គណបក្ស​នយោបាយ​ពីរ​ផ្សេង​គ្នា​រៀបចំ​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​កក្កដា

ដោយ ម៉ម មុនីរតន៍
2016-07-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ (រូប​ឆ្វេង) នា​វត្ត​ចំបក់មាស ខណ្ឌ​ជ្រោយចង្វារ និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​​លោក កឹម សុខា (ស្ដាំ) នា​​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្លួន ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ (រូប​ឆ្វេង) នា​វត្ត​ចំបក់មាស ខណ្ឌ​ជ្រោយចង្វារ និង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​​លោក កឹម សុខា (ស្ដាំ) នា​​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ខ្លួន ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ខែ​កក្កដា​ឆ្នាំ​១៩៩៧ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA
RFA

គណបក្ស​នយោបាយ​ពីរ​ផ្សេង​គ្នា បាន​រៀបចំ​រំឭក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​ពេល​តែ​មួយ។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បដិសេធ​ថា រូប​លោក​មិន​ដែល​ក្បត់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្នុង​រឿង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ថ្ងៃ​ទី​៥-៦ កក្កដា ម្ដង​ណា​ទេ។ ដោយឡែក​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​វិញ​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​គោលការណ៍​ធម៌​អហិង្សា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ។

ទាំង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដូច​គ្នា​កាល​ពី ១៩​ឆ្នាំ​មុន​ដែរ​នោះ មិន​ចាប់​អារម្មណ៍​អ្វី​ឡើយ​ចំពោះ​ការ​រំឭក​ព្រឹត្តិការណ៍ ឬ​ធ្វើ​បុណ្យ​បញ្ជូន​កុសល​ដូច​គណបក្ស​នយោបាយ​ពីរ ដែល​បាន​រៀបចំ​រំឭក​ខួប​នៅ​ពេល​នេះ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ខាង​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិបាល នៅ​តែចងចាំ​អ្នក​បូជា​ជីវិត​មួយ​ចំនួន​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នោះ ប៉ុន្តែ​មិន​បាន​រំឭក​ដូច​បក្ស​ដទៃ​កំពុង​ធ្វើ​នា​ពេល​នេះ​ទេ។ លោក​បន្ត​ថា អ្វី​ដែល​បក្ស​កាន់​អំណាច​មិន​រៀបចំ​នេះ ដោយសារ​ហេតុការណ៍​នោះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ ដែល​ចង់​បង្កើត​ឲ្យ​ទៅ​ជា​របប​ខ្មែរ​ក្រហម​ទី​២ ឡើង​វិញ។ លោក​ថា ហេតុ​នេះ​គេ​មិន​ត្រូវ​រំឭក ឬ​ត្រូវ​តែ​កប់​ចោល​វិញ​ជា​ជាង​រក្សា​ទុក។ លោក​បន្ត​ថា «ដឹង​គុណ​អំពី​គុណ​បំណាច់​បង​ប្អូន​អ្នក​ដែល​ខិតខំ​បូជា​ជីវិត ប៉ុន្តែ​នេះ​ក៏​គួរ​តែ​បំភ្លេច​ចោល ពីព្រោះ​រឿង​ហ្នឹង​វា​ជា​បទពិសោធន៍​មិន​ល្អ»

ជុំវិញ​រដ្ឋ​ប្រហារ​ដោយ​យោធា​កាល​ពី ១៩​ឆ្នាំ​មុន អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ លោក គឹម សុខ ចោទ​ប្រកាន់​ថា មូលហេតុ​នៃ​ការ​ផ្ទុះ​អាវុធ​នេះ គឺ​ជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ពី​កម្លាំង​ដែល​ស្មោះ​ត្រង់​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន។ ក្រៅ​ពី​បំណង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នេះ​ហើយ គឺ​នៅ​មាន​ការ​លូក​ដៃ និង​មាន​ភាព​មិន​ស្មោះ​ត្រង់​នឹង​បក្ស​ដោយ​លោក ញឹក ប៊ុនឆៃ មួយ​ជាន់​ថែម​ទៀត​ផង។ លោក គឹម សុខ ថ្លែង​កាល​ពី​ថ្ងៃ​ទី​២ កក្កដា ថា មូលហេតុ​មួយ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ទៀត​ដែល​បង្កើត​ឲ្យ​មាន​រដ្ឋ​ប្រហារ​នេះ ក្នុង​នោះ​គឺ​លោក ញឹក ប៊ុនឆៃ ក៏​ជា​ដើម​ចម​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​នេះ​ដែរ។ លោក​បន្ត​ថា «គេ​សួរ​ដោយ​ឆ្ងល់ តើ​លោក ញឹក ប៊ុនឆៃ ជា​មេទ័ព​នៅ​ពេល​នោះ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិត​ជា​អ្នក​ប្រយុទ្ធ​របស់​ហ៊្វុនស៊ិនប៉ិច​មែន ឬ​ក៏​មាន​អី​ដែល​ឃុបឃិត​នឹង​គេ​ដែរ។ ទាំង​នេះ​ជា​ចំណុច​ឆ្ងល់។ មាន​ចំណុច​ច្រើន​ដែល​យើង​ឆ្ងល់។ ចំណុច​ទី​១ ដែល​យើង​មើល​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ឯកឧត្ដម ញឹក ប៊ុនឆៃ គាត់​ដែល​មាន​បញ្ហា​អី​ទេ​រហូត​ដល់​ខ្ញុំ​ស្គាល់​កូន​ចៅ​គាត់។ គាត់​ថា​ឯកឧត្តម ញឹក ប៊ុនឆៃ ហ្នឹង​ចង់​និយាយ​អី​ជាមួយ​សម្ដេច​នាយក​ហ្នឹង តេ​ទៅ​ស្មើ​ណា​ក៏​បាន និយាយ​រឿង​អី និង​កិច្ចការ​របៀប​ម៉េច​គឺ​បាន»

