ក្រុម​ស្រាវជ្រាវ​ជប៉ុន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ក្នុង​ពេល​បោះ​ឆ្នោត​នៅ​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2014.10.22
កួម៉ាម៉ារុ យុជិ (Kumamaru Yuji) ៦២០ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក កួម៉ាម៉ារុ យុជិ (Kumamaru Yuji) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Tin Zakariya

ក្រុម​ស្រាវជ្រាវ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​ជប៉ុន បាន​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ក្រុម​បច្ចេកទេស​គណបក្ស​ទាំង​ពីរ​រួម​គ្នា​ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​២២ តុលា នៅ​ឯ​វិមាន​រដ្ឋសភា។

ភាគី​ជប៉ុន បាន​លើក​ឡើង​ថា ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​អាស្រ័យ​លើ​គណបក្ស​ទាំង​ពីរ​ចង់​បាន ហើយ​ថា កម្ពុជា ជា​ប្រទេស​មួយ​ដែល​ជប៉ុន ចាប់​អារម្មណ៍​លើ​ការ​បោះ​ឆ្នោត​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង កាល​ពី​ឆ្នាំ​១៩៩៣ មក ហើយ​ជប៉ុន ចង់​ឃើញ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ដ៏​ល្អ​មួយ​នៅ​ពេល​ខាង​មុខ។

តំណាង​រដ្ឋាភិបាល​ជប៉ុន បាន​ជួប​តំណាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង​បាន​បង្ហាញ​លទ្ធផល​នៃ​បញ្ហា​បោះ​ឆ្នោត​កន្លង​មក ថា​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ទំនាស់​ក្រោយ​ពេល​បោះ​ឆ្នោត។

បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​ជប៉ុន បាន​រក​ឃើញ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ នោះ គឺ​មាន​បញ្ហា​ច្បាប់ កង្វះ​ខាត​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត ភាព​មិន​ទុក​ចិត្ត​របស់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ.ជ.ប និង​ការ​ដោះស្រាយ​វិវាទ​មិន​បាន​ត្រឹមត្រូវ ជាដើម។

ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក កួម៉ាម៉ារុ យុជិ (Kumamaru Yuji) មាន​ប្រសាសន៍​ថា ក្រុម​ស្រាវជ្រាវ​ជប៉ុន បាន​បង្ហាញ​អំពី​លទ្ធផល​ដែល​ក្រុម​តាម​ដាន​ការ​បោះ​ឆ្នោត​នេះ បាន​មក​សិក្សា​អំពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពី​ខែ​ឧសភា កន្លង​ទៅ។ លោក​បញ្ជាក់​ថា ជប៉ុន ចង់​ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​នីតិវិធី​បោះ​ឆ្នោត និង​អាច​លើក​កម្ពស់​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ កម្ពុជា ត្រូវ​ជំរុញ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាជន​ទូទៅ នៅ​ពេល​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​បញ្ហា​សំខាន់​នោះ គឺ​ត្រូវ​រៀបចំ​បញ្ជី​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ថ្មី៖ «យើង​តែង​តែ​ដើរ​តួនាទី​ទាំង​នេះ​តាំង​ពី​កម្ពុជា ស្ដារ​ឡើង​វិញ​នូវ​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩២-១៩៩៣។ យើង​បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​ចំពោះ​តំបន់​នេះ ហើយ​ខ្ញុំ​គិត​ថា វា​មាន​សារសំខាន់​ដែល​កម្ពុជា នឹង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ទាំង​នយោបាយ និង​សេដ្ឋកិច្ច ហើយ​យើង​ចង់​ជួយ​ផង​ដែរ កន្លែង​ណា​ដែល​យើង​អាច​ជួយ​បាន»

ឯកអគ្គរាជទូត​ជប៉ុន កួម៉ាម៉ារុ បញ្ជាក់​ថា បញ្ហា​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ដែល​ក្រុម​ការងារ​ជប៉ុន បាន​មក​បង្ហាញ​អំពី​លទ្ធផល​នៅ​ពេល​នេះ ក៏ប៉ុន្តែ​ក្រុម​ការងារ​ជប៉ុន នឹង​ធ្វើ​ការ​ពិភាក្សា​បន្ត​ទៀត​ជាមួយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ តែ​សំខាន់ អ្វី​ដែល​ជប៉ុន អាច​ជួយ​បាន​នោះ អាស្រ័យ​លើ​ការ​ចង់​បាន​របស់​គណបក្ស​ទាំង​ពីរ ថា​តើ​ចង់​ឲ្យ​ជប៉ុន ជួយ​លើ​ផ្នែក​បោះ​ឆ្នោត​នេះ​ក្នុង​កម្រិត​ណា?

