ហេតុអ្វី​អាជ្ញាធរ​នៅ​តែ​មិន​អាច​បំបែក​សំណុំ​រឿង​បោក​គ្រាប់បែក​មុខ​អតីត​រដ្ឋសភា?

ដោយ ថា កិត្យា
2016-03-30
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
៣០-មីនា-២០១៦៖ ពលរដ្ឋ​ចូល​រួម​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​រដ្ឋ​សភា។
៣០-មីនា-២០១៦៖ ពលរដ្ឋ​ចូល​រួម​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​រដ្ឋ​សភា។
RFA/Tha Kitya

ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ គឺ​ជា​ខួប​គម្រប់ ១៩​ឆ្នាំ នៃ​ព្រឹត្តិការណ៍​វាយប្រហារ​គ្រាប់បែកដៃ​ទៅ​លើ​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង។ គ្រួសារ​ជនរងគ្រោះ​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌ ទោះបីជា​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី។ សង្គម​ស៊ីវិល​អះអាង​ថា ការ​ដែល​ជាប់​គាំង​សំណុំរឿង​ដ៏​រសើប​នេះ ព្រោះ​អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ប៉ុន្តែ​កន្លង​មក​អាជ្ញាធរ​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា សំណុំ​រឿង​នេះ​គេ​មិន​ទាន់​បិទ​នៅ​ឡើយ។

ព្រឹត្តិការណ៍​បោក​គ្រាប់បែក ៤​គ្រាប់ លើ​ហ្វូង​បាតុករ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​កន្លង​ផុត​ទៅ ១៩​ឆ្នាំ​ហើយ ប៉ុន្តែ​គ្មាន​ឡើយ​ពន្លឺ​យុត្តិធម៌​សម្រាប់​គ្រួសារ​ជនរងគ្រោះ។ ក្រុម​គ្រួសារ​ជនរងគ្រោះ​នៅ​តែ​ប្រកាស​ទាមទារ​រក​យុត្តិធម៌ និង​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ដោយ​ស្មោះ​ត្រង់ ដើម្បី​នាំ​យក​អ្នកបញ្ជា និង​ឃាតក​ពិត​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់។

លោកស្រី ពៅ ហេង មាន​វ័យ​ជាង ៧០​ឆ្នាំ ដែល​បាត់​បង់ជីវិត​កូនស្រី​ម្នាក់ និង​ក្មួយ​ស្រី​ម្នាក់​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ កាល​ពី ១៩​ឆ្នាំ​មុន​នោះ សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ នៅ​តែ​ពុំ​មាន​លទ្ធផល។ លោកស្រី​បន្ត​រៀបរាប់​ថា ប្រសិនបើ​អាជ្ញាធរ​ពិត​ជា​មាន​ឆន្ទៈ​នោះ រឿង​នេះ​មិន​អូស​បន្លាយ​រាប់​សិប​ឆ្នាំ​ដូច្នេះ​ទេ ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ស្វែង​រក​ការពិត បាន​ត្រឹមតែ​និយាយ​សន្យា​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ស្ងប់​ចិត្ត និង​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ៖ «សូម​ជួយ​រក​យុត្តិធម៌​អោយ​កូន​ខ្ញុំ​ផង។ ខ្ញុំ​ចាស់​ហើយ ដូច្នេះ​ចង់​ដឹង​ថា រឿង​នេះ​វា​ដល់​ណា​ហើយ»

