មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ប្រកាសថា រដ្ឋាភិបាលកំពុងពិចារណាធ្វើសេចក្ដីព្រាងច្បាប់ហាមឃាត់អ្នកនយោបាយដែលមានសញ្ជាតិពីរមិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតអាណត្តិក្រោយៗ។
មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលមានសញ្ជាតិពីរ ត្រៀមនឹងលះបង់សញ្ជាតិមួយ ប្រសិនបើរដ្ឋាភិបាលបង្កើតច្បាប់ ដើម្បីហាមឃាត់លោកមិនឲ្យក្លាយជាមេដឹកនាំប្រទេសទៅថ្ងៃក្រោយ។
លោក ជាម យៀប តំណាងរាស្ត្រជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា មូលហេតុដែលសមាជិកសភាគណបក្សប្រជាជនកម្ពុជា ចង់ហាមឃាត់អ្នកនយោបាយដែលមានសញ្ជាតិពីរធ្វើជានាយករដ្ឋមន្ត្រី ដោយសារបារម្ភថា អ្នកទាំងនោះមិនគិតប្រយោជន៍ជាតិជាធំ។
លោក ជាម យៀប បន្តថា ច្បាប់នេះទាមទារវេលាសិក្សាលម្អិតជាមុនសិន៖ «យើងពិនិត្យមើលការរីកចម្រើននៅក្នុងប្រទេសបច្ចុប្បន្ន យើងពិនិត្យគ្រប់ជ្រុងជ្រោយ ដូចថា ច្បាប់ ឧបមាថា នាយករដ្ឋមន្ត្រីដែលមានសញ្ជាតិ ២ ដូចថា សញ្ជាតិខ្មែរនិងថៃ។ ប្រសិនបើយើងឈ្លោះគ្នាជាមួយថៃ តើនាយករដ្ឋមន្ត្រី អាចកាន់ជើងខាងណា មានជំហរខាងណា? អ៊ីចឹងបញ្ហានេះពិបាកណាស់ ម្ល៉ោះហើយយើងចង់បាននាយករដ្ឋមន្ត្រី និងសភាមានសញ្ជាតិតែមួយ»។
គណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយអះអាងថា សេចក្ដីព្រាងច្បាប់របស់គណបក្សប្រជាជនកម្ពុជា នឹងមិនប៉ះពាល់ទៅដល់មេដឹកនាំគណបក្សប្រឆាំងក្នុងការដឹកនាំប្រទេសទៅថ្ងៃអនាគតឡើយ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានសញ្ជាតិបារាំង កាលពីថ្ងៃអង្គារ ទី១១ មីនា មានប្រសាសន៍ថា លោកនឹងអាចពិចារណាលះបង់ចោលសញ្ជាតិបារាំង ប្រសិនបើច្បាប់នេះចូលជាធរមាន៖ «ចំពោះខ្ញុំអត់មានអ្វីដែលខ្ញុំចង់រក្សាទុកទេ សូម្បីតែជីវិតខ្ញុំក៏ខ្ញុំហ៊ានលះបង់ដែរ ដូចនេះរឿងសញ្ជាតិ រឿងលិខិតឆ្លងដែន គឺជារឿងតិចតួច រឿងកំប៉ិកកំប៉ុក។ អ្វីសំខាន់គឺយើងត្រូវសង្គ្រោះជាតិយើង យើងលះបង់អ្វីគ្រប់សព្វបែបយ៉ាង ដូច្នេះរឿងសញ្ជាតិ២ សម្រាប់ខ្ញុំ មិនសំខាន់ទេ ខ្ញុំចង់លះបង់ ខ្ញុំចង់ប្រកាសយ៉ាងម៉េចក៏បានដែរឲ្យតែជាតិបានរស់ ឲ្យតែរំដោះប្រទេសយើងពីក្រញាំពួកបំផ្លាញជាតិ ដូចក្រុមលោក ជាម យៀប នេះ...»។
លោក សម រង្ស៊ី បានភៀសខ្លួនទៅរស់នៅប្រទេសបារាំង កាលពីឆ្នាំ១៩៦៥។ លោកនិងក្រុមគ្រួសារបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលប្រឡូកក្នុងឆាកនយោបាយកាលពីឆ្នាំ១៩៩៣។ លោក សម រង្ស៊ី មានសញ្ជាតិបារាំង។