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​កក្កដា នៅ​វត្ត​ចំបក់មាស ក្នុង​ខណ្ឌ​ជ្រោយចង្វារ ដោយ​បដិសេធ​ថា រូប​លោក​មិន​ដែល​ក្បត់​នឹង​របប​រាជា​និយម ហើយ​ក៏​មិន​ដែល​ក្បត់​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ការ​ចោទ​ប្រកាន់​នេះ​ដែរ។ បន្ថែម​ពី​លើ​នេះ អ្វី​ដែល​កម្លាំង​របស់​លោក សម្រេច​ចិត្ត​ដក​ថយ​វិញ​កាល​ណោះ គឺ​ដើម្បី​កុំ​ឲ្យ​មាន​ឈ្មោះ​អាក្រក់​ចំពោះ​ប្រវត្តិសាស្ត្រ​ថា​បំផ្លាញ​សន្តិភាព ជាពិសេស​មិន​ចង់​ឃើញ​ខ្មែរ​បង្ហូរ​ឈាម​ឡើង​វិញ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មិន​មាន​អី​ទៅ​ក្បត់​សម្ដេច​ក្រុម​ព្រះ​ទេ។ គ្រាន់​តែ​ថា​ខ្ញុំ​ជា​មេទ័ព​មួយ ខ្ញុំ​មាន​បទពិសោធន៍។ ខ្ញុំ​សិក្សា និង​មើល​ពី​បទពិសោធន៍​ពី​ប្រទេស​ផ្សេងៗ​ជាច្រើន​ណាស់។ ឧទាហរណ៍​ថា បើ​ថ្ងៃ​នោះ​ខ្ញុំ​ប្រយុទ្ធ​យក​ស្លាប់​រស់​ទៅ​ប្រហែល​ភ្នំពេញ។ ហើយ​បើ​ឆេះ​ខ្ទេច​ទៅ គឺ​ខ្ញុំ​ប្រហែល​អាច​ត្រូវ​ព្យួរ​ក ឬ​ប្រហារ​ជីវិត​ហើយ ព្រោះ​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ទេចខ្ទី​ងាប់​អាយុ​ជីវិត​ប្រជាពលរដ្ឋ ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ទ្រព្យ​ប្រជាពលរដ្ឋ​ច្រើន​ណាស់ មិន​អាច​មាន​ថ្ងៃ​នេះ​ដែល​ខ្ញុំ​អាច​មក​ឈរ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បាន​ទេ។ ខ្ញុំ​គិត​ថា បើ​ទោះ​ជា​ខ្ញុំ​ខ្លាំង​ប៉ុណ្ណោះ​ក៏ដោយ ចុង​បញ្ចប់​ខ្ញុំ​ត្រូវ​ចាញ់​នៅ​ភ្នំពេញ ព្រោះ​កងទ័ព​ទូទាំង​ប្រទេស​មក​វាយ​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ភ្នំពេញ​មាន​តែ​កង​អង្គរក្ស​សម្ដេច​ក្រុម​ហ្នឹង»

