ការប្រកាសធ្វើកំណែទម្រង់បោះឆ្នោតរបស់រាជរដ្ឋាភិបាលពេលនេះ ផ្អែកតាមស្មារតីនៃជំនួបកំពូលរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២២ ខែតុលា របស់រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចធ្វើកំណែទម្រង់ការបោះឆ្នោតនេះជូនក្រសួងមហាផ្ទៃ អនុវត្ត។
កំណែទម្រង់បោះឆ្នោតនេះ រាជរដ្ឋាភិបាលក៏បានតម្រូវឲ្យក្រសួងមហាផ្ទៃបង្កើតសិក្ខាសាលាជាតិមួយ ដើម្បីប្រមូលអនុសាសន៍ផ្សេងៗនៅមុនដាច់ឆ្នាំ២០១៣ ជាពិសេស ត្រូវឲ្យមានតំណាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ គណបក្សនយោបាយ សង្គមស៊ីវិល អង្គការជាតិ និងតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងស្ថាប័នពាក់ព័ន្ធនានាចូលរួម។
លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កំណែទម្រង់ការបោះឆ្នោតនេះ ក្រសួងមហាផ្ទៃ កំពុងពិនិត្យនិងអនុវត្តតាមប្រកាសរាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់៖ «សេចក្តីប្រកាសព័ត៌មាននិយាយច្បាស់ណាស់ គឺយើងប្រមូលយកមតិយោបល់ពីគ្រប់ភាគីទាំងអស់ ពីតំណាងនីតិប្បញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិល ឬតំណាងគណបក្សនយោបាយដែលបានចុះបញ្ជីហ្នឹង ឬគណបក្សជាប់ការបោះឆ្នោតទាំងអស់ ដើម្បីកែទម្រង់បោះឆ្នោតយ៉ាងម៉េច»។
មន្ត្រីគណបក្សប្រឆាំងនិងសង្គមស៊ីវិលមួយចំនួន បានចាត់ទុកប្រកាសធ្វើកំណែទម្រង់ការបោះឆ្នោតរបស់រដ្ឋាភិបាល ថាបានបង្ហាញពីជំហរវិជ្ជមានមួយ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោកមានប្រសាសន៍ថា ការធ្វើកំណែទម្រង់បោះឆ្នោត ដាច់ខាតត្រូវមានការចូលរួមពីមន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ឬស្ថាប័នពាក់ព័ន្ធឲ្យបានទូលំទូលាយ។ ហើយថា កំណែទម្រង់នេះ រដ្ឋាភិបាលត្រូវតែទទួលយកអនុសាសន៍នានា របស់សង្គមស៊ីវិល ឬគណបក្សប្រឆាំងឲ្យបានច្រើន ជាពិសេស អនុសាសន៍របស់តំណាងពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដាក់បញ្ជូនទៅក្នុងកំណែទម្រង់បោះឆ្នោតនេះឲ្យបានច្រើន។
លោក យឹម សុវណ្ណ៖ «បើគណបក្សកាន់អំណាចពិតជាចង់កែទម្រង់ការបោះឆ្នោតមែន គឺត្រូវតែជជែកគ្នាជាមួយគណបក្សសង្គ្រោះជាតិ ពីព្រោះគណបក្សសង្គ្រោះជាតិ តំណាងឲ្យឆន្ទៈប្រជាពលរដ្ឋជាងកន្លះប្រទេស។ អ៊ីចឹងកិច្ចការទាំងឡាយណាដែលមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ គឺវាអត់មានន័យអីទេ ពីព្រោះគណបក្សប្រជាជនកម្ពុជា ខ្លួនឯងដែលបានរៀបចំការបោះឆ្នោតជាមួយ គ.ជ.ប កន្លងមកហ្នឹង បានបង្កើតបញ្ហាដ៏ចាក់ស្រេះ និងបង្កើតបញ្ហារហូតមកដល់សព្វថ្ងៃនេះ។ ដូច្នេះមុននឹងជំរុញទៅដល់ការកែទម្រង់ស្ថាប័នបោះឆ្នោត យើងត្រូវជជែកគ្នាពីការរៀបចំក្បាលម៉ាស៊ីនស្ថាប័នជាតិ ស្ថាប័នប្រជាធិបតេយ្យធំៗ ដែលត្រូវដោះស្រាយ មានដូចជាស្ថាប័នរដ្ឋសភា ដូចជាត្រូវដោះស្រាយវិបត្តិនយោបាយដែលបានជាប់គាំងពេលបច្ចុប្បន្ននេះ ធ្វើម៉េចឲ្យសភា និងរដ្ឋាភិបាល រៀបចំឡើងស្របតាមរដ្ឋធម្មនុញ្ញ»។
នៅមុនការបោះឆ្នោតសភានីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា មន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំងជាដើម បានទាមទារឲ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ការបោះឆ្នោត ឬប្តូរសមាសភាពដឹកនាំរបស់ស្ថាប័នបោះឆ្នោតនៅកម្ពុជា ប៉ុន្តែត្រូវរដ្ឋាភិបាលបដិសេធ និងបានច្រានចោលរាល់អនុសាសន៍ផ្សេងៗ។
ផ្តើមពីបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក បានទទូចឲ្យរដ្ឋាភិបាលត្រូវតែទទួលយកមតិ ឬអនុសាសន៍នានា ដែលមន្ត្រីសង្គមស៊ីវិល គណបក្សប្រឆាំង និងតំណាងអង្គការសហប្រជាជាតិ ផ្តល់ជូនកន្លងមក ដើម្បីធ្វើកំណែទម្រង់បោះឆ្នោតទើបមានប្រសិទ្ធភាព៖ «បញ្ហាកែទម្រង់ គឺស្ថិតនៅត្រង់ថា ភាគីទាំងអស់ស្រុះស្រួលគ្នាបង្ហាញនូវកំណែទម្រង់មួយប្រកបទៅដោយយុត្តិធម៌ កំណែទម្រង់មួយប្រកបទៅដោយភាពស្របគ្នាចំពោះមុខច្បាប់សម្រាប់គណបក្សនយោបាយទាំងអស់ហើយឬនៅ? ហើយយើងក៏សង្ឃឹមដែរថា នឹងមានការចូលរួមពីគណបក្សនយោបាយសង្គមស៊ីវិល ហើយនឹងសហគមន៍អន្តរជាតិ ដើម្បីឲ្យដំណើរការបោះឆ្នោតមានភាពប្រសើរជាងនេះ»។
យ៉ាងណាក៏ដោយ ប្រកាសរដ្ឋាភិបាលក៏បានអំពាវនាវឲ្យជនរួមជាតិ និងសហគមន៍អន្តរជាតិ ចូលរួមគាំទ្រដំណើរការកំណែទម្រង់បោះឆ្នោតឲ្យបានប្រសើរ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