លោកបន្តថា គម្រោងរបស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ប្រហែលជាអាចប៉ះពាល់ដល់ស្ថាប័នព្រះមហាក្សត្រផងដែរ៖ «ខ្ញុំយល់ថា លោក ជាម យៀប មិនមែនសំដៅមកលើខ្ញុំទេ លោក ជាម យៀប ដែលជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចង់សំដៅលើព្រះមហាក្សត្រ ពីព្រោះព្រះមហាក្សត្រ ព្រះនរោត្តម សីហមុនី លោកមានសញ្ជាតិ២ លោកមានលិខិតឆ្លងដែនបារាំង ដូចនេះ រឿងខ្ញុំមិនសំខាន់ទេ គឺគាត់និយាយនេះ គឺប៉ះពាល់ព្រះមហាក្សត្រតែម្ដង។ ប៉ុន្តែអ្វីដែលសំខាន់ យើងមើលខាងលើសិន បើថា ព្រះមហាក្សត្រមានសញ្ជាតិ២បាន លោកធ្វើស្ដេចបាន ដូច្នេះរឿងដទៃទៀតមិនសំខាន់ដូចព្រះមហាក្សត្រទេ...»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីព្រះបរមរាជវាំង ដើម្បីឆ្លើយតបនឹងគម្រោងសមាជិករដ្ឋសភាគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ។ មេដឹកនាំគណបក្សផ្សេងទៀត ក៏អាចប៉ះពាល់ដោយសារច្បាប់នេះដែរ។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលទើបប្រកាសនឹងចូលរួមឆាកនយោបាយឡើងវិញ ដើម្បីគណបក្សថ្មីមួយឈ្មោះ «គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» ក៏មានសញ្ជាតិពីរដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គមឯករាជ្យនៅកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់មិញថា រដ្ឋាភិបាលកម្ពុជា មិនគួរផ្ដោតយកចិត្តទុកដាក់រឹតត្បិតលើតែអ្នកនយោបាយទេ ប៉ុន្តែពង្រឹងច្បាប់នេះលើមន្ត្រីជាន់ខ្ពស់យោធាផងដែរ៖ «ប្រទេសយើងត្រូវជ្រើសរើស ដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី គេមានសញ្ជាតិតែមួយទេ គឺច្បាប់គេចែងច្បាស់ថា ប្រជាពលរដ្ឋរបស់គេមានសញ្ជាតិតែមួយទេ ហើយប្រសិនបើនរណាមានសញ្ជាតិ២ ត្រូវជ្រើសរើសទៅយកសញ្ជាតិបរទេស ឬយកសញ្ជាតិរបស់ប្រទេសខ្លួនឯង។ ខ្មែរយើងគួរធ្វើអ៊ីចឹង ឲ្យជ្រះស្រឡះថ្ងៃក្រោយទៅ។ ឥឡូវថា នាយករដ្ឋមន្ត្រី ហើយថ្ងៃក្រោយអាចនិយាយពីរដ្ឋមន្ត្រី ឬមេដឹកនាំទ័ព ឬចៅហ្វាយខេត្ត...»។
សមាជិកគណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់ធ្វើសេចក្ដីព្រាងច្បាប់មួយចំនួន ដើម្បីរឹតត្បិតលើអ្នកនយោបាយមាននិន្នាការប្រឆាំងរដ្ឋាភិបាល។ កាលពីឆ្នាំ២០០៦ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើច្បាប់ឯកពន្ធភាព ដើម្បីដាក់សម្ពាធទៅលើព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។
ក្រោយពីច្បាប់នេះចូលជាធរមាន ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានលាលែងពីប្រធានរដ្ឋសភា។ កាលពីឆ្នាំ២០១៣ តំណាងរាស្ត្រគណបក្សកាន់អំណាចក៏បានផ្ដើមធ្វើច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ក៏ដើម្បីដាក់គំនាបនយោបាយប្រឆាំងនឹងមេដឹកនាំគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
