មន្ត្រី​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ចុះ​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន

0:00 / 0:00

រាជរដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួត​ពិនិត្យ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​ត្រួត​ពិនិត្យ​និង​គាំទ្រ​យុទ្ធសាស្ត្រ​នេះ។

ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ទាំង ២៥ រាជធានី ខេត្ត ទូទាំង​ប្រទេស មាន​សមាសភាព​ជាង ៣០​រូប ក្នុង​មួយ​ក្រុមៗ។ ក្រុម​ខ្លះ ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ហើយ​ក្រុម​ខ្លះ​ទៀត​ក៏​ដឹក​នាំ​ដោយ​ឧត្ដមសេនីយ៍​​យោធា​ដែរ។ ក្រុម​ការងារ​ទាំង​នោះ​មាន​ភារកិច្ច​ចម្បង គឺ​បង្ខិត​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​នៅ​ជិត​រាស្ត្រ​តូចតាច ។

គណៈរដ្ឋមន្ត្រី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​កិច្ច​ប្រជុំ​ចង្អៀត​មួយ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ដោយ​កំណត់​ថា ក្រុម​ការងារ​ចម្រុះ​ចុះ​មូលដ្ឋាន​របស់​រដ្ឋាភិបាល នឹង​ចុះ​មូលដ្ឋាន​ទៅ​ដល់​មូលដ្ឋាន​នៅ​ចុង​សប្ដាហ៍​ទី​២ ខែ​កុម្ភៈ នេះ។ ក្រុម​ការងារ​ទាំង​នោះ​នឹង​ចុះ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​ខេត្ត ក្នុង​បំណង​ប្រមូល​មតិ​យោបល់ និង​សេចក្ដី​ត្រូវការ​របស់​ពលរដ្ឋ។

នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី មន្ត្រី​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ពន្យល់​ថា ការងារ​អាទិភាព​ដំបូង​គេ​បង្អស់​របស់​ក្រុម​ការងារ​ចុះ​មូលដ្ឋាន គឺ​ជា​ការ​បង្ខិត​គម្លាត​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ទៅ​កៀក​នឹង​ពលរដ្ឋ​តាម​ជនបទ។ ហើយ​ពេល​នេះ ការិយាល័យ​ធ្វើ​ការ​របស់​មន្ត្រី​រដ្ឋាភិបាល មិន​មែន​ផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ទៀត​ទេ។

លោក​បន្ត​ថា ក្រុម​ការងារ​រដ្ឋាភិបាល​ប្រមូល​មតិ​រាស្ត្រ​ដោះស្រាយ​បញ្ហា​ជូន​រាស្ត្រ ប៉ុន្តែ​មិន​លូក​ដៃ​ត្រួតត្រា​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ថ្នាក់​មូលដ្ឋាន​ទេ។ លោក​បញ្ជាក់​ថា គោលដៅ​សំខាន់​នៃ​ក្រុម​ការងារ គឺ​កាត់​បន្ថយ​ការិយាធិបតេយ្យ បោស​សំអាត​អំពើ​ពុករលួយ​ថ្នាក់​ក្រោម និង​ពង្រឹង​សេវា​សាធារណៈ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក ផៃ ស៊ីផាន រំពឹង​ថា ក្រុម​ការងារ​ចុះ​មូលដ្ឋាន​នឹង​សម្រេច​បាន​លទ្ធផល​ផ្លែផ្កា​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់ ហើយ​សង្ឃឹម​ថា បាន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ពលរដ្ឋ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា ក្រុម​ការងារ​នេះ​មិន​មែន​ធ្វើ​ការ​ដើម្បី​បក្ស​ទេ តែ​ជា​ប្រយោជន៍​ជាតិ​ទាំង​មូល​តែម្ដង។

ទាក់ទង​នឹង​ការ​បង្កើត​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​នេះ ប្រិយមិត្ត​អ្នក​ស្ដាប់​ដែល​ទូរស័ព្ទ​ចូល​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ចំនួន ៣​នាក់ សុទ្ធ​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​ថា ពួក​គាត់​មិន​មាន​ជំនឿ​ចិត្ត​លើ​ក្រុម​ការងារ​នេះ ថា​នឹង​បំពេញ​ការងារ​បាន​ល្អ​ឡើយ។

លោក ផៃ ស៊ីផាន ឆ្លើយ​វិញ​ថា រដ្ឋាភិបាល​បាន​ប្ដេជ្ញា​រួច​ហើយ ដើម្បី​កែ​លម្អ​កំហុស​ឆ្គង​របស់​ខ្លួន​ឈាន​ទៅ​បំពេញ​ចិត្ត​ម្ចាស់​ឆ្នោត។

យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ព្រមាន​ថា ភាព​ជោគជ័យ​និង​បរាជ័យ​របស់​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​នេះ គឺ​ស្ថិត​នៅ​លើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទាំង​មូល​តែម្ដង។ លោក​បន្ត​ថា បើ​រៀបចំ​ផែនការ​សកម្មភាព​មិន​ច្បាស់ ក្រុម​ការងារ​ទាំង​នេះ​នឹង​ជាន់​ការងារ​គ្នា​ជាមួយ​ក្រុម​ប្រឹក្សា​ស្រុក​ខេត្ត ដែល​កំពុង​តែ​បំពេញ​តួនាទី​របស់​ខ្លួន​តាម​ច្បាប់ និង​គោល​នយោបាយ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ។ លោក​បញ្ជាក់​ថា ក្រុម​ការងារ​ចុះ​មូលដ្ឋាន​ទាំង​នេះ នឹង​បរាជ័យ​បើ​សិន​ណា​ហ៊ាន​យក​តួនាទី​ថ្នាក់​ជាតិ​នេះ​ទំនុក​បម្រុង​បក្ស​កាន់​អំណាច។

កន្លង​ទៅ​មន្ត្រី​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បាន​ចាត់ចែង​រៀបចំ ចាត់តាំង​ក្រុម​ការងារ​ពង្រឹង​គណបក្ស​ចុះ​មូលដ្ឋាន​ក្នុង​ថ្ងៃ​សម្រាក​បុណ្យទាន ឬ​សៅរ៍ អាទិត្យ។ ក្រុម​ការងារ​ចាស់​នោះ​មាន​តួនាទី​សំខាន់ គឺ​វាយ​បក​គោលនយោបាយ​បក្ស​ប្រឆាំង និង​បំពាក់​បំប៉ន​សកម្មជន​បក្ស រួម​ទាំង​ប្រមូល​ផ្តុំ​សមាជិក​ថ្មី ប៉ុន្តែ​ក្រុម​ការងារ​នេះ​មិន​បាន​ទទួល​ជោគជ័យ​ទេ តាម​រយៈ​ការ​ធ្លាក់​សំឡេង​ឆ្នោត​ជាង ២០​អាសនៈ​ក្នុង​រដ្ឋ​សភា​នៅ​អាណត្ត​ទី​៥​នេះ។

ក្រុម​ការងារ​ចុះ​មូលដ្ឋាន​របស់​រដ្ឋាភិបាល មាន​សមាសភាព​ពី​គ្រប់​ក្រសួង​នានា ហើយ​បែង​ចែក​តាម​គោលដៅ​ខេត្ត​នីមួយៗ។ ប៉ុន្តែ​ក្រុម​ការងារ​ចុះ​មូលដ្ឋាន មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចាយ​លុយ​ជាតិ​បន្ថែម​ទេ គឺ​ពួក​គេ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​សាមី​នីមួយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។