ខ្លួនទៀត។
មជ្ឈដ្ឋានទូទៅមើលឃើញថា កម្ដៅនយោបាយហាក់ក្ដៅឡើងវិញនេះ នៅខណៈដែលគណបក្សសង្គ្រោះជាតិ បានរៀបចំឯកសារវិសោធនកម្មច្បាប់ដាក់ជូនគណបក្សកាន់អំណាចតាមស្មារតីកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដា ទាក់ទិននឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្សគិតថា ការចាប់ខ្លួនយុវជន ៣នាក់របស់គណបក្សប្រឆាំងនៅពេលនេះ ទំនងជាចំណាប់ខ្មាំងថ្មីដែលបក្សកាន់អំណាចប្រើប្រាស់ជាយុទ្ធសាស្ត្របង្ខំឲ្យបក្សប្រឆាំងព្រមចូលស្បថក្នុងព្រះបរមរាជវាំង ហើយពួកគេទំនងជាអាចនឹងត្រូវដោះលែងភ្លាមៗដែរ ប្រសិនបើបក្សប្រឆាំងព្រមស្បថចូលសភាមែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
