រដ្ឋាភិបាល​គ្រោង​សង់​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ-ឈ្នះ

0:00 / 0:00

រាជរដ្ឋាភិបាល​ចាប់​ផ្ដើម​រៀប​គម្រោង ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ និង​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ កាល​ពី​ចុង​ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ចាត់​តាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ឲ្យ​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់ ១៩​នាក់ មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា ដើម្បី​សិក្សា​និង​រៀបចំ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រសួង​ចំនួន​បួន រួម​មាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ការពារជាតិ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អ្នក​រៀបចំ​និង​ផ្គត់ផ្គង់​ឲ្យ​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ លេច​ជា​រូបរាង​ឡើង។ សមាជិក​គណៈកម្មការ​សិក្សា​គម្រោង​ឲ្យ​ដឹង​ថា វិមាន​នោះ​នឹង​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ជាង ១៤​ហិកតារ នៅ​ខាង​មុខ​ពហុកីឡាដ្ឋាន​មរតក​តេជោ នៅ​ព្រែកភ្នៅ។

សមាជិក​គណៈកម្មការ​សិក្សា​គម្រោង​លោក​សាស្ត្រាចារ្យ ជុច ភឿន មាន​ប្រសាសន៍​ថា ប្រវត្តិ​នៃ​នយោបាយ ឈ្នះ-ឈ្នះ នឹង​យក​មក​បង្ហាញ​ជា​សាធារណៈ​តាម​ចម្លាក់​ភាពយន្ត និង​ឯកសារ​ដែល​នឹង​តាំង​នៅ​ក្នុង​បរិវេណ​វិមាន​អនុស្សាវរីយ៍​នេះ។ លោក​បន្ត​ថា នៅ​ក្នុង​បរិវេណ​វិមាន​អនុស្សាវរីយ៍​នេះ​នឹង​មាន​សង់​ស្តូប​មួយ​មាន​កម្ពស់​ទាប​បំផុត​ប្រហែល ៦០​ម៉ែត្រ។ ស្តូប​នោះ​យក​គំរូ​តាម​ប្រទេស​ជឿនលឿន ដូចជា​បារាំង អាមេរិក អ៊ីតាលី ហើយ​គេ​នឹង​ឆ្លាក់​រូប​សរសេរ​អក្សរ​ដែល​ភាគ​ច្រើន​និយាយ​ពី​ប្រវត្តិ​ធ្វើ​នយោបាយ​របស់​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា គម្រោង​នេះ​មិន​ទាន់​កំណត់​ថ្ងៃ​សាងសង់​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ប៉ាន់​ស្មាន​ថា នឹង​ត្រូវ​ចាយ​ថវិកា​អស់​ប៉ុន្មាន​ដែរ៖ «ប្រជុំ​កំណត់​គ្នា​ថា នឹង​ធ្វើ​អី​ខ្លះ ចាយ​លុយ​អស់​ប៉ុន្មាន ធ្វើ​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ»

លោក​បន្ថែម​ថា ក្រៅ​ពី​ធ្វើ​ស្តូប​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ ក៏​មាន​សាងសង់​កន្លែង​ហាត់ប្រាណ បណ្ណាល័យ​តម្កល់​ឯកសារ កន្លែង​បញ្ចាំង​ភាពយន្ត​ឯកសារ សាល​តាំង​រូបថត​ប្រវត្តិសាស្ត្រ​សិល្បៈ និង​ជា​ទីកន្លែង​សម្រាប់​សិក្សា​ស្រាវជ្រាវ។

អនុប្រធាន​គណៈកម្មការ​ធនាគារ ហិរញ្ញវត្ថុ និង​សវនកម្ម​រដ្ឋ​សភា លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ការ​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ ជា​សិទ្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​យល់​ថា បើ​ចង់​ឲ្យ​វិមាន​នេះ​មាន​សារប្រយោជន៍​ជា​ប្រវត្តិសាស្ត្រ គួរ​ណាស់​តែ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ពិត​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ដឹង។

លោក​សន្យា​ថា លោក​នឹង​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ហ្មត់ចត់​បំផុត បើ​សិន​ណា​រាជរដ្ឋាភិបាល​ចង់​យក​ថវិកា​ជាតិ​ដើម្បី​សង់​វិមាន​នេះ៖ «ការ​ប្រើប្រាស់​ថវិកា​ជាតិ​លុះតែ​ជជែក​ឲ្យ​បាន​ទូលំទូលាយ ហើយ​មិនមែន​តែ​ភាគី​កុម្មុយនិស្ត​ទេ ដែល​ជួយ​ឲ្យ​ខ្មែរ​បាន​សន្តិភាព​នោះ»

