រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ពង្រឹងការការពារសន្តិសុខសុវត្ថិភាពជូនឥស្សរជននយោបាយគ្រប់និន្នាការឲ្យមានប្រសិទ្ធភាពជាងមុន។ ការដាក់ចេញបទបញ្ជានេះ នៅបន្ទាប់ពីមានអំពើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ អង្គការសង្គមស៊ីវិល និងអ្នកនយោបាយមួយចំនួនរិះគន់ថា បទបញ្ជានេះពុំសូវមានប្រសិទ្ធភាពនោះទេ។
លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឲ្យដឹងថា ដើម្បីចូលរួមថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម សំដៅលើកកម្ពស់ការលើកស្ទួយការគោរពសិទ្ធិមនុស្ស ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា នោះ ក្រសួងមហាផ្ទៃ សូមណែនាំដល់អភិបាលខេត្តនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវចាត់វិធានការឲ្យបានសមស្រប និងប្រកបដោយប្រសិទ្ធភាពក្នុងការពង្រឹងការពារសន្តិសុខ និងសុវត្ថិភាពជូនឥស្សរជននយោបាយគ្រប់និន្នាការ អ្នកការទូត និងធុរជនដែលកំពុងរស់នៅ ឬបំពេញបេសកកម្មការងារនៅតាមមូលដ្ឋាននានា នៅតាមរាជធានីខេត្តរបស់ខ្លួន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ លើកឡើងថា លិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពេលនេះ គឺជាការក្រើនរំលឹកដាស់តឿនជាថ្មីដើម្បីកុំឲ្យមានការធ្វេសប្រហែសឆកល្វែងបណ្ដាលឲ្យមានអំពើហិង្សា ដូចករណីវាយតប់លើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ ទន្ទឹមនេះ លោកទទូចឲ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់គួរតែសហការជាមួយអាជ្ញាធរផងមុនចុះមូលដ្ឋានម្តងៗ៖ «អ្នកនយោបាយគ្រប់និន្នាការ អង្គការ អិន.ជី.អូ (NGO) ក្តី ដែលធ្វើដំណើរបំពេញបេសកកម្មទូទាំងបរទេស សូមឲ្យអាជ្ញាធរបានដឹងផង»។
អភិបាលខេត្តព្រៃវែង លោក ហាស់ សារ៉េត មានប្រសាសន៍ថា លោកមិនទាន់បានឃើញលិខិតរបស់ក្រសួងមហាផ្ទៃ នៅឡើយទេ ប៉ុន្តែលោកបញ្ជាក់ថា គណៈបញ្ជាការឯកភាព គឺបានយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ។
ទាក់ទិននឹងការពារសន្តិសុខសុវត្ថិភាពជូនឥស្សរជននយោបាយគ្រប់និន្នាការនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងសរសើរគណៈបញ្ជាការខេត្តទាំងអស់ថា បានបំពេញតួនាទីភារកិច្ចល្អដដែល។ លោកអះអាងថា គណបក្សប្រជាជនកម្ពុជា មិនដែលជួបបញ្ហាអ្វីនោះទេពេលចុះមូលដ្ឋានម្តងៗ៖ «សម្ដេចក្រឡាហោម គាត់ចេញសារាចរនេះ គឺដើម្បីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គាត់ស្ងប់អារម្មណ៍។ តាមពិត ខ្ញុំចុះទៅ មិនដែលយកអ្នកទៅទេ ហើយក៏មិនដែលប្រាប់ខេត្តប្រាប់ស្រុកអីដែរ ដូចជាមិនមានអីប្លែកផង»។
ផ្ទុយពីការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ នៅតែជួបបញ្ហារំខានយាយីជាញឹកញាប់ពេលចុះជួបប្រជាពលរដ្ឋម្តងៗ លោកនៅតែព្រួយបារម្ភថា បទបញ្ជានេះអាចពុំសូវមានការអនុវត្តពេញលេញនោះទេ៖ «ប្រសិនបើរឿងរ៉ាវកើតឡើងមិនមែនដោយចៃដន្យ ឬមានការរៀបចំទុកជាមុន គឺអាជ្ញាធរមិនរវីរវល់ដោះស្រាយបញ្ហានោះឡើយ ហើយបណ្តោយឲ្យក្រុមមួយទៀតអុកឡុក ឬរំខានទៅលើបរិយាកាសដែលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចុះទៅសំណេះសំណាលហ្នឹង»។
កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប ត្រូវបានក្រុមជនដៃដល់មួយក្រុមព្រួតវាយអោយរបួសធ្ងន់នៅមុខរដ្ឋសភា ហើយកាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ ប្រជាពលរដ្ឋមួយក្រុមនៅខេត្តឧត្តរមានជ័យ ក៏បាននាំគ្នាជិះគោយន្តរារាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនអោយឃោសនានយោបាយនៅក្នុងតំបន់ពួកគេដែរ។ ករណីនេះ លោក អេង ឆៃអ៊ាង រិះគន់អាជ្ញាធរថា មិនបានចាត់វិធានការការពារ និងរៀបចំសណ្ដាប់ធ្នាប់ឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពេញលេញនោះទេ។
ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ យល់ឃើញថា បទបញ្ជាការពារសន្តិសុខសុវត្ថិភាពជូនឥស្សរជននយោបាយគ្រប់និន្នាការនេះ នៅមិនទាន់ប្រសិទ្ធភាពនោះទេ ព្រោះថា ថ្នាក់ដឹកនាំមិនទាន់ក្លាយជាគំរូល្អកុំអោយមានការរើសអើងនយោបាយនៅឡើយ៖ «បើថ្នាក់លើរើសអើងនយោបាយ អ៊ីចឹងហើយបានជាអ្នកក្រោមគិតថា បើវាយគ្នាគាត់ទើបគាត់ការពារ ហើយបើវាយអ្នកដទៃ គាត់អត់ការពារទេ ព្រោះគិតថា គេចង់បានអ៊ីចឹង»។
បើតាមរបាយការណ៍នៃសកម្មភាពតំណាងរាស្ត្ររបស់គណបក្សនៅក្នុងរដ្ឋសភាទាំងពីរដែលឃ្លាំមើលដោយអង្គការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) ធ្លាប់បង្ហាញថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះមូលដ្ឋានបានច្រើនជាងគណបក្សប្រជាជនកម្ពុជា ហើយគណបក្សដែលរងគ្រោះច្រើនជាងគេ គឺគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
