មន្ត្រី​រដ្ឋាភិបាល៖ បក្ស​ប្រឆាំង​ទាមទារ​ប្រយោជន៍​ច្រើន​ធ្វើ​ឲ្យ​ការ​ចរចា​បរាជ័យ

0:00 / 0:00

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា ការ​ទាមទារ​ចង់​បាន​ផលប្រយោជន៍​ហួសហេតុ​ពេក ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជំនួប​រវាង​មន្ត្រី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៦ និង ១៧ កញ្ញា មិន​ទទួល​លទ្ធផល​ជា​ដុំកំភួន។ ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​គម្រោងការ​របស់​បក្ស​ប្រឆាំង​ដែល​ប្រកាស​ធ្វើ​ពហិការ​មិន​ព្រម​ចូល​រួម​ប្រជុំ​សភា​នីតិកាល​ទី​៥ ជា​លើក​ដំបូង។

មន្ត្រី​រដ្ឋាភិបាល​ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ​អ្នក​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​បញ្ហា​នយោបាយ ដោយ​មិន​ព្រម​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត ហើយ​ក្នុង​ពេល​ចរចា​កន្លង​ទៅ បក្ស​ប្រឆាំង​ទាមទារ​ប្រយោជន៍​ច្រើន​ហួសហេតុ​ពេក​ពី​បក្ស​កាន់​អំណាច។

អនុ​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស លោក កែវ រ៉េមី កាល​ពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​ប្រើ​​លេស​គ្រប់​បែប​យ៉ាង​ចាប់​គណបក្ស​ឈ្នះ​ឆ្នោត​ជា​ចំណាប់​ខ្មាំង ដើម្បី​ទាមទារ​ផលប្រយោជន៍។ លោក​បន្តថា គណបក្ស​កាន់​អំណាច​ពិត​ជា​មិន​អាច​ព្រម​តាម​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ​ដែរ។ លោក​បញ្ជាក់​ថា ការ​ប្រជុំ​សភា​ជា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក បើ​ទោះ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​ការ​ចរចា​ជាប់​គាំង​ក៏ដោយ។

នៅ​ពេល​ដែល​អ្នក​កាសែត​ចោទ​សួរ​ថា តើ​បក្ស​ប្រឆាំង​ទារ​អ្វី​ខ្លះ? លោក កែវ រ៉េមី បដិសេធ​មិន​បកស្រាយ​ទេ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា រង់ចាំ​ការវិវត្តន៍​នៃ​ស្ថានការណ៍​នយោបាយ​សិន។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ទាមទារ​អំណាច ឬ​បុណ្យ​សក្ដិ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ឡើយ។ លោក​បន្ត​ថា បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​រឿង​តែ​ម្យ៉ាង​គត់ គឺ​ទាមទារ​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត ប៉ុន្តែ​លោក​បដិសេធ​មិន​តប​សម្ដី​ចំពោះ​លោក កែវ រ៉េមី វិញ​ឡើយ។

ជំនួប​រវាង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៉ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន នៅ​តែ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​មន្ទិល​សង្ស័យ។ ជំនួប​លើក​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា គណបក្ស​ទាំង​ពីរ​ចរចា​គ្នា​បិទ​ទ្វារ​រយៈពេល​ជាង ៥​ម៉ោង បាន​ព្រមព្រៀង​គ្នា​លើ​៣​ចំណុច គឺ​បញ្ឈប់​ប្រើ​អំពើ​ហិង្សា ព្រមព្រៀង​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​បន្ត​ចរចា​ទៀត។ ជំនួប​លើក​ទី​២ នៅ​មួយ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា មន្ត្រី​គណបក្ស​ទាំង​ពីរ​ញញឹមញញែម​ដាក់​គ្នា​និយាយ​ទៅ​កាន់​អ្នក​កាសែត​ថា កាន់​តែ​មាន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក។

មន្ត្រី​បក្ស​ប្រឆាំង​ដែល​ធ្លាប់​តែ​ទម្លាយ​ប្រាប់​អ្នក​កាសែត​ពី​របៀបវារៈ​នៃ​ជំនួប និង​បញ្ហា​ដែល​កើត​មាន​នោះ បែរ​ជា​មិន​ប្រាប់​អ្នក​កាសែត​ដូច​សព្វដង​ទេ។

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហើប​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រៅ​ផ្លូវ​ការ​ថា បក្ស​ប្រឆាំង​ទាមទារ​គ្រប់គ្រង​សភា និង​មាន​បំណង​ចង់​គ្រប់គ្រង​ក្រសួង​សំខាន់ៗ​មួយ​ចំនួន។ ប៉ុន្តែ​ទាំង​លោក សម រង្ស៉ី និង​លោក កឹម សុខា បដិសេធ​ពី​រឿង​នេះ ដោយ​បញ្ជាក់​ប្រាប់​ថា ​អ្នក​ទាំង​២​ចង់​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ជា​មុន​សិន។

គណបក្ស​សង្គ្រោះ​ជាតិ ថែម​ទាំង​ប្រមូល​តំណាងរាស្ត្រ​ទាំង​អស់​ទៅ​ជួបជុំ​គ្នា​នៅ​ខេត្ត​សៀមរាប រយៈពេល​បី​ថ្ងៃ ដើម្បី​គេច​ពី​ការ​ចូលរួម​ប្រជុំ​សភា​ជា​លើក​ដំបូង​សម្រាប់​នីតិកាល​ទី​៥ ទៀត​ផង។

អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច យល់​ថា ការ​ពិភាក្សា​របស់​អ្នក​នយោបាយ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​មិន​មាន​តម្លាភាព​ទេ។ លោក​បន្ត​ថា អ្នក​នយោបាយ​ទាំង​នេះ​ព្យាយាម​លាក់បាំង​ការ​ពិត​ថា​ក្រុម​ខ្លួន​ចង់​បាន​អ្វី​ខ្លះ ចរចា​សម្រាប់​អ្នក​ណា ហើយ​ចុង​ក្រោយ បើ​ចរចា​បាន​សម្រេច តើ​ផលប្រយោជន៍​បាន​លើ​អ្នក​ណា? លោក​បន្ថែម​ថា គណបក្ស​ប្រឆាំង​ត្រូវ​ប្រាប់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ច្បាស់​និង​អស់​សង្ស័យ ព្រោះ​ពលរដ្ឋ​គាំទ្រ​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម គាត់​ពិត​ជា​ចង់​បាន​នូវ​អ្វី​ដែល​គេ​ហៅ​ថា​យុត្តិធម៌។

ប្រធាន​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​ពន្យារ​ពេល​បើក​កិច្ចប្រជុំ​សភា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ មេ​បក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា បើ​សិន​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដោយ​គ្មាន​បេក្ខជន​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ។ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​លើក​ឡើង​នូវ​មាត្រា​ចំនួន ៥ ក្នុង​រដ្ឋធម្មនុញ្ញ​ថ្វាយ​ព្រះមហាក្សត្រ​ដែល​ចែង​ទាក់ទិន​នឹង​ព្រះរាជ​តួនាទី​ព្រះមហាក្សត្រ​ក្នុង​ខណៈ​ដែល​កម្ពុជា ប្រកាន់​យក​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។

រី​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជទាន​ពន្យារ​ពេល​ប្រជុំ​សភា​ជា​លើក​ដំបូង​សម្រាប់​អាណត្តិ​ទី​៥។ ចំណែក​គណបក្ស​កាន់​អំណាច​វិញ បាន​រៀបចំ​ចាត់ចែង​សព្វ​សារពើ​សម្រាប់​បើក​កិច្ចប្រជុំ​សភា​ជា​លើក​ដំបូង។ រដ្ឋ​សភា​ចាប់​ផ្ដើម​ចែក​ប័ណ្ណ​ចូល​យក​ព័ត៌មាន​ជូន​អ្នក​កាសែត រៀបចំ​កន្លែង​ប្រជុំ ត្រៀម​ឡាន​ដឹក​សមាជិក​សភា​ចូល​វាំង និង​ផ្តើម​ចាត់ចែង​សណ្ដាប់ធ្នាប់ កម្លាំង​ការពារ​រដ្ឋ​សភា​ថែម​ទៀត។ នៅ​ជុំវិញ​ព្រះបរមរាជវាំង​វិញ អាជ្ញាធរ​ក្រុង​បាន​ដាក់​ពង្រាយ​របាំង​ដែក លួស​បន្លា និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់ ដោយ​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់​មុខ​ព្រះបរមរាជវាំង​ឡើយ។

អ្នក​ជំនាញ​ផ្នែក​នយោបាយ​និង​សង្គម លើក​ឡើង​ស្រដៀង​គ្នា​ថា គណបក្ស​ទាំង​ពីរ​កំពុង​បង្ក​ការ​លំបាក​ដល់​អង្គ​ព្រះមហាក្សត្រ និង​បាន​បន្ថយ​ឥទ្ធិពល​នៃ​ព្រះបរមរាជវាំង។

គណបក្ស​ប្រឆាំង​មិន​ចូល​រួម​ប្រជុំ​សភា ដោយ​អាង​លើ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា កម្ពុជា​ជា​ប្រទេស​កាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ចំណែក​បក្ស​កាន់​អំណាច​មិន​ព្រម​បង្កើត​គណៈកម្មការ​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ទោះ​បី​ពលរដ្ឋ​ស្នើ​សុំ​រឿង​នេះ​ថ្វាយ​ព្រះមហាក្សត្រ​ក្តី ថែម​ទាំង​លើក​កម្លាំង​ព័ទ្ធ​ព្រះរាជវាំង មិន​ឲ្យ​ពលរដ្ឋ​បាន​ទៅ​ជិត​ទៀត ទោះ​បី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ស្រលាញ់​ស្ដេច​ផែនដី​ស្មើ​នឹង​ជីវិត​ក៏ដោយ។

អ្នក​ជំនាញ​បញ្ជាក់​ថា ការ​ចូល​ប្រជុំ​សភា​តែ​ឯក​បក្ស នឹង​នាំ​មក​នូវ​បញ្ហា​មួយ​ចំនួន រួម​មាន​អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​អាច​ប្រឈម​ការ​ហ៊ុមព័ទ្ធ ឬ​រង​សម្ពាធ​ពី​អន្តរជាតិ​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ ដូចជា​អាមេរិក សហគមន៍​អឺរ៉ុប​ជាដើម បង្ក​ឲ្យ​ពលរដ្ឋ​មាន​ក្តី​កង្វល់ ភ័យខ្លាច និង​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​សេដ្ឋកិច្ច​សង្គម នយោបាយ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។