ជុំវិញ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​៥-៦ កក្កដា អតីត​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច យល់​ឃើញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ អាច​បណ្ដាល​មក​ពី​មិន​ទុក​ចិត្ត​គ្នា​រវាង​បក្ស​ទាំង​ពីរ​នៅ​ពេល​នោះ។ ម្យ៉ាង​វិញ​ទៀត ការ​ព្យាយាម​ធ្វើ​ឲ្យ​មាន​តុល្យភាព​អំណាច​រវាង​កម្លាំង​យោធា​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដំណឹង​អំពី​ការ​មិន​បែង​ចែក​អំណាច​ស្មើ​គ្នា និង​ការ​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ ជាដើម គឺ​ជា​ដើម​ចម​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​នេះ​ឡើង។

ដោយឡែក​គណបក្ស​ប្រឆាំង​ឯណេះ​វិញ ក៏​រំឭក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា ដូច​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នេះ​ដែរ នៅ​ក្នុង​ទីស្នាក់ការ​នា​សង្កាត់​ចាក់អង្រែលើ ក្នុង​ថ្ងៃ​តែ​មួយ។ ពិធី​ដែល​រៀបចំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​នេះ លោក កឹម សុខា ពុំ​បាន​និយាយ​អ្វី​ច្រើន​ឡើយ ក្រៅ​ពី​សារ​នយោបាយ​ផ្ដោត​សំខាន់​រឿង​ព្រះ​ធម៌​ទៅ​វិញ​នោះ។ ការ​បង្ហាញ​វត្តមាន​ជា​សាធារណៈ​លើក​ទី​២ នេះ លោក កឹម សុខា បញ្ជាក់​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ប្រកាន់​គោលការណ៍​អហិង្សា និង​មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​ឡើយ ជាពិសេស​នឹង​មិន​ដឹក​នាំ​ប្រទេស​ទៅ​រក​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដូច​ថ្ងៃ​ទី​៥-៦ កក្កដា នោះ​ដែរ

ក្រៅ​ពី​គណបក្ស​នយោបាយ​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ប្រារព្ធ​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​កាល​ពី ១៩​ឆ្នាំ​មុន​នោះ គេ​សង្កេត​ឃើញ​ថា ពុំ​មាន​បក្ស​ដទៃ​ណា​មួយ​ក្រៅ​ពី​នេះ រំឭក​ព្រឹត្តិការណ៍​ដូច​នេះ​ឡើយ ជាពិសេស​គណបក្ស​នយោបាយ​ដែល​ដិតដាម និង​ស្ថិត​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​នៅ​ពេល​នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ងំ​ឈឹង​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៥-៦ កក្កដា។

ស្រប​ពេល​នេះ លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ថា កម្លាំង​រណសិរ្ស​តស៊ូ​ដែល​ស្មោះ​ត្រង់​នឹង​របប​រាជា​និយម គិត​ចាប់​ពី​ទសវត្សរ៍​ទី​៨០ បូក​រួម​ទាំង​ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ផង គឺ​មាន​នាយ​ទាហាន នាយ​ទាហាន​រង និង​ពលរដ្ឋ​បាន​ពលី​ជីវិត​ប្រមាណ​ជាង ៤​ពាន់​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