​កាល​ពី​អាណត្តិ​ទី​៤ មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ចង់​សាងសង់​រូប​សំណាក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តម្កល់​នៅ​តាម​ទីស្ដីការ​ក្រសួង​នានា ប៉ុន្តែ​គំនិត​នេះ​រង​បរាជ័យ​ដោយសារ​តែ​សាធារណជន​ទូទៅ​រិះគន់​ខ្លាំងក្លា​ពេក។ គម្រោង​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ វិញ គឺ​ធ្វើ​ឡើង​ទន្ទឹម​នឹង​ការ​សាងសង់​ពហុកីឡាដ្ឋាន​មរតក​តេជោ ជា​ទីកន្លែង​សម្រាប់​ប្រកួត​កីឡា ស៊ីហ្គេម ឆ្នាំ​២០២៣ ខណៈ​ដែល​ដី​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ជា​ស្នាដៃ​បន្សល់​ពី​សម័យ​សង្គម​រាស្ត្រនិយម ត្រូវ​បាន​រាជរដ្ឋាភិបាល​ពុះ​ច្រៀក​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​អស់​ជា​ច្រើន​ប្លង់​ហើយ​នោះ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​ផ្ដើម​គំនិត​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ លោក​បណ្ឌិត សុខ ទូច លើក​ឡើង​ថា អ្នក​នយោបាយ​ខ្មែរ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​តែងតែ​ប្រកាន់​គំនិត​វាយ​សមិទ្ធផល​ចាស់​ចោល​រួច​សង់​ថ្មី ដើម្បី​បង្ហាញ​មុខមាត់​បង្អួត​ប្រជាពលរដ្ឋ តែ​ទង្វើ​នេះ​ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​ប្រវត្តិសាស្ត្រ។ លោក​បន្ត​ថា ការ​កសាង​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​ជា​រឿង​គួរ​ឲ្យ​អបអរ ប៉ុន្តែ​បើ​សិន​គ្រាន់តែ​សាងសង់​វិមាន​សម្រាប់​បម្រើ​ប្រយោជន៍​នយោបាយ​វិញ​នោះ វា​នឹង​មិន​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ទេ៖ «អ្នក​នយោបាយ​ត្រូវ​រៀបខ្លួន​យ៉ាង​ម៉េច​ដើម្បី​ដឹកនាំ​ប្រទេស តាម​រយៈ​ការ​សិក្សា​ប្រវត្តិសាស្ត្រ»

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​សាស្ត្រាចារ្យ ជុច ភឿន បញ្ជាក់​ថា គម្រោង​សាងសង់​វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ-ឈ្នះ មិន​មែន​ធ្វើ​ឡើង​​ដើម្បី​បម្រើ​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ទេ តែ​ជា​ការ​រក្សា​ភស្តុតាង​ប្រវត្តិសាស្ត្រ និង​កសាង​វប្បធម៌​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ខ្មែរ៖ «ជីវភាព​ប្រចាំ​ថ្ងៃ​ស្អី​ទាំង​អស់ហ្នឹង​ត្រូវ​ដាក់​បញ្ចូល»

​លោក ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា នយោបាយ ឈ្នះ-ឈ្នះ ត្រូវ​បាន​ដាក់​ចេញ​តាំង​ពី​ឆ្នាំ​១៩៨៧ ក្នុង​ពេល​ដែល​លោក​ស្វែង​រក​កិច្ច​ចរចា​ជាមួយ​នឹង​សម្ដេច​ក្រុមព្រះ នរោត្តម សីហនុ ហើយ​លោក​បញ្ជាក់​ថា មាន​តែ​នយោបាយ ឈ្នះ-ឈ្នះ តែ​មួយ​គត់ ដែល​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ និង​យោធា​ខ្មែរ​ក្រហម​រលំរលាយ​ទាំង​ស្រុង​នៅ​ចុង​ទសវត្ស​ទី​៩០។ ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​ផ្នែក​នយោបាយ​លើក​ឡើង​ថា ខ្មែរក្រហម​រលំរលាយ​ដោយសារ​កត្តា​សំខាន់ៗ​មួយ​ចំនួន​រួមមាន កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នាំ​ឲ្យ​មាន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ការ​ដាក់​ខ្មែរ​ក្រហម​ឲ្យ​នៅ​ក្រៅ​ច្បាប់ នយោបាយ ឈ្នះ-ឈ្នះ របស់​លោក ហ៊ុន សែន ថៃ​ឈប់​ផ្ដល់​ទឹកដី​ឲ្យ​ជ្រកកោន ប្រទេស​ចិន ឈប់​ផ្ដល់​ជំនួយ​ជា​អាវុធ ប្រជាពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តរជាតិ​ផ្សេង​ទៀត​លែង​គាំទ្រ​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។