ដូច​រាល់​ឆ្នាំ​ដែរ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា គណបក្ស​ប្រឆាំង​តែងតែ​នាំ​គ្នា​ទៅ​ជួបជុំ​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​ចេតិយ​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​នា​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ក្បែរ​ព្រះបរមរាជវាំង។ ក្នុង​ពេល​នោះ សាច់ញាតិ​ជនរងគ្រោះ​ក៏​យក​រូបថត​ជនរងគ្រោះ​ដាក់​តម្រៀប​គ្នា ពាក់​កម្រងផ្កា និង​មាន​មនុស្ស​ជា​ច្រើន​នាក់​ចូល​រួម ព្រម​ទាំង​ព្រះសង្ឃ​ផង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឲ្យ​ដឹង​ថា ពិធី​បង្សុកូល​នៅ​ឆ្នាំ​នេះ ទោះ​បី​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ក្តី ប៉ុន្តែ​លោក​នឹង​ចូលរួម​តាមរយៈ​វីដេអូ ​ខនហ្វើរិន (Video Conference)។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​ថា តើ​លោក សម រង្ស៊ី នឹង​ថ្លែង​សារ​នយោបាយ​អ្វី​ខ្លះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា នេះ​ទេ? ប៉ុន្តែ​ទាក់ទង​នឹង​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​វិញ លោក​គ្មាន​ជំនឿ​ថា សមត្ថកិច្ច​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ​រឿង​ក្ដី​នេះ​ទេ ព្រោះ​វា​មានការ​ផ្សារភ្ជាប់​ក្នុង​រឿង​នយោបាយ​នៅ​ពី​ក្រោយ​ខ្នង។ ដូច្នេះ​រឿង​នេះ អាច​រើ​កកាយ​បាន​ទាល់តែ​មាន​ការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង៖ «តាម​ធម្មតា​ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បាត់បង់​ជីវិត​មនុស្ស​បែប​នេះ គឺ​ត្រូវ​តែ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ តុលាការ ក៏​ប៉ុន្តែ​ដោយសារ​គណបក្ស​ប្រជាជន​នៅ​គ្រប់គ្រង​អំណាច​នៅ​ឡើយ ដូច្នេះ​មិន​ដឹង​ហេតុផល​អី​បាន​ជា​មក​ទល់​ពេល​នេះ នៅ​តែ​មិន​អាច​រក​ឃាតក​ឃើញ»

ក្នុង​ពិធី​រំលឹក​ព្រឹត្តិការណ៍​គប់​គ្រាប់បែកដៃ​កាល​ពី​ពេល​កន្លង​ទៅ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា អ្នក​ដែល​បញ្ជា​ឲ្យ​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា និង​អ្នក​ប្រព្រឹត្ត​ដោយ​ផ្ទាល់​នឹង​ត្រូវ​ប្រឈមមុខ​ពី​បទ​ឧក្រិដ្ឋ។

ការ​ប្រកាស​ដូច​នេះ​របស់​មេ​បក្ស​សង្គ្រោះ​ជាតិ កាល​ណោះ​ធ្វើ​ឡើង​ចំ​ពេល​មាន​បណ្ដឹង​ជាច្រើន​សំណុំ​រឿង​ពី​បទ​ប្រឆាំង​មនុស្សជាតិ និង​បទល្មើស​ឧក្រិដ្ឋ ដែល​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​រីឯ​ក្រសួង​មហាផ្ទៃ តែងតែ​ឆ្លើយ​ថា ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល​ពុំ​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​ស្រាវជ្រាវ​រក​ជន​ដៃដល់​ម្ដង​ណា​ឡើយ ហើយ​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ទៀត​សោត កំពុង​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​នៅ​ឡើយ​ដែរ ប៉ុន្តែ​ការ​ស្រាវជ្រាវ​នោះ មិន​ទាន់​ជឿនលឿន​ទៅ​មុខ​ទេ ព្រោះ​បាត់បង់​តម្រុយ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ជា​ច្រើន​លើក​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ និង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ មាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​ចំនួន ៤​គ្រាប់ ទៅ​លើ​ហ្វូង​បាតុករ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម​លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​ពីមុខ​អតីត​អគារ​រដ្ឋសភា។