រយៈពេល១៩ឆ្នាំកន្លងមកហើយ ដែលរដ្ឋប្រហារនេះបានកើតឡើង នៅកណ្ដាលក្រុងភ្នំពេញ ហើយទាំងបណ្ដាញសារព័ត៌មាន បក្សនយោបាយប្រឆាំង រួមនឹងបក្សរងគ្រោះ ហ្វុន ស៊ីនប៉ិច ខ្លួនឯង ក្ដី ទាំងអស់នៅកម្ពុជា ហើយសូម្បីតែផ្សាយនៅថ្ងៃនេះ ក៏និយាយ ពីរឿងនេះដែរ គឺទាំងអស់គ្នានិយាយត្រឹមតែសង្គ្រាមរដ្ឋប្រហាររវាង ខ្មែរនិងខ្មែរ (ហ៊ុន សែន និង រណរិទ្ធ)។ ខ្ញុំសុំមិននិយាយសមរភូមិអូរបែកក្អមទេ ប៉ុន្ដែខ្ញុំសូមនិយាយនូវអ្វី ដែលបានឃើញផ្ទាល់ភ្នែកនៅសមរភូមិផ្ដុំសាលាស៊ីសុវត្ថិថា៖ នៅថ្ងៃទី៦កក្កដា នៅពេលដែលទាហាន ហ៊ុន សែន វាយមិនទាន់ បែកផ្ទះបញ្ជាការ ហ្វុន ស៊ិនប៉ិច នៅតាមផ្លូវធ្វើប៉ាស្ព័រកាលណោះ គឺ វេលាម៉ោងប្រហែលជាជាង២រសៀល ពេលនោះគឺក្រុម ហ៊ុន សែន បានហៅទាហានយួនជាច្រើនឡាន មកចូលចតក្នុងសាលា វិទ្យាល័យព្រះស៊ីសុវត្ថិ ហើយទាហានយួនទាំងអស់សុទ្ធតែក្មេងៗ ដោយយកស្បែកជើងចងនៅពីក្រោយចង្កេះទាំងអស់ ហើយធ្វើការ វាយសន្ធប់ទៅលើផ្ទះបញ្ជាការហ្វុន ស៊ិន ប៉ិច ដែលពេលនោះគឺមាន លី ធុច ជាមេបញ្ជាការ(ឥឡូវរត់ចូលបក្សប្រជាជនហើយ) ពួក ទាហានយួនវាយសន្ធប់តែប្រហែលជាពីរម៉ោងប៉ុណ្ណោះ វាយបែក ដោយ លីធុច នេះឯងជាអ្នកលើកក្រណាត់សចង ចុងកាណុងសុំ ចុះចាញ់។ ហើយភ្លាមៗនោះ ខ្ញុំឮសូរកញ្ចែផ្លុំដើម្បីប្រមូលទាហាន យួនទាំងអស់នោះឲ្យត្រឡប់ទៅវិញនៅម៉ោងប្រហែលខ្ទង់៦ព្រលប់ៗ ចេញទៅវិញភ្លាមៗដោយឡានទាំងអស់នោះគ្របបិទបាំងតង់ជិតទាំងអស់។
នេះជាសច្ចធម៌ប្រវត្តសាស្ត្រនៃការរងគ្រោះពីជនក្បត់ជាតិសាសន៍ឯងនៃក្រុម ហ៊ុនសែន គឺក្រុមនេះពិតជាមិនអាចរើខ្លួនរួចពីយួនហាណូយ បានទេ គឺពួកនេះនៅជំពាក់គុណយួនជានិច្ច។
ឥច្ចឹងហើយ ចូរបងប្អូនមើលឲ្យកាន់តែច្បាស់ថា ការដឹកនាំពួកនេះ គ្មានគិតអ្វី ពីរឿង"សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ កេរ្តរ៍ឈ្មោះជាតិលើ ឆាកអន្តរជាតិអ្វីនោះទេ" គឺពួកនេះវាគិតតែពីផលប្រយោជន៍ និង អំណាចនៃបនបក្សពួកតែប៉ុណ្ណោះ និងរិះរកគ្រប់មធ្យោបាយបន្តការ គ្រប់គ្រងអំណាចនិងរិះរកគ្រប់មធយោបាយដើម្បីផ្ទេរអំណាចទៅឲ្យកូនចៅពួកវានេះតទៅទៀតតែប៉ុណ្ណោះ។
ម្យ៉ាងទៀត ក៏សូមឲ្យបណ្ដាញព័ត៌មាននៅកម្ពុជា និងបក្ស ហ្វុន ស៊ិនប៉ិច ខ្លួនឯង (ទាំងភាគីរណរិទ្ធ និងញ៉ឹក ប៊ុនឆៃ) តើក្លាហានហ៊ាននិយាយការពិតប្រាប់ទៅសាធារណជនថា តើរឿងពិតនោះ រដ្ឋប្រហារថ្ងៃទី០៥និង០៦ កក្កដា ឆ្នាំ១៩៩៧ គឺពិតជាមានការធ្វើអន្តរាគមន៍យ៉ាងពិតប្រាកដពីសំណាក់ទាហានយួនដែលក្រុម ហ៊ុន សែន បានហៅមកឲ្យជួយច្បាំងនិងជួយសម្លាប់ខ្មែរ យើងនោះផងដែរឬទេ???៕

Jul 06, 2016 10:26 PM

Roth

តើអាស៊ីសេរីយល់យ៉ាងណាដែរចំពោះការនាំកំលាំងខ្មែរក្រហមចូលក្រុងភ្នំពេញដើម្បីតុល្យភាពកំលាំងយោធា? បើសិនហ៊ុន សែនបណ្តោយអោយវាកើតឡើងនៅពេលនោះមែន ម៉្លេះទាំងអាស៊ីសេរី ទាំងខ្ញុំគ្មានពេលសរសេរនិងអានអត្ថបទនេះទេមើលទៅ។

Jul 06, 2016 11:26 AM

អ្នក​អាន​អនាមិក

What side was he on, the toad on the left? Wasn't it he who ordered to shell Ranadrith's army?

Jul 06, 2016 11:15 AM

គេហទំព័រ​ទាំងមូល