មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា សេចក្ដីថ្លែងការណ៍នេះជាការពញ្ញាក់អារម្មណ៍បឋមមួយដោយសន្តិវិធី និងដោយអំណាចនៃច្បាប់ទៅដល់ប្រជាពលរដ្ឋដែលនិយមសម្ដែងមតិតាមប្រព័ន្ធផ្សព្វផ្សាយនានា។
រដ្ឋាភិបាលបង្ហាញថា ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមួយចំនួនតាមប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានជ្រុលជ្រួសនាំឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។
ការចង្អុលបង្ហាញបែបនេះ គឺតាមរយៈសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយជាសាធារណៈនៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃទី១៩ កញ្ញា ថា ថ្មីៗនេះស្ថាប័នជាតិ រាប់ទាំងស្ថាប័នរាជបល្ល័ង្ក ត្រូវបានប្រមាថ វាយប្រហារ ហាក់បីដូចជាហួសពីច្បាប់ដែលបានធានា។
លោកបញ្ជាក់ថា រដ្ឋាភិបាលនៅពេលនេះគ្រាន់តែជម្រាបជូនជាព័ត៌មានដើម្បីឲ្យផ្អាក ឬបន្ថយសកម្មភាពវាយប្រហារទៅលើអង្គព្រះមហាក្សត្រ៖ «ជាការពញ្ញាក់អារម្មណ៍មួយដោយសន្តិវិធី និងដោយអំណាចនៃច្បាប់ទាំងអស់គ្នាស្ថិតនៅក្នុងសង្គមប្រជាធិបតេយ្យ ស្ថិតក្នុងនីតិរដ្ឋ នីតិរដ្ឋរបស់យើងស្ថិតក្នុងរដ្ឋធម្មនុញ្ញ។ យើងដឹងហើយអង្គព្រះមហាក្សត្រជាអង្គខ្ពស់ជាងគេ ដើម្បីសន្តិភាព ឯកភាពជាតិ ដូច្នេះអ្វីដែលសម្រេចដោយព្រះមហាក្សត្រត្រូវតែគោរពតាម»។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុក បានរិះគន់ដល់តួនាទីរបស់ព្រះមហាក្សត្រក្នុងការសម្របសម្រួលរកដំណោះស្រាយនៃការជាប់គាំងនយោបាយក្រោយការបោះឆ្នោត។ ជាពិសេសរិះគន់ចំពោះការកោះប្រជុំសភាអាណត្តិទី៥ ជាលើកដំបូង ស្របពេលដែលគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋជាច្រើនម៉ឺននាក់បានធ្វើមហាបាតុកម្មអហិង្សាទាមទាររកយុត្តិធម៌ និងតម្លាភាពជុំវិញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ។
សេចក្ដីថ្លែងការណ៍ដដែលបានផ្អែកទៅលើមាត្រា៧ និងមាត្រា៨ នៃរដ្ឋធម្មនុញ្ញ ដែលបានចែងថា អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រទ្រង់គង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ជាអ្នកធានាឯករាជ្យជាតិ អធិប្បតេយ្យ បូរណភាពទឹកដី និងជាអ្នកធានានូវការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។
ពន្យល់ចំពោះបញ្ហានេះ មេធាវី ហង្ស គឹមសួន មានប្រសាសន៍ថា គេត្រូវតែញែកឲ្យដាច់ពីគ្នារវាងការមើលងាយ រំលោភបំពាន និងការរិះគន់ដើម្បីស្ថាបនាកែលំអលើបញ្ហាអ្វីមួយ៖ «យើងត្រូវវិភាគទៅលើពាក្យហ្នឹង ថាតើពាក្យហ្នឹងវាដល់ថ្នាក់រំលោភបំពានដែរឬអត់? តែបើគ្រាន់តែជាការវិភាគ ជាការយល់ឃើញរបស់គេនោះ មិនមែនជាការរំលោភបំពានទេ»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមឲ្យរក្សាសេចក្ដីថ្លៃថ្នូរ លើកតម្កើងអង្គព្រះមហាក្សត្រ និងគោរពរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