មាន​មនុស្ស​យ៉ាង​តិច​ប្រមាណ ១៦​នាក់​បាន​ស្លាប់ និង​ជាង ១៥០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​នៅ​ពេល​នោះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ជន​ប្រព្រឹត្តិ​មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​មក​ផ្ដន្ទាទោស​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​វាយ​ប្រហារ​នោះ ថា​ជា​ចេតនា​របស់​រដ្ឋាភិបាល​ក្នុង​ការ​កម្ទេច​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ លើក​ឡើង​ដែរ​ថា ការ​វាយ​ប្រហារ​នេះ អាច​ពាក់ព័ន្ធ​នឹង​កង​អង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក សុភាព មាន​ប្រសាសន៍​ថា ករណី​គប់​គ្រាប់បែក​នេះ គឺ​បាន​បង្ហាញ​ច្បាស់​ថា សមត្ថកិច្ច និង​ប្រព័ន្ធ​តុលាការ​កម្ពុជា អសមត្ថភាព ឬ​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បំបែក​សំណុំរឿង​ដ៏​រសើប​មួយ​នេះ។ លោកស្រី​បន្ត​ថា អាជ្ញាធរ និង​ប្រព័ន្ធ​តុលាការ គួរ​តែ​បំពេញ​តួនាទី​ខ្លួន​ឯង​ឲ្យ​មាន​ឯករាជភាព ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា៖ «ខ្ញុំ​គិត​ថា វា​អាច​នឹង​មាន​យុត្តិធម៌ ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បំពេញ​តួនាទី​ទៅ​តាម​អំណាច និង​យុត្តាធិការ​របស់​ខ្លួន»

ការ​អនុវត្ត​របស់​តុលាការ​នេះ ត្រូវ​បាន​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​មាន​និយាម​ពីរ​ផ្សេង​គ្នា។ ការ​វាយ​ប្រហារ​គ្រាប់បែក​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ដែល​អូស​បន្លាយ​ពេល​ជិត ២០​ឆ្នាំ​មក​ហើយ​នេះ មិន​ត្រូវ​បាន​តុលាការ ឬ​រដ្ឋាភិបាល​ចាប់​បាន​ជន​ដៃដល់​និង​បក្សពួក​យក​ផ្ដន្ទាទោស​នោះ​ឡើយ ទោះបីជា​មាន​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​ក្ដី ប៉ុន្តែ​បើ​សំណុំរឿង​ទាក់ទង​រដ្ឋាភិបាល​វិញ ដូចជា​តុលាការ បាន​ចាប់​ខ្លួន​យុវជន និង​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​ចាប់​ដាក់គុក​ជា​បន្តបន្ទាប់។

សង្គម​ស៊ីវិល​លើក​ឡើង​ដែរ​ថា ទោះ​បី​ជា​កម្ពុជា បាន​ហែល​ឆ្លង​កាត់​របប​នយោបាយ​ជា​ច្រើន​សម័យកាល​ក៏ដោយ ប៉ុន្តែ​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ នៅតែ​បន្ត​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ។ គិត​ចាប់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ បញ្ហា​និទ្ទណ្ឌភាព បាន​បង្ហាញ​អោយ​ឃើញ​មិន​អាច​បំភ្លៃ​បាន។ ថ្នាក់ដឹកនាំ និង​កម្មាភិបាល​ខ្មែរក្រហម​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ប្រមាណ ១,២​លាន​នាក់។ មាន​តែ​មេដឹកនាំ​ជាន់​ខ្ពស់​តែ​ប៉ុន្មាន​រូប​ប៉ុណ្ណោះ ត្រូវ​បាន​នាំ​យក​មក​ជំនុំជម្រះ ដោយ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា។ នៅ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ផែនការ "ក​៥'' ប្រជាជន​ជា​ច្រើន​ម៉ឺន​នាក់ ត្រូវ​បាន​ក្រុម​រដ្ឋាភិបាល​បង្ខំ​អោយ​ទៅ​កាប់​ព្រៃ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស។ កាល​ណោះ មនុស្ស​ជា​ច្រើន​ណាស់​បាន​ស្លាប់​ដោយ​គ្រាប់មីន និង​ជំងឺ​គ្រុនចាញ់ ហើយ​ពុំ​មាន​ការ​កាត់​ទោស​មេដឹកនាំ​ណា​មួយ​ចំពោះ​បទឧក្រិដ្ឋ​នេះ​ឡើយ។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា សកម្មជន​បក្ស​ប្រឆាំង សកម្មជន​បរិស្ថាន អ្នក​សារព័ត៌មាន អ្នកដឹកនាំ​សហជីព ត្រូវ​បាន​គេ​សម្លាប់ ហើយ​ក្នុង​ករណី​ខ្លះ ឃាតក​ត្រូវ​បាន​គេ​ស្គាល់ តែ​ពុំ​ត្រូវ​បាន​ស៊ើប​អង្កេត ចោទ​ប្រកាន់ ឬ​ដាក់ទោស​ឡើយ។ អំពើ​និទ្ទណ្ឌភាព​ទាំង​នោះ រួម​មាន​ករណី​កម្មករ​ស្លាប់​ក្នុង​ហេតុការណ៍ សមត្ថកិច្ច​ប្រើ​ហិង្សា​បាញ់​បង្ក្រាប​ការ​តវ៉ា លើ​ផ្លូវ​វ៉េងស្រេង និង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គ​ការពារ​ធនធាន​ធម្មជាតិ ជាដើម។

ងាក​មក​ករណី​បោក​គ្រាប់បែក​នេះ​វិញ លោក សម រង្ស៊ី ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ ក៏ប៉ុន្តែ​ដោយសារ​កត្តា​នយោបាយ​មិន​អំណោយផល​សម្រាប់​បុគ្គល លោក​បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នេះ​វិញ ដែល​គេ​ដឹង​ថា ការ​ដក​ពាក្យ​ប្ដឹង​វិញ​របស់​លោក សម រង្ស៊ី កាល​នោះ ជា​ថ្នូរ​នឹង​ការ​វិល​ចូល​ស្រុក​វិញ​របស់​លោក ខណៈ​លោក​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ៕ TT

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (6)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Evil dictator VS Hague justice of peace

Keep remind to ICC ,reappeal or to review the cases that had been applied for years to take a serious action to bring this war criminal conspiracy to face justice in Hague Netherlands "justice will be reveal".

Mar 30, 2016 09:56 AM

Evil dictator VS Hague justice of peace

Keep remind to ICC ,reappeal or to review the cases that had been applied for years to take a serious action to bring this war criminal conspiracy to face justice in Hague Netherlands "justice will be reveal".

Mar 30, 2016 09:55 AM

អ្នក​អាន​អនាមិក

ហេតុអ្វីបានជា ខ្មែរខ្លះ គាំទ្រ ឃាតករ សម្លាប់ប្រជាជន កម្មករកម្មការីនី ទៅវិញ !
តើ សារជាតិខ្មែរខ្លះ នឹង ជាមនុស្ស ឬ សត្វ ?

Mar 30, 2016 09:17 AM

អ្នក​អាន​អនាមិក

ក្មេងបៀមដៃឥឡូវឆ្លាតណាស់ វាក៏អាចយល់ដឹងថាអ្នកណានៅពីក្រោយការបោកគ្រាប់បែកនេះដែរ ។បុគ្គលពាលនៅពីក្រោយការបោកគ្រាប់បែក រាល់ថ្ងៃនេះបាននិងកំពុងរំលោភច្បាប់ជាតិច្បាប់រដ្ធធម្មនុញស្រស់ៗលើគោកៗ យកតុលាការជាឈ្នាន់ យកប៉ូលិសទាហានបង្រ្កាបការទាមទារតវ៉ារកយុត្តិធម៌របស់រាស្រ្ត ប្រើគ្រប់ស្ថាប័នជាតិគ្រប់ក្រសួងដើម្បីកំទេចអ្នកស្លូតត្រង់ ដូចជាថ្មីៗនេះកំពុងយកសភាជាតិ យកសូម្បីតែក្រសួងប្រឆាំងអំពើពុករលួយមកបំបែកបក្សប្រឆាំងជាដើម នេះគឺសបញ្ជាក់ពីការដឹងថាខ្លួនកំពុងលែងមាននអ្នកគាំទ្រ និងសបញ្ជាក់ពីការអស់ច្រកដើររបស់ខ្លួន ព្រោះតែការជិះជាន់ធ្វើទុក្ខបុកម្នេញប្រជានុរាស្រ្តដ៏យូរឆ្នាំរបស់ខ្លួន។

Mar 30, 2016 09:08 AM

អ្នក​អាន​អនាមិក

ម៉េចហ៊ាន បំបែកសំណុំរឿង បោកគ្រាប់បែកនៅមុខអតីតរដ្ឋសភា ពីព្រោះ ហ៊ុន សែន ជាមេក្លោងឃាតករ !

Mar 30, 2016 02:15 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល