លោក ហេង សំរិន រំពឹង​ថា​លោក ហ៊ុន សែន នឹង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ពេល​ធ្វើ​ប្រធាន​បក្ស

0:00 / 0:00

ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋសភា លោក ហេង សំរិន រំពឹង​ទុក​ថា លោក ហ៊ុន សែន នឹង​ដឹក​នាំ​ប្រទេស​បន្ត​សម្រេច​បាន​ជោគជ័យ និង​ទាក់ទាញ​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ថែម​ទៀត ក្រោយ​ពី លោក ហ៊ុន សែន បាន​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​យល់​ឃើញ​ផ្សេង​ពី​ក្តី​រំពឹង​របស់ លោក ហេង សំរិន ទៅ​វិញ ព្រោះ​ថា លោក ហ៊ុន សែន មិន​មែន​តែ​ទើប​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ទេ លោក ហ៊ុន សែន បាន​ដឹក​នាំ​ប្រទេស​ជាង ២០​ឆ្នាំ​មក​ហើយ តែ​ភាព​រីក​ចម្រើន​របស់​កម្ពុជា មាន​សន្ទុះ​យឺត និង​បញ្ហា​ជាច្រើន​កើត​ឡើង​នៅ​ក្នុង​សង្គម។

មិន​ខុស​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ដែល​តែង​ជូន​ពរ​គ្នា នៅ​ពេល​បាន​ឡើង​កាន់​តំណែង​អ្វី​មួយ លោក ហេង សំរិន ជា​ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​លិខិត​ជូន​ពរ​លោក​ប្រធាន​បក្ស​ថ្មី​ដែល​ជា​ដៃគូ​ចាស់​របស់​លោក ក្នុង​ឱកាស​ដែល លោក ហ៊ុន សែន ត្រូវ​បាន​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស បោះ​ឆ្នោត​ជា​កញ្ចប់​តែង​តាំង​ជា​ប្រធាន​បក្ស​នោះ។

លោក ហេង សំរិន ថ្លែង​នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២ មិថុនា នេះ​ថា លោក​មាន​ជំនឿ​លើ​រូប លោក ហ៊ុន សែន នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ផ្ទុយ​ស្រឡះ​ពី​ក្តី​សង្ឃឹម​របស់ លោក ហេង សំរិន អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា តែង​តែ​ផ្ញើ​សារ​បែប​នេះ​ដែល​ជា​សារ​ជូន​ពរ​ខ្ពស់​ហួស​ពី​សមត្ថភាព​បុគ្គល​ដែល​ខ្លួន​ជូន​ពរ។ លោក កែម ឡី រិះគន់​ចំៗ​ថា ការ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​ប្រធាន​បក្ស​ផង និង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ផង ជា​ភ័ព្វ​អាក្រក់​របស់​កម្ពុជា វិញ​ទេ៖ «មិន​មាន​ការ​កោត​សរសើរ​ថា​ល្អ​ទេ នេះ​ជា​ភ័ព្វ​អាក្រក់ ព្រោះ​គាត់ (លោក ហ៊ុន សែន) ដឹក​នាំ​ប្រទេស​ជាង ៣០​ឆ្នាំ​ហើយ ស្ថានភាព​ប្រទេស​កម្ពុជា គឺ​មាន​រីក​ចម្រើន​តិចតួច​ផ្នែក​ហេដ្ឋារចនាសម្ពន្ធ»

លោក កែម ឡី បន្ត​ថា ការ​ដឹក​នាំ​ប្រទេស​ជាង ២០​ឆ្នាំ​មក​នេះ អ្វី​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ លោក ហ៊ុន សែន ស្ទើរ​តែ​ធ្វើ​មិន​បាន​ទាំងអស់ ដូចជា មិន​អាច​រំដោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ធនធាន​ធម្មជាតិ​នៅ​តែ​បំផ្លាញ បញ្ហា​ការពារ​បូរណភាព​ដែនដី និង​ជម្លោះ​ដីធ្លី​នៅ​តែ​កើត​ឡើង ជាដើម។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ចំនួន ៥០៦​សំឡេង​ក្នុង​ចំណោម​សំឡេង​សរុប ៥០៧​សំឡេង បាន​បោះ​ឆ្នោត​ជូន លោក ហ៊ុន សែន ធ្វើ​ជា​ប្រធាន​បក្ស និង​លោក ស ខេង ព្រម​ទាំង លោក សាយ ឈុំ ជា​អនុប្រធាន​បក្ស​ដែល​គេ​បោះ​ជា​កញ្ចប់​តែ​ម្ដង​គ្មាន​គូប្រកួត។