ក្រុម​ស្រាវជ្រាវ​ជប៉ុន បាន​មក​បង្ហាញ​លទ្ធផល​នៃ​ការ​រក​ឃើញ​ការ​ស្រាវជ្រាវ​របស់​ខ្លួន​កន្លង​មក​នោះ មាន​បី​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ ក្រុម​តាម​ដាន​ការ​បោះ​ឆ្នោត​ជប៉ុន នេះ បាន​ជួប​ជាមួយ​តំណាង​ក្រុម​បច្ចេកទេស ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ ដំណាក់​កាល​ទី​២ ជួប​ជាមួយ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ គឺ​លោក ប៊ិន ឈិន ក៏ប៉ុន្តែ​ជា​ការ​ប្រជុំ​បិទ​ទ្វារ ដោយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ទៅ​ក្នុង​បរិវេណ​សភា យក​ព័ត៌មាន និង​មិន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ឡើយ​ក្រោយ​ពី​ជំនួប​នោះ។

រហូត​ដល់​ដំណាក់​កាល​ទី​៣ ទើប​គេ​អនុញ្ញាត​ឲ្យ​ចូល​សភា គឺ​នៅ​ពេល​ក្រុម​ស្រាវជ្រាវ​ជប៉ុន ជួប​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​ពី​ម៉ោង ១១ ដល់​ម៉ោង ១២ និង ២០​នាទី​ថ្ងៃ​ត្រង់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ តុលា។

ចំណែក​ខាង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ថ្លែង​ឲ្យ​ដឹង​នៅ​ក្រោយ​ពេល​ជំនួប​នោះ​ថា ជប៉ុន ចង់​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​លើក​នេះ គឺ​ភាគី​ទាំងអស់​អាច​ទទួល​យក​បាន ធានា​និរន្តរភាព​នៃ​ការ​បោះ​ឆ្នោត ការ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ​ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត​គ្រប់​គ្នា និង​ជៀសវាង​នូវ​វិបត្តិ​បោះ​ឆ្នោត។ លោក គួយ ប៊ុនរឿន សង្កត់​ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​បញ្ជី​បោះ​ឆ្នោត​ថ្មី ដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (Electronic) និង​ទាមទារ​ឲ្យ​ជប៉ុន បន្ត​ឃ្លាំ​មើល​កិច្ច​ព្រមព្រៀង​របស់​គណបក្ស​ទាំង​ពីរ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត៖ «ទី​២ យើង​ចង់​ឲ្យ​មាន​ការ​ពន្លឿន​ការ​រៀបចំ​នៃ​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​ហ្នឹង​ឲ្យ​បាន​លឿន ហើយ​ទី​៣ យើង​ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ចេញ​ប្រញាប់ ដោយសារ​គោលដៅ​នៃ​ជំនួយ​របស់​ជប៉ុន គឺ​រង់ចាំ​នៃ​ភាគី​កម្ពុជា មាន​ការ​ស្រុះស្រួល​គ្នា​ជ្រើស​រើស​យក​កំណែ​ទម្រង់​របៀប​ណា ហើយ​ជាពិសេស​ចំណុច​ដែល​មាន​ចែង​ក្នុង​ការ​ព្រមព្រៀង​កន្លង​មក គឺ​ការ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី»

លោក គួយ ប៊ុនរឿន បន្ថែម​ថា ប្រសិន​បើ​ជប៉ុន នឹង​ជួយ​រៀបចំ​ប្រព័ន្ធ​បោះ​ឆ្នោត​ថ្មី​នោះ គ.ជ.ប.ថ្មី​នឹង​ស្នើសុំ​អ្នក​ជំនាញ​ពី​ជប៉ុន ដើម្បី​មក​ជួយ​រៀបចំ​ដោយ​ផ្ទាល់​នៅ​ពេល​ខាង​មុខ។ លោក​បញ្ជាក់​ថា ជប៉ុន ក៏​រក​ឃើញ​ថា បញ្ជី​បោះ​ឆ្នោត​ចាស់​មាន​បញ្ហា។ ដូច្នេះ បញ្ហា​ចម្បង គឺ គ.ជ.ប.ថ្មី ត្រូវ​តែ​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី ហើយ​និង​សុំ​ជំនួយ​ពី​ជប៉ុន អំពី​បញ្ហា​នេះ។

ទាក់ទង​បញ្ហា​នេះ​ដែរ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) និង​តំណាង​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អឺរ៉ា (ERA) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ជប៉ុន មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ ទទួល​យក​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ឲ្យ​ស្រប​តាម​និយាម​អន្តរជាតិ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល ឬ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​អនុវត្ត​កិច្ច​សន្យា​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ជៀសវាង​នូវ​បញ្ហា​នៅ​ពេល​បោះ​ឆ្នោត។

ក្រុម​ស្រាវជ្រាវ​ជប៉ុន មក​ជួប​តំណាង​គណបក្ស​ទាំង​ពីរ​នេះ នៅ​ខណៈ​ក្រុម​បច្ចេកទេស​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ កំពុង​តែ​ធ្វើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ តំណាង​គណបក្ស​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​នៅ​ត្រង់​ចំណុច​ការ​ជ្រើស​រើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប.ថ្មី ហើយ​នឹង​យក​ចំណុច​ខ្វែង​គំនិត​គ្នា​ដាក់​ជូន​ថ្នាក់​ដឹក​នាំ បន្ទាប់​មក​នឹង​ជជែក​គ្នា​ជា​ថ្មី​ទៀត​នៅ​ដើម​សប្ដាហ៍​ក្រោយ។

ជប៉ុន នឹង​មាន​ដំណាក់​កាល​ទី​២​ទៀត​ក្នុង​ការ​ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នេះ នៅ​បន្ទាប់​ពី​គណបក្ស​ទាំង​ពីរ​បាន​រៀបចំ​ស្ថាប័ន​បោះ​ឆ្នោត​រួច​រាល់​នៅ​ពេល​ខាង​មុខ។ ក្រុម​ស្រាវជ្រាវ​ជប៉ុន នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ជប៉ុន ដើម្បី​ស្វែង​យល់​អំពី​បទពិសោធន៍​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ជប៉ុន រៀបចំ​ផែនការ​ជាក់​លាក់​អំពី​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។