បក្ស​ប្រឆាំង​ចោទ​ថា​មាន​មនុស្ស​ប៉ុនប៉ង​បំភ័យ​ពលរដ្ឋ​ដោយ​ដាក់​បង្កៃ​គ្រាប់​បែក

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ សង្ស័យ​ថា គ្រាប់​បែក​ដៃ​១​គ្រាប់ ដែល​គេ​ប្រទះ​ឃើញ​នៅ​ជិត​វេទិកា​ជួប​ជុំ​ម្ចាស់​ឆ្នោត​នា​ឯ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា នោះ អាច​ជា​ការ​រៀប​ចំ​របស់​មនុស្ស​មួយ​ក្រុម ក្នុង​បំណង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ចូល​រួម​សម្ដែង​មតិ អំពី​ការ​ជំទាស់​លទ្ធផល​ឆ្នោត។

0:00 / 0:00

ការ​សង្ស័យ​នេះ នៅ​ស្រប​ពេល​ដែល​សមត្ថកិច្ច​របស់​ខេត្ត​សៀមរាប អះអាង​ថា គឺ​ជា​គ្រាប់​បែក​ចាស់​ដែល​ទំនង​ជា​កប់​នៅ​ក្រោម​ដី​បាត​ស្ទឹង​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ គេ​ប្រទះ​ឃើញ​នៅ​ពេល​ដែល​មាន​ការ​ស្ដារ​អាចម៍​ដី​ចេញ​ពី​ស្ទឹង​នោះ។

តើ​សង្គម​ស៊ីវិល យល់​ឃើញ​បែប​ណា​ចំពោះ​គ្រាប់​បែក​ដែល​គេ​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ?

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស ក្នុង​ខេត្ត​សៀមរាប កំពុង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​គ្រាប់​បែក​ដៃ​១​គ្រាប់ ប្រភេទ អិម ៦៩ (M69) ដែល​គេ​ប្រទះ​ឃើញ​នៅ​ជាប់​របង​វត្ត​គង់ម៉ុច ក្នុង​ភូមិ​កក្រាញ់ សង្កាត់​សៀមរាប ដែល​ជា​កន្លែង​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់​បាន​ជួប​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។

ការ​ស៊ើប​អង្កេត គឺ​ក្នុង​គោល​បំណង​ស្វែង​រក​ការ​ពិត​ឱ្យ​បាន​ច្បាស់​លាស់ ថា​តើ​គ្រាប់​បែក​ដៃ​ដែល​ផលិត​នៅ​សហរដ្ឋ​អាមេរិក ១​គ្រាប់​នោះ គឺ​ជា​គ្រឿង​ផ្ទុះ​ដែល​កប់​ក្រោម​ដី សេសសល់​ពី​សម័យ​សង្គ្រាម ឬ​ក៏​ជា​ចេតនា​របស់​ជន​ណា​មួយ ដើម្បី​គំរាម​កំហែង​ដល់​មហាជន មិន​ឱ្យ​ជួប​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ?

អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​សៀមរាប គឺ លោក នូ ពុទ្ធិ។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​របស់​លោក​បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ទៅ​លើ​ករណី​គ្រាប់​បែក​ដៃ​នោះ​មួយ​ជំហាន​ហើយ។ អ្នក​សម្រប​សម្រួល​ដដែល បាន​បញ្ជាក់​ថា ក្នុង​ការ​សាកសួរ​ប្រភព​ព័ត៌មាន​មួយ​ចំនួន​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ បាន​អះអាង​ថា មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ពិធី​ជួប​ជុំ គឺ​គេ​បាន​ទៅ​ត្រួសត្រាយ​ស្មៅ​សម្អាត​ទី​នោះ ក៏ប៉ុន្តែ មិន​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ដៃ​នោះ​ទេ។ ចំណែក​កម្មករ​ថែ និង​ដាំ​ស្មៅ​នៅ​តាម​ដង​ស្ទឹង​មួយ​ក្រុម​ទៀត បាន​បញ្ជាក់​ថា ពួក​គេ​តែង​តែ​ទៅ​ជម្រះ​ស្មៅ និង​កាយ​ដី​នៅ​ទីតាំង​នោះ យក​ធ្វើ​ជា​កន្លែង​ជ្រក​ម្លប់ ក៏ប៉ុន្តែ គេ​មិន​ដែល​ឃើញ​គ្រាប់​បែក​ឡើយ។