សន្លឹក​ឆ្នោត​ដែល​បែក​ធ្លាយ​តាម​បណ្ដាញ​សង្គម មិន​បាន​ដាក់​បេក្ខភាព​ឥស្សរជន​គណបក្ស​នេះ​ផ្សេង​ទៀត​ក្រៅ​ពី​អ្នក​ទាំង​បី​នាក់​នេះ​ទេ គ្រាន់​តែ​ប្រអប់​ដែល​ត្រូវ​បំពេញ​នោះ​មាន​ពាក្យ​យល់ព្រម មិន​យល់ព្រម និង​អនុបវាទ។

ចំណែក​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ លោក ហួន សំបូរ និយាយ​ថា ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន កន្លង​មក បាន​ធ្វើ​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​ជាច្រើន​រក​ចំណូល​បាន​ត្រឹម​តែ​រស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​គ្មាន​សល់​អ្វី​នោះ​ទេ។ អ្នក​ខ្លះ​ទៀត​ជួប​បញ្ហា​លំបាក ពិសេស​ពេល​ឈឺ​គ្មាន​លុយ​ព្យាបាល​ជំងឺ។ បុរស​អ្នក​រត់​ម៉ូតូ​ឌុប​រូប​នេះ ចង់​ឃើញ​ការ​ដឹក​នាំ​របស់ លោក ហ៊ុន សែន មាន​ការ​រីក​ចម្រើន​ជាង​នេះ៖ «បាន​ទប់​ត្រឹម​រស់ វា​មិន​បាន​សល់​ដូច​គេ អ្នក​ណា​ដឹក​នាំ​ដឹក​នាំ​ទៅ ឲ្យ​តែ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ជាង​នេះ»

មុន​ពេល​មរណភាព លោក ជា ស៊ីម លោក ហ៊ុន សែន ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អនុប្រធាន​ដ៏​មាន​ឥទ្ធិពល។ ប៉ុន្តែ​ប្រជាប្រិយភាព​គណបក្ស​នេះ បាន​បាត់បង់​កៅអី ២២​កៅអី កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២១០៣ ក្រោម​ការ​ដឹក​នាំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មិន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​តួនាទី​ជា​ប្រធាន​គណបក្ស​របស់ លោក ហ៊ុន សែន ទេ ព្រោះ លោក ហ៊ុន សែន បាន​ធ្វើ​ការ​នេះ​ជា​យូរ​មក​ហើយ​តាំង​ពី លោក ជា ស៊ីម មាន​ជំងឺ​ធ្ងន់។ លោក​បន្ត​ថា លោក​ទទួល​បាន​ប្រជាប្រិយភាព​គណបក្ស​នេះ គឺ​អាស្រ័យ​ទៅ​លើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​វិញ​ទេ ដែល​សព្វថ្ងៃ​កំពុង​ដឹក​នាំ​ប្រទេស៖ «ចាំ​មើល​តិច​ទៀត​មើល! ថា​តើ​គណបក្ស​ប្រជាជន មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​អត់? ព្រោះ​នៅ​បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន មាន​ការ​កែ​ទម្រង់​តិចតួច​នៅ​ឡើយ»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​លោក​ថា លោក ហ៊ុន សែន ប្រាប់​ទៅ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សន្និបាត​លើក​ទី​៣៨ នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា កុំ​ដេក​ស៊ី​កេរ ៧​មករា ត្រូវ​តែ​សកម្ម និង​បំពេញ​តម្រូវ​ការ​ប្រជាពលរដ្ឋ។

ទោះ​បែប​នេះ​ក្តី អ្នក​វិភាគ​សង្គម និង​សង្គម​ស៊ីវិល​និយាយ​ថា ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​មិន​ដូច​អ្វី​ដែល​និយាយ​នោះ ប្រហែល​ជា​ម្ចាស់​ឆ្នោត​មិន​សប្បាយ​ចិត្ត​ឲ្យ​គណបក្ស​នេះ​ដឹក​នាំ​ប្រទេស​ទៀត​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។