អង្គការ​សិទ្ធិ​មនុស្ស បាន​សង្ស័យ​ថា គ្រាប់​បែក​ដៃ​នោះ​អាច​មាន​ជន​ណា​ម្នាក់​យក​ទៅ​ដាក់ ក្នុង​ចេតនា​គំរាម​កំហែង​ប្រជាពលរដ្ឋ​ឱ្យ​លែង​ហ៊ាន​ជួប​ប្រជុំ​ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​តវ៉ា​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ពេល​ខាង​មុខ​ទៀត៖ «ជា​ផ្នែក​មួយ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​មាន​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ។ នៅ​ពេល​ដែល​ឃើញ​បំណែក​ផ្ទុះ​នៅ​ក្បែរ​នោះ អីចឹង​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​វា​ស្ដែង​ចេញ​មក​ពី​អ្វី? បើ​សិន​ជា​កើត​ឡើង​ដោយសារ​កំណាយ​ហ្នឹង​មែន យើង​ក៏​នឹង​ជម្រាប​ទៅ​ឱ្យ​បង​ប្អូន​យើង​ហ្នឹង ជៀសវាង​ការ​ភ័យ​ព្រួយ ប៉ុន្តែ បើ​សិន​ជា​ហេតុ​កើត​ឡើង​ដោយសារ​មនុស្ស ក៏​ស្នើសុំ​ឱ្យ​ខាង​សមត្ថកិច្ច​សិក្សា ហើយ​នាំ​ខ្លួន​អ្នក​បង្ក​មក​ប្រឈម​មុខ និង​ការ​ទទួល​ខុស​ត្រូវ​ករណី​នេះ»

កាល​ពី​ថ្ងៃ​ទី១២ ខែ​កញ្ញា កន្លង​ទៅ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក កឹម សុខា ជា​អនុ​ប្រធាន បាន​ជួប​ប្រជុំ​ជាមួយ​ម្ចាស់​ឆ្នោត​រាប់​ពាន់​នាក់​នៅ​ជាយ​ទីក្រុង​សៀមរាប ជាប់​របង​សាលា​បឋម​សិក្សា គង់ម៉ុច ដើម្បី​ស្វែង​រក​ការ​តស៊ូ​មតិ ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ប្រកាស​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​នោះ។ នៅ​ពេល​ដែល​ហ្វូង​មនុស្ស​រាប់​ពាន់​នាក់ បាន​រំសាយ​ពី​ការ​ជួប​ជុំ គឺ​គេ​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ច្រែះ​ចាប់ ១​គ្រាប់ ស្ថិត​នៅ​ជាប់​របង​វត្ត​គង់ម៉ុច ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ នៃ​វេទិកា​ជួប​ជុំ។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​សន្តិសុខ​ផ្ទៃ​ក្នុង លោក ញឹក កែវ បាន​ទៅ​ពិនិត្យ​មើល​ស្ថានភាព​គ្រាប់​បែក​ដៃ​នោះ។ លោក ញឹក កែវ បាន​អះអាង​ថា គ្រាប់​បែក​ដៃ​ប្រភេទ អិម ៦៩ មួយ​គ្រាប់​នោះ មិន​អាច​ជា​ចេតនា​របស់​ជន​ណា​មួយ ដែល​គំរាម​កំហែង​ទៅ​លើ​ការ​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង​ទេ។ លោក ញឹក កែវ បាន​បញ្ជាក់​ថា គ្រាប់​បែក​ដៃ​នេះ​ចាស់​ណាស់​ទៅ​ហើយ ដែល​អាច​សេសសល់​ពី​សម័យ​សង្គ្រាម៖ «ខ្ញុំ​ពិនិត្យ​ជាក់ស្ដែង អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ គឺ​គ្រាប់​បែក​ចាស់​ពី​សម័យ​សង្គ្រាម អាច​ថា​វា​នៅ​ចុង​នៃ​សម័យ​សាធារណរដ្ឋ​របស់ លន់ នល់ ព្រោះ​ប្រភេទ​គ្រាប់​បែក​នេះ តាម​ជំនាញ​របស់ ស៊ីម៉ាក់ (CMAC) ក៏​បញ្ជាក់​ដែរ​ថា ជា​គ្រាប់​បែក​ផលិត​នៅ​អាមេរិក។ រួច​ដល់​ហើយ​កន្លែង​ហ្នឹង គឺ​ជា​ដី​ប្រប​មាត់​ស្ទឹង ដែល​យើង​រៀប​ចំ​សម្អាត​ស្ទឹង​សៀមរាប នេះ»

ទោះ​យ៉ាង​ណា អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ថែម​ទៀត ជៀសវាង​គ្រាន់​តែ​ពិនិត្យ​ជា​បឋម ហើយ​សន្និដ្ឋាន​ថា​ជា​គ្រាប់​សេសសល់​ពី​សង្គ្រាម ដោយ​គេ​ប្រទះ​ឃើញ​បន្ទាប់​ពី​ស្ដារ​កាយ​អាចម៍​ដី​ពី​ស្ទឹង​នោះ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​សៀមរាប អ្នកស្រី ម៉ៅ យិន បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​ព្រួយ​បារម្ភ​ចំពោះ​ការ​ជួប​ប្រជុំ​ផ្សេងៗ​រវាង​ប្រជាពលរដ្ឋ ជាមួយ​គណបក្ស​ប្រឆាំង៖ «សង្ស័យ​ថា​អា​ហ្នឹង គឺ​មាន​ជន​ណា​យក​មក​ដាក់ ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ឱ្យ​ភ័យ​ខ្លាច កុំ​ឱ្យ​ចូល​រួម​ក្នុង​ការងារ​ជួប​ប្រជុំ​អី​ជាមួយ​គាត់»

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហាញ​ជំហរ​ថា គេ​នឹង​មិន​ភ័យ​ខ្លាច​ចំពោះ​ការ​ទៅ​ចូល​រួម​ប្រជុំ​ជាមួយ​គណបក្ស​ប្រឆាំង នៅ​ពេល​ខាង​មុខ​ទៀត​ទេ បើ​ទោះ​បី​ជា​គេ​ដឹង​ថា មាន​គ្រាប់​បែក​ដៃ​នៅ​ជិត​វេទិកា​ដែល​អាច​ជា​ការ​គំរាម​ក៏ដោយ។

មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​សង្គម​ស៊ីវិល ដែល​កំពុង​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​ទាន់​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​បញ្ហា​គ្រឿង​ផ្ទុះ​នោះ​ទេ ពីព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​សមត្ថកិច្ច។ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ករណី​នោះ​ឱ្យ​បាន​ច្បាស់​លាស់។

លោក កឹម សុខា បាន​បញ្ជាក់​ថា ការ​ប្រទះ​ឃើញ​គ្រឿង​ផ្ទុះ​នៅ​ជិត​កន្លែង​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ធ្លាប់​មាន​ទេ កាល​ពី​មុនៗ​មក៖ «វា​ជា​រឿង​មួយ​ចម្លែក​ណាស់! ពី​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ​មក អត់​ដែល​មាន​ទេ ដល់​ឮ​សូរ​ថា​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ការ​តវ៉ា វា​ចេះ​តែ​កើត​នៅ​កន្លែង​នេះ កន្លែង​នោះ​ហ្នឹង សូម​ឱ្យ​ប្រជាពលរដ្ឋ​លោក​ពិចារណា។ នេះ​គឺ​តាម​ខ្ញុំ​យល់ គេ​ធ្វើ​ដើម្បី​បំភិត​បំភ័យ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ការ​សម្ដែង​មតិ​ទេ ហើយ​យើង​ជា​ប្រជាពលរដ្ឋ សូម​កុំ​ចាញ់​កលល្បិច​របស់​គេ​ឱ្យ​សោះ វា​គ្រាន់​តែ​ជា​ការ​គំរាម​ប្រយោល​ប៉ុណ្ណឹង​ទេ។ យើង​ត្រូវ​តែ​បន្ត​ធ្វើ​ការ​តស៊ូ ដោយ​អហិង្សា​ត​ទៅ​ទៀត ដើម្បី​សម្រេច​ឆន្ទៈ​របស់​យើង​ជា​ម្ចាស់​ឆ្នោត»

សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើ​ការ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ចំពោះ​មហា​បាតុកម្ម​អហិង្សា​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត ដែល​នឹង​គ្រោង​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​នឹង​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ​នេះ។ ការ​ព្រួយ​បារម្ភ​បន្ទាប់​គេ​ដឹង​ថា កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី១៣ ខែ​កញ្ញា គេ​បាន​ប្រទះ​ឃើញ​គ្រាប់​ផ្ទុះ​ប្រភេទ អិម ៧៩ (M79) មួយ​ចំនួន ដែល​គេ​ផ្លុង​ចោល​នៅ​ជិត​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ និង​នៅ​មុខ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ក៏​គេ​បាន​ប្រទះ​ឃើញ​ម្សៅ​ជាតិ​ផ្ទុះ​មួយ​ប្រភេទ​ទៀត ដែល​ដាក់​ផ្លុង​ចោល​នៅ​ក្នុង​ប៊ីដុង​ទឹក